កុង​ទ័​រ​ភ្លើង​ក្រុមហ៊ុន PSPC វិល​លឿន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​អ្នក​លឿង​ប្ដឹងទៅ​អគ្គិសនី​កម្ពុជា​

​ករណី​កុង​ទ័​រ​ភ្លើង​វិល​លឿន​ខុស​ប្រក្រតី​មិនមែន​កើតមាន​តែ​នៅ​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​នោះទេ គឺ​នៅ​តំបន់​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ក៏មាន​បញ្ហា​ដូចគ្នា​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​យ៉ាង​ខ្លាំងក្លា​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អ្នក​លឿង គឺ​នៅ​ឃុំ​ព្រែក​ខ្សាយ​ក ឃុំ​ព្រែក​ខ្សាយ​ខ និង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង រាប់ពាន់​គ្រួសារ​កំពុងតែ​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​កុង​ទ័​រ​ភ្លើង​របស់​ក្រុមហ៊ុន PSPC វិល​លឿន​ខុសធម្មតា​។ ដោយសារតែ​កុង​ទ័​រ​ភ្លើង​វិល​លឿន​ហួសហេតុ​ពេក ទើប​ពួកគាត់​ប្ដឹងទៅ​អគ្គិសនី​កម្ពុជា​ឲ្យ​ជួយ​ដោះស្រាយ​ជាបន្ទាន់ កុំ​ឲ្យ​ក្រុមហ៊ុន PSPC ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគាត់​ប្រើប្រាស់​ចរន្តអគ្គិសនី​ក្នុង​មួយខែៗ​អស់​ត្រឹមតែ​២០​គីឡូ​ទៅ​៣០​គីឡូ​ប៉ុណ្ណោះ ប៉ុន្តែ​រយៈពេល​២​ខែ​កន្លងទៅនេះ​កុង​ទ័​រ​ភ្លើង​របស់​ពួកគាត់​វិល​លឿន ហើយ​តួលេខ​កើនឡើង​ដល់​១០០​គីឡូ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កុង​ទ័​រ​ភ្លើង​ចាប់ផ្ដើម​វិល​លឿន​និង​កើន​គីឡូ​ខ្លាំង​អំឡុង​ខែមីនា និង​ខែមេសា បន្ទាប់ពី​ក្រុមហ៊ុន PSPC ប្ដូរ​កុង​ទ័​រ​ថ្មី ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ជួយ​ដោះស្រាយ​ពួកគាត់​ជាបន្ទាន់​។ ជាមួយគ្នានេះ​ពួកគាត់​ក៏បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​កុង​ទ័​រ​ភ្លើង​ដែល​ក្រុមហ៊ុន PSPC ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​តំបន់​អ្នក​លឿង​ផងដែរ​។

ពលរដ្ឋ​មួយចំនួន​រស់នៅក្នុង​ឃុំ​ព្រែក​ខ្សាយ​ក និង​ព្រែក​ខ្សាយ​ខ បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែកុម្ភៈ ពួកគាត់​ប្រើប្រាស់​ចរន្តអគ្គិសនី​ជាធម្មតា​អស់​ត្រឹម​២០​ទៅ​ជាង​២០​គីឡូ​វ៉ាត​ក្នុង​មួយខែ ប៉ុន្តែ​នៅ​ខែមីនា និង​ខែមេសា គឺ​ផ្ទះ​ខ្លះ​ឡើងដល់​៧០​គីឡូ​វ៉ាត និង​ផ្ទះ​ខ្លះ​ឡើងដល់​ជាង​១០០​គីឡូ​ទៅទៀត​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ការ​ដោះសា​របស់​តំណាង​ក្រុមហ៊ុន PSPC ដែលថា​មកពី​ពួកគាត់​ប្រើ​ភ្លើង​ច្រើន​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នោះ គឺជា​រឿង​មិន​សមស្រប​ឡើយ​ព្រោះ​ការកើនឡើង​មាន​តួលេខ​ខ្ពស់​ពេក​។ តំណាង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ពួកគាត់​រង់ចាំ​មើល​នៅក្នុង​ខែ​៥​នេះ ប្រសិនបើ​កុង​ទ័​រ​ភ្លើង​នៅតែ​បន្ត​វិល​លឿន​ហួសហេតុ​តទៅទៀត ពួកគាត់​ស្នើ​ឲ្យ​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ ទៅពិនិត្យ​ផ្ទាល់​តែម្តង​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​គ្មាន​ជំនឿ​លើ​មន្ត្រី​អគ្គិសនី​ថ្នាក់​ខេត្ត​ចុះទៅពិនិត្យ​ភាពមិនប្រក្រតី​នោះទេ ព្រោះ​ភាគច្រើន​មន្ត្រី​អគ្គិសនី​ខេត្តព្រៃវែង ជា​អ្នកទទួល​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​៕

rattanak-620លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា 4 3