កម្មករ​រោងចក្រ “លាន ហាវ” ធ្វើការ​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​

កម្មករ​រោងចក្រ “លាន ហាវ” ធ្វើការ​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​



ភ្នំពេញ ៖ កម្មករ​រោងចក្រ លាន ហាវ ដែល​មាន​ទីតាំងនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ័យ ប្រមាណ​៣០​នាក់ ​លើ​២០០​នាក់ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​ឧសភា ​ឆ្នាំ​២០១៦ បាន​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​រថយន្ត​កូរ៉េ​០១​គ្រឿង បាន​មក​ប្រមូលផ្ដុំ​នៅមុខ​ក្រសួង​ការងារ ដែលមាន​ទីតាំង​តាម​ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក។

ការ​លើក​គ្នា​មក​តវ៉ា​នេះ គឺ​ក្នុង​គោលបំណង​ដាក់​ញត្តិ​ជូន​ក្រសួង​ការងារ ស្ដីពី​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​១៧​ចំណុច ក្នុង​នោះ​ចំណុច​ពិសេស ទាមទារ​ឲ្យ​តំណាង​កម្មករ​១៤​នាក់​ដែល​ក្រុម​ហ៊ុន​បាន​បញ្ឈប់​ឲ្យ​ចូល​ធ្វើការ​វិញ។

កូដកម្ម​នេះ​ដឹកនាំ​ដោយ​សហជីព​ចំនួន​៨ ក្នុង​នោះ​រួមមាន ​ទី​១-​សហព័ន្ធ​ សហជីព​ អភិវឌ្ឍន៍​កម្មករ​។ ២-​សហព័ន្ធ សហជីព​ប្រជាធិបតេយ្យ​ជឿនលឿន។ ​៣-​សហព័ន្ធ សហជីព​ ទឹកចិត្ត​កម្មករ​កម្ពុជា។ ​៤-​សហព័ន្ធ សហជីព​កម្មករ​អាស៊ាន​។ ៥-​សហព័ន្ធ សហជីព​ កម្មករ​ខ្មែរ​។ ៦-​សហព័ន្ធ សហជីព​ ឧស្សាហកម្ម​កម្ពុជា។ ៧-​សហព័ន្ធ សហជីព​កម្ពុជា​អាស៊ី​។ ៨-​សហព័ន្ធ សហជីព​សាមគ្គី​ឯករាជ្យ​ និង​ប្រជាធិបតេយ្យ។​

ក្រោយពី​ធ្វើការ​តវ៉ា​នេះ​នៅ​ម៉ោង​០៨​និង​៤៥​នាទី ​ខាង​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ​២០នាក់ ចូល​ជួប​ដាក់​ញត្តិ និង​ពិភាក្សា​បញ្ហា​កូដកម្ម​នេះ ជាមួយ​លោក​ ប្រាក់ ចាន់​ធឿន អគ្គលេខា​ធិការ នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ​។

មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ពិភាក្សា​បញ្ហា​កូដកម្ម​នេះ ជាមួយ​លោក​ប្រាក់ ចាន់​ធឿន រួចមក ​នៅ​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃ​ដដែល ក្រុម​តំណាង​កម្មករ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ពោល​គឺ​ក្រោយពី​បាន​ទទួល​លទ្ធផល​មួយ​ចំនួន​នៃ​ការ​តវ៉ា​នេះ ក្នុង​នោះ​ ក្រសួង​បាន​សន្យា​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១​ឧសភា​ នឹង​អញ្ជើញ​ថៅកែ​រោងចក្រ​មក​ប្រជុំ​ពិភាក្សា​នៅ​ក្រសួង​ការងារ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ជាមួយ​កម្មករ​៕

កម្មករ​រោងចក្រ “លាន ហាវ” ធ្វើការ​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​

កម្មករ​រោងចក្រ “លាន ហាវ” ធ្វើការ​តវ៉ា​នៅមុខ​ក្រសួង​ការងារ​​