អ្នក​នាំ​ពាក្យ ​៖ ​ក្រសួង​ការបរទេស​មាន​សិទ្ធិ​បញ្ជូន​សំណើ​ករណី​បុគ្គលិក​UN​ ទៅ​តុលាការ​ តែ​គ្មាន​សិទ្ធិ​សម្រេច

អ្នក​នាំ​ពាក្យ ​៖ ​ក្រសួង​ការបរទេស​មាន​សិទ្ធិ​បញ្ជូន​សំណើ​ករណី​បុគ្គលិក​UN​ ទៅ​តុលាការ​ តែ​គ្មាន​សិទ្ធិ​សម្រេច



ភ្នំពេញ ​៖​ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អះអាង​ថា ក្រសួង​ការបរទេស​បាន​បញ្ជូន​សំណើ​ទាក់ទង​អភ័យឯកសិទ្ធិ​របស់​លោក​សឺ​ន សាលី ​បុគ្គលិក​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ (UN) ទៅ​សមត្ថកិច្ច​រួចហើយ ប៉ុន្តែ​ការសម្រេច​យ៉ាងណា អាស្រ័យ​ទៅលើ​តុលាការ។

ការ​សម្រេច​បញ្ជូន​ឈ្មោះ​បុគ្គលិក​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ​(UN)​ ទៅ​សមត្ថកិច្ច​នេះ ​បន្ទាប់ពី​ឈ្មោះ​សឺ​ន សាលី ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី ទាក់ទង​ការណែនាំ​ឲ្យ​ស្រី​មុំ​និយាយ​កុហក​ប្រាប់​សមត្ថកិច្ច។

ទាក់ទង​បញ្ហា​នេះ ​លោក​ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦​ថា បន្ទាប់ពី​បញ្ជូន​ឯកសារ​ទៅ​សមត្ថកិច្ច​រួច ដូចជា​អត់​មាន​ការវិវត្តន៍​អ្វី​បន្ត​ទៀត​ទេ គឺ​តុលាការ​អត់​មាន​ចំណាត់​ការ​បន្ត​ទៀត​ទេ។

លោក​បញ្ជាក់​ថា “​ក្រសួង​បាន​បញ្ជូន​ទៅ​តាំងពី​២​សប្ដាហ៍​មុន ហើយ​បញ្ហា​នេះ ដោយសារតែ​កន្លងមក​ការិយាល័យ​សម្របសម្រួល​របស់​អង្គការសហប្រជាជាតិ​ពុំបាន​ផ្តល់​បញ្ជីរាយនាម​មន្ត្រី​របស់ខ្លួន ដែលមាន​អភ័យឯកសិទ្ធិ​មកកាន់​ក្រសួងការបរទេស​ទេ ដូច្នេះ​ខាង​ក្រសួង​អត់​បានដឹងថា មន្ត្រី​ណាខ្លះ​មាន​អភ័យឯកសិទ្ធិ​នោះទេ ពីព្រោះ​នៅក្នុង​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ មិនមែន​មានន័យថា មន្ត្រី​ទាំងអស់​សុទ្ធ​តែមាន​អភ័យឯកសិទ្ធិ​នោះទេ ហើយ​នៅពេល​មាន​បញ្ហា​នោះ​ទើប​ការិយាល័យ​សម្របសម្រួល​របស់​អង្គការសហប្រជាជាតិ​បានផ្តល់​បញ្ជី​មក​ក្រសួងការបរទេស​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ហើយ​ក្នុងនោះ​យើង​ឃើញ​មានឈ្មោះ​លោក សឺ​ន សាលី មាន​អភ័យឯកសិទ្ធិ​ដែរ”។

តាម​លោក ជុំ សុន្ទរី បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ ក្រសួង​ក៏បាន​បញ្ជូន​ឈ្មោះ​នេះ​ទៅ​សមត្ថកិច្ច ដោយ​ស្នើ​ឲ្យ​ពិនិត្យ​លើ​ករណី​នេះ ហើយ​មកដល់ពេលនេះ យើង​ឃើញ​ថា អត់​មាន​បញ្ហា​អ្វី​កើតឡើង​បន្ថែម​ទៀត​ទេ។

ដោយឡែក​ទាក់ទង​សំណួរ​ថា តើ​អភ័យឯកសិទ្ធិ​អាច​រារាំង​ចំណាត់ការ​របស់​សមត្ថកិច្ច​បាន​ដែរ​ឬទេ? លោក ជុំ សុន្ទរី អះអាងថា ភារកិច្ច​របស់​ក្រសួងការបរទេស គឺ​ពិនិត្យ​មើលថា តើ​អ្នកណា​មាន​អភ័យឯកសិទ្ធិ ហើយ​យើង​បញ្ជូន​ករណី​នោះ​ទៅ​សមត្ថកិច្ច​ជាមួយ​នឹង​សំណើ ប៉ុន្តែ​ការ​សម្រេច គឺជា​អំណាច​របស់​តុលាការ ពីព្រោះ​អំណាចនីតិប្រតិបត្តិ​មិន​មាន​សិទ្ធិ​ទៅ​បញ្ជា ឬ​សម្រេច​លើ​អំណាចតុលាការ​ទេ គឺមាន​សិទ្ធិ​គ្រាន់តែ​បញ្ជូន​សំណើ​ប៉ុណ្ណោះ តែ​ការសម្រេច​អាស្រ័យ​តុលាការ៕