កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​2​នៅ​អាស៊ាន​លើ​ចំនួន​អ្នក​ជាវ​សេវា​ទូរស័ព្ទ​ច្រើន​ជាងគេ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដើមឆ្នាំ​២០១៦ ចំនួន​អ្នក​ជាវ​សេវា​ទូរស័ព្ទ​មាន​ប្រមាណ​២១​លាន​នាក់ គឺ​ស្មើនឹង​១៣៩​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ។ លើស​ពី​នេះ​ទៀត ចំនួន​អ្នក​ជាវ​សេវា​អីុ​ន​ធើ​រ​ណេ​ត​ក៏​មានការ​កើនឡើង​ផង​ដែរ គឺ​មាន​ប្រមាណ​៦,៧​លាន​នាក់ ស្មើនឹង​៤៥%​នៃ​ប្រជាពលរដ្ឋ​សរុប ដែល​ញ៉ាំង​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក ត្រាំ អីុវ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន Huawei Technogies Co., LTD និង​ក្រុមហ៊ុន Star Digital MUD TV Co., LTD ក្នុង​គម្រោង​វិនិយោគ​និង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ដើម្បី​រៀបចំ​ដំណើរការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា 4G/LTE កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា នៅ​សណ្ឋាគារ​ឡឺ រ៉ូ​យ៉ា​ល់ លោក​រដ្ឋមន្ត្រី ត្រាំ អីុវ​តឹក បាន​មាន​ប្រសាសន៍​ថា ៖ « ដោយសារ​តែ​មាន​អ្នក​ជាវ​សេវា​ទូរស័ព្ទ​ច្រើន​បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ នៃ​ចំនួន​អ្នក​ជាវ​សេវា​ទូរស័ព្ទ​នៅ​ក្នុង​ចំណោម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ។ លើស​ពី​នេះ​ទៀត សេវា​អីុ​ន​ធើ​រ​ណេ​ត​ក៏​មានការ​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ ដោយ​គិត​ត្រឹម​ដើមឆ្នាំ​២០១៦ មាន​អ្នក​ជាវ​សេវា​​ប្រមាណ​ជា​៦,៧​លាន​នាក់ គឺ​ស្មើនឹង​៤៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប » ។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា ៖ « រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មី​ៗ តួយ៉ាង​បច្ចេកវិទ្យា​ចុង​ក្រោយ​គឺ 4G/LTE ត្រូវ​បាន អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ដាក់​ប្រើប្រាស់​ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​តាំងពី ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​សព្វថ្ងៃ​សេវា​ដ៏​សម្បូរ​បែប​នេះ​កំពុង​តែ​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត និង​ការ​រស់នៅ​របស់​ពួក​គេ » ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ៖ « វិស័យ​ទូរគមនាគមន៍​/​បច្ចេកវិទ្យា គមនាគមន៍​និង​ព័ត៌មាន ជា​អន្តរ​វិស័យ​ដ៏​មាន​សារសំខាន់​សម្រាប់​ព​ន្លឿ​ន​ដល់​ការ​អភិវឌ្ឍ​វិស័យ​ដទៃ​ទៀត ។

ដោយឡែក នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន វិស័យ​នេះ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​លើ​សមាហរណកម្ម​តំបន់ និង​កា​រត​ភ្ជាប់ ជា​ពិសេស អីុន​ធើ​រ​ណេ​ត​បាន​និង​កំពុង​ក្លាយជា​ចំណែក​សំខាន់​មួយ​នៃ​ការ​កសាង​សហគមន៍ និង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ព្រមទាំង​បាន​ចូលរួម​អភិវឌ្ឍន៍ និង​កំណើន​នៃ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម និង​សេដ្ឋកិច្ច » ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ៖ « កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​ភាព​ប្រកួតប្រជែង​រវាង​ប្រតិបត្តិ​ករ​ដទៃ​ទៀត​កាន់តែ​មាន​ភាព​តានតឹង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា​ពិសេស នៅ​ពេល​ដែល​កម្ពុជា​បាន​ផ្ដើម​ចូល​ជា​សមាជិកសមាគម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ដើមឆ្នាំ​២០១៦​នេះ ការ​ប្រកួតប្រជែង​វា​ជា​បញ្ហា ប៉ុន្តែ​វា​ក៏​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ផង​ដែរ » ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ « ការ​វិនិយោគ និង​ការ​រៀបចំ​ដំណើរការ​នូវ​បច្ចេកវិទ្យា​ថ្មី 4G/LTE នេះ មិន​ត្រឹមតែ​ផ្តល់​នូវ​ឧត្តមភាព​ប្រកួតប្រជែង​ដល់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្កើន​នូវ​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់​ដែល​មាន​ភាព​បត់បែន​តាម​សភាពការណ៍​នៃ​ការ​រីក​ចម្រើន​របស់​សង្គម​នា​ពេល​បច្ចុប្បន្ន និង​នាំ​មក​នូវ​កំណើន​ចំណូល​សម្រាប់​ក្រុម​ហ៊ុន​ផង​ដែរ » ៕