មិន​ស្គាល់​អត្ដ​សញ្ញាណទេ ​ត្រូវ​កាប់​ស្លាប់​ក្រោមស្ពាន

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​ត្រូវ​ឃាតករ​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​ក្រោម​ស្ពាន​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹក​ថ្លា ក្រុង​សិរី​សោភ័ណ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​០៨ ខែឧសភា តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​កម្ពស់​ប្រហែល​១,៦៧​ម៉ែត្រ អាយុ​ប្រហែល​១៧​ឆ្នាំ ពាក់​អាវដៃវែង​ពណ៌​បៃតងខ្ចី និង​អាវយឺត​ពណ៌​សលាយ​ខ្មៅ ខោ​ពណ៌​ខ្មៅ ។ ជន​រង​គ្រោះ​ត្រូវ​ឃាតករ​កាប់​ចំ​កញ្ចឹងក​បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អា​ណោ​ធ​អាធ័ម​នៅ​គល់​ស្ពាន​ទឹកថ្លា ។

លោក​វរសេនីយ៍ត្រី ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ថ្លែង​ថា ករណី​ឃាតកម្ម​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ស​ន្និ​ដ្នា​ន​ថា​ជា​រឿង​គំនុំ​ឬ​ក៏​ជា​អំពើ​ប្លន់​នោះ​នៅឡើយ​ទេ ។ ចំពោះ​សាច់ញាតិ​ជន​រង​គ្រោះ​ក៏​មិន​ទាន់​មាន​ទទួល​ដំណឹង​ថា​មាន​អ្នក​បាត់​សមាជិក​ក្រុម​គ្រួសារ​នៅឡើយ​ដែរ ហើយ​សព ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ដើម្បី​រក​បងប្អូន​ដែល​បាត់​សមាជិកគ្រួសារ​មក​ពិនិត្យ​មើល ។

ការ​ស្គាល់​អត្ដសញ្ញាណ​អ្នក​រង​គ្រោះ ទើប​អាច​ឈាន​ដល់​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​បាន​ដើម្បី​ឈាន​ទៅ​វែកមុខ​ជន​ដៃដល់ ៕