ការ​វិនិយោគ​វិស័យ​ទេសចរណ៍​កម្ពុជា​នៅតែ​រក្សា​បាន​ចំណុច​ខ្លាំង

ការ​វិនិយោគ​វិស័យ​ទេសចរណ៍​កម្ពុជា​នៅតែ​រក្សា​បាន​ចំណុច​ខ្លាំង



ភ្នំពេញ ​៖ ​លោក ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បាន​លើក​ឡើង​ថា​ សព្វថ្ងៃ​ការវិនិយោគ​វិស័យ​ទេសចរណ៍​កម្ពុជា​នៅតែ​រក្សា​បាន​ចំណុច​ខ្លាំង​ដដែល។ លោក​ថា ការវិនិយោគ​ក្នុង​វិស័យនេះ​បានមកពី​ការរួមចំណែក​ធំ​ជាង​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ និង​វិស័យ​កសិកម្ម។ តួលេខ​វិនិយោគ​ខ្ពស់​លើ​វិស័យ​ទេសចរណ៍​កម្ពុជា​បានមកពី​គម្រោង​វិនិយោគ​ធំៗ​លើ​ផ្នែក​សណ្ឋាគារ​លំដាប់​ខ្ពស់ ​និង​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​សំខាន់ៗ​នៅ​កម្ពុជា។

រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​បាន​ឈានមុខ​គេ​ក្នុងចំណោម​ការ វិនិយោគ​វិស័យ​សំខាន់ៗ​របស់​កម្ពុជា​ ដោយ​សម្រេច​បាន​ក្នុង​ទឹកប្រាក់​ជាង​២​ម៉ឺន​លាន​ដុល្លារ។ យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ចំណែក​ដល់​ទៅ​រង្វង់​៥០%​នៃ​ការ​វិនិយោគ​សរុប​ ខណៈ​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​មាន​ចំណែក​រង្វង់ ២៥% និង​វិស័យ​សេវាកម្ម​មាន​ចំណែក​២០%។

កាលពី​ឆ្នាំ​២០១៥​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិប្រមាណ​ជាជាង​៤​លាន​នាក់។ នៅ​ឆ្នាំ​២០១៦​នេះ​ក្រសួងទេសចរណ៍​រំពឹង​ថា ​នឹង​ទទួល​បាន​ដល់​ជាង​៥​លាន​នាក់​។ វិស័យ​ទេសចរណ៍​នេះ ចែកចេញជា ៥​ផ្នែក​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មានការ​រីកចម្រើន​ ទី​១-​ទេសចរណ៍​វប្បធម៌ ​៖​ ការធ្វើដំណើរ​កម្សាន្ត​តាម​តំបន់​ដែល​មាន​ប្រាសាទបុរាណ វត្ត​អារាម ទីកន្លែង​សក្ការបូជា ប្រពៃណី ទំនៀមទម្លាប់ ល្បែង​ប្រជាប្រិយ របាំ​ប្រជាប្រិយ សំលៀកបំពាក់​ជាដើម។ ទី​២-​ទេសចរណ៍ធម្មជាតិ ៖ ការធ្វើដំណើរ​កម្សាន្ត​តាម​តំបន់​ដែលមាន​សម្រស់​ធម្មជាតិ​ទូទៅ បរិស្ថាន​នៃ​តំបន់​ដែល​បាន​ការពារ​សត្វព្រៃ មច្ឆជាតិ និង​របៀប​គ្រប់គ្រង ការរស់នៅ ជំនឿ ប្រពៃណី​ទំនៀមទម្លាប់​នៃ​ជនជាតិភាគតិច។ ទី​៣- ទេសចរណ៍​អ​រូបិយ ៖ ធ្វើដំណើរ​កម្សាន្ត​ទៅ​តំបន់​ដែល​ទាក់ទង​ទៅនឹង​សាសនា។ ទី​៤-​ទេសចរណ៍​កែច្នៃ ៖ ធ្វើដំណើរ​កម្សាន្ត​តាម​តំបន់​ដែល​បានប្រែក្លាយ​ទៅជា​រមណីយដ្ឋាន កន្លែង​កម្សាន្ត មជ្ឈមណ្ឌល​កីឡា និង​កន្លែង​មាន​ពន្លឺ​ព្រះអាទិត្យ​គ្រប់គ្រាន់ ដូចជា : ឆ្នេរ​សមុទ្ទ ជាដើម។ ទី​៥-​ទេសចរណ៍​ជំនួញ ៖ ធ្វើដំណើរ​កម្សាន្ត​លំហែ​របស់​អ្នក​បណ្ដាក់ទុន​ដើម្បី​ស្វែងរក​ទីកន្លែង​សម្រាប់​វិនិយោគ។ បញ្ហា​នេះ​ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍៕