រថយន្ត​១គ្រឿងត្រូវលប​ប្រហារទាំង​យប់

ខេត្តរតនគិរី ៖ រថយន្ត​ចំនួន​២​គ្រឿង​នៅ​ចំណុច​ចម្ការ​កៅស៊ូ​១០០​ហិ​កតា ស្ថិត​ក្នុងភូមិ​តា​អង​ប៉ុក ឃុំ​តា​អង ស្រុក​កូន​មុំ បាន​ត្រូវ​ចោរ​ចូល​លួច​ដុត​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៨ ខែឧសភា ។ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់​ចម្ការ​ឈ្មោះ ស៊ឹម អៀង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​។

ចំណែក​អ្នក​មើល​ការ​ខុស​ត្រូវ​រួម​លើ​មេការ​ និង​កម្មករ​ឈ្មោះ ទុ​យ ស៊ី​វិល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ និង​ក៏​ជា​ប្រធាន​ពន្ធដារ​ខេត្តរតន​គិរី​​ផង​ដែរ រស់នៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ។ រីឯ​មេការ​ប្រចាំ​នៅ​ចម្ការ​មាន​២​នាក់​គឺ ឈ្មោះ សុ​ន ហេ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​អង​ប៉ុក ឃុំ​តា​អង និង​ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​អង​ប៉ុក ឃុំ​តា​អង ។

ចំពោះ​រថយន្ត​ដែល​ត្រូវ​គេ​លួច​ដុត​នេះ មួយ​គ្រឿង​ម៉ាក​នី​ស្សាន់​មួយ​បាំង​កន្លះ ពណ៌​ក្រហម​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២Q-០២៦៦ ខូចខាត​ទាំងស្រុង និង​មួយ​គ្រឿង​ទៀត​ម៉ា​កតា​កូ​ម៉ា​មួយ​បាំង​កន្លះ ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២V-៥៩៥៦ រង​ការ​ឆេះ​តិចតួច ដោយសារ​ដឹង​ទាន់​។ ទាក់ទង​នឹង​ការ​លួច​ដុត​រថយន្ត​នេះ មិន​ទាន់​បានដឹង​ពី​មូលហេតុ​ឡើយ​ទេ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវ​ជ្រាវ ៕