សហគ្រិន​ស្ត្រី​កម្ពុជា​អះអាងថា « សមាជិក​ខ្លួន​នៅតែ​ប្រឈម​នឹង​ផល​លំបាក នៃ​ការនាំចេញ​នៅឡើយ »

សហគ្រិន​ស្ត្រី​កម្ពុជា​អះអាងថា « សមាជិក​ខ្លួន​នៅតែ​ប្រឈម​នឹង​ផល​លំបាក នៃ​ការនាំចេញ​នៅឡើយ »



ភ្នំពេញ ​៖ ​ដោយសារតែ​សហគ្រិន​ស្ត្រី​នៅ​កម្ពុ​ជា​មាន​ទម្លាប់​ធ្វើ​អាជីវកម្ម តាម​បែប​លក្ខណៈ​គ្រួសារ និង​មិន​មាន​លក្ខណៈ​ជា​ក្រុមហ៊ុន​ស្តង់ដារ ហើយ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈមមុខ​ការនាំចេញ ដោយសារ​ផលិតភាព​នៅ​ទាប​នៅឡើយ។

លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​ថ្លែងប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ផលិតភាព​របស់​សហគ្រិន​ក្នុងស្រុក​បាន​នាំចេញ​ផលិតផល​ខ្លួន​បាន​តិចតួច​នៅឡើយ ហើយ​ការនាំចេញ​កន្លង​មកជា​លក្ខណៈ​តូចតាច ដោយសារតែ​បញ្ហា​ប្រឈម​រឿង​ហិរញ្ញវត្ថុ ទីផ្សារ និង​វត្ថុធាតុដើម​ដែល​កម្ពុ​ជាមាន​តិចតួច​។

លោកស្រី​បាន​បន្តទៀតថា ថ្វីបើ​សមាជិក​សហគ្រិន​ស្ត្រី​កម្ពុ​ជាថ្មីៗ​នេះ ខាង​ធនាគារ​ឲ្យ​ខ្ចីលុយ​នោះ​មែន​ក៏ដោយ ប៉ុន្តែ​លុះត្រា​តែមាន​អចលនទ្រព្យ​ទើប​គេ​ឲ្យ​លុយ​ហើយ​ជាក់ស្តែង​ទឹក​លុយ​ដែល​អាច​ខ្ចី​បាន​នោះ​ត្រឹម ៣០% ប៉ុណ្ណោះ មិនអាច​យកមក​ពង្រីក​អាជីវកម្ម​បាន​នោះទេ។ លោកស្រី​បាន​បញ្ជាក់ថា តាម​បទពិសោធន៍​របស់​ក្រុមហ៊ុន នំ​ស្រួយ​លី​លី បាន​ជ្រើស​យក​វត្ថុធាតុដើម​ដែល​អាច​កែច្នៃ​បាន​មាន​អង្ករ និង​ពោត ជាដើម ដែល​អាច​យកមក​កែច្នៃ​បន្ថែម ដើម្បី​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ »​។​

ចំណែក លោក អោម សេង​ប៉ូ​រ៉ា ស្ថាបនិក CEO Master Club បាន​ថ្លែង​បញ្ជាក់​ថា ដើម្បី​ពង្រឹង​ស្តង់ដារ​ត្រូវ​ពង្រឹង​ពី​ថ្នាក់ដឹកនាំ​ពី​ខ្លួនឯង​ឲ្យ​មាន​ស្តង់ដារ​ជាមុន​សិន ហើយ​រួចមក​ត្រូវ​ពង្រឹង​ក្រុមការងារ និង​ប្រព័ន្ធ​គ្រប់ផ្នែក​ត្រូវមាន​នីតិវិធី​ធ្វើការ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន។ លោក​បាន​បន្តទៀត​ថា បើសិនជា​សហគ្រិន​មិនបាន​រៀបចំ​ខ្លួន​ទេ ការប្រកួតប្រជែង​មិន​ខ្លាំង​ទេ ហើយ​អាច​នឹង​ងាយ​រងគ្រោះ​ជាងគេ ហើយ​បើសិនជា​ពង្រឹង​ខ្លួន​បាន​នោះ អាចជា​ដៃគូរ​ជាមួយ​ក្រុមហ៊ុន​មកពី​បរទេស​បាន​។​

លោក​បាន​បន្ថែមថា បើ​ផលិតផល​សហគ្រិន​ផលិត​មិន​គិត​ស្តង់ដារ​ទេនោះ គេ​ចូលមក​មានការ​ទាក់ទាញ​ខ្លាំង​មាន​ស្តង់ដារ​អាច​ជួប​បញ្ហា ហើយ​សហគ្រិន​កម្ពុជា​ត្រូវតែ​ផលិត​ឲ្យ​មាន​ស្តង់ដារ​កុំ​ផលិត​ដើម្បី​តែ​ការប្រកួតប្រជែង​ក្នុងស្រុក​ជាមួយ​គ្នាឯង​។ កន្លងមក​ខាង CEO Master Club ធ្លាប់បាន​បណ្តុះបណ្តាល​ស​ហ​គ្រិន​ស្ត្រី​បាន​សរុប​ចំនួន ១៤១ នាក់​មកហើយ ដែលជា​ម្ចាស់​អាជីវ​កម្មបាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​លើ​ការពង្រឹង​សមត្ថភាព​លើ​អាជីវកម្ម​របស់ខ្លួន ដើម្បី​ឈានដល់​ការប្រកួតប្រជែង​។

សម្រាប់​អ្នកជំនាញ​វិញ រំពឹងថា នៅពេល​ខាងមុខនេះ​បើសិនជា​សហគ្រិន​នៅ​កម្ពុជា​មិនបាន​ពង្រឹង​ខ្លួន​ទេនោះ ការប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន នឹងមាន​ហានិភ័យ​កាន់តែ​ខ្ពស់ជាង​មុន៕