មន្ត្រីនគរបាល​ប៉ុស្តិ៍​បឹងទំពុន និង​ខណ្ឌមានជ័យ​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ ក្លែង​ត្រា​

​រាជធានី​ភ្នំពេញ : នាយរង​នគរបាល ប៉ុស្តិ៍​បឹងទំពុន ម្នាក់ និង មន្ត្រី ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​នគរបាល ខណ្ឌមានជ័យ ម្នាក់ទៀត បាន​ត្រូវ​ប​ញ្ចូ​ន​មក អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ ដើម្បី​សាកសួរ​ករណី ក្លែង​ត្រា​ធ្វើ​សៀវភៅ​ស្នាក់នៅ ឲ្យ​ប្រជាពលរដ្ឋ ក្នុងតម្លៃ ៨០​ដុល្លារ​។​


​នាយរង​នគរបាល ប៉ុស្តិ៍​បឹងទំពុន ឈ្មោះ កែវ សា​រ៉ាវុធ និង មន្ត្រី ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​នគរបាល ខណ្ឌមានជ័យ ឈ្មោះ សួន សុវណ្ណ ត្រូវ​សមត្ថកិច្ច​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ឃាត់ខ្លួន កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦។​


​ដើមចម ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​នេះ បានកើត​ឡើង ក្នុងខណៈ ដែល​ប្រជាពលរដ្ឋ បាន​យក​សៀវភៅ​ស្នាក់នៅ ទៅ​សាលាសង្កាត់ ដើម្បី​សុំ​ធ្វើ​សំបុត្រកំណើត​។ នៅពេលនោះ មន្ត្រី​សាលាសង្កាត់ មានការ​សង្ស័យថា សៀវភៅ​ស្នាក់នៅ​នេះ មាន​ភាពមិនប្រក្រតី ក៏​ទំនាក់ទំនង​សួរ​ទៅ នគរបាល​ខណ្ឌមានជ័យ ទើប​ដឹងថា ជា​សៀវភៅ​ស្នាក់នៅ ក្លែងក្លាយ​។​


​យោងតាម​ចម្លើយ ប្រជាពលរដ្ឋ​រងគ្រោះ សមត្ថកិច្ច បាន​ចុះ​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់ ខាងលើ យកមក​សាកសួរ ។ ចំពោះមុខ​សមត្ថកិច្ច មនុស្ស​ទាំងពីរ​នាក់​នេះ បាន​សារភាពថា ពួកគេ បានធ្វើ​សៀវភៅ​ស្នាក់នៅ ក្លែងក្លាយ​នេះ តាំងពី​ខែធ្នូ ឆ្នាំ​២០១៥ មកម្ល៉េះ ពោល គឺ​ឈ្មោះ កែវ សា​រ៉ាវុធ បាន​ទៅធ្វើ​ត្រា អធិការនគរបាល ខណ្ឌមានជ័យ ក្លែង​ត្រា បាន​ចុះ​ស្ថិតិ​ក្លែង និង យក​សៀវភៅ​ស្នាក់នៅ ដែល​មិនទាន់​សរសេរ យកមក​ប្រគល់​ឲ្យ​ឈ្មោះ សួន សុវណ្ណ ជា​អ្នកសរសេរ​បំពេញ និង​វាយ​ត្រាតែ​ម្តង រួច​ប្រគល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ ក្នុងតម្លៃ ៨០​ដុល្លារ ក្នុង​សៀវភៅ​ស្នាក់នៅ មួយ​ក្បាល​។​


​បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់​នេះ កំពុងស្ថិត​ក្រោម​ចំណាត់ការ​របស់ លោក​ព្រះរាជអាជ្ញារង សៀង សុខ សាកសួរ​៕
មន្ត្រីនគរបាល​ប៉ុស្តិ៍​បឹងទំពុន និង​ខណ្ឌមានជ័យ​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ ក្លែង​ត្រា​