លោក DUTERTE ហៅ DONALD TRUMP ហ្វ៊ី​លី​ពី​ន​ឈ្នះ​ឆ្នោត​ប្រធានាធិបតី

បេក្ខជន​មាន​ប្រជាប្រិយភាព លោក RUDRIGO DUTERTE មាន​រហស្សនាម​ថា DONALD TRUMP ហ្វ៊ី​លី​ពី​ន​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​៩ ឧសភា ជា​អ្នក​ឈ្នះ​បន្ទាប់​ពី​យុទ្ធនាការ​ឃោសនា​របស់​លោក​សន្យា​សម្លាប់​ពួក​ឧក្រិដ្ឋជន​ច្រើន​ពាន់​នាក់​មក ។

ជា​អភិបាលក្រុង DAVAO ទីក្រុង​ធំ​មួយ​នា​ភាគ​ខាងត្បូង​ប្រទេស លោក RODRIGO DUTERTE ធ្វើ​ឱ្យ​ប្រជាជន​ហ្វ៊ី​លី​ពី​ន​ជា​ច្រើន​លាន​នាក់​ពេញចិត្ត​ដោយសារ​វោហា​សាស្ត្រ​របស់​លោក​ផ្តោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​សង្គម​សំខាន់​២​របស់​ប្រទេស​គឺ​ឧក្រិដ្ឋកម្ម និង​ភាព​ក្រីក្រ ។

យោង​តាម​យន្តការ​ត្រួតពិនិត្យ​ការ​បោះ​ឆ្នោត​មួយ​ថា នា​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា លោក DUTERTE ទទួល​បាន​សំឡេង​ដល់​ទៅ​៥,៨៤​លាន​នាំមុខ​គូប្រជែង​សំខាន់ ខណៈ​នៅ​សល់​សន្លឹក​ឆ្នោត​មិន​ដល់​១២%​ទៀត​ប៉ុណ្ណោះ មិន​ទាន់​រាប់​ហើយ ។

នៅ​ទីក្រុង DAVAO លោក DUTERTE ថ្លែង​ថា ជាមួយ​ការ​បង្អោនកាយ​យ៉ាង​ទាប ដែល​ខ្ញុំ​ទទួលយក​អាណត្តិ​នេះ​របស់​ប្រជាជន ។ ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​សន្យា​នោះ​ខ្ញុំ​នឹង​បំពេញ​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ពុំ​ត្រឹមតែ​នៅ​ពេល​ថ្ងៃ​ទេ ក៏​ប៉ុន្តែ​ទោះ​ពេល​ខ្ញុំ​កំពុង​ដេក​ក៏​ដោយ​ចុះ ។

យោង​តាម​លទ្ធផល​ចេញផ្សាយ​ដោយ PPCRV ជា​យន្តការ​ត្រួតពិនិត្យ​ការ​បោះ​ឆ្នោត​របស់​ព្រះ​វិហារ​កាតូលិក ដែល​រដ្ឋាភិបាល​ចាត់តាំង​ឱ្យ​ពិនិត្យ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ថា លោក RODRIGO DUTERTE ទទួល​បាន​សំឡេង​ឆ្នោត​៣៨,៦% បន្ទាប់​មក​គឺ​លោក MAR ROXAS ជា​បេក្ខជន​ជួយ​ជ្រោមជ្រែង ដោយ​ប្រធានាធិបតី​ចប់​អាណត្តិ ដែល​ទទួល​បាន​សំឡេង​២៣,១២% ។ ចំណែក​ព្រឹទ្ធ​សមាជិក GRACE POE ទទួល​បាន​សំឡេង​២១,៧% ។ ព្រឹទ្ធ​សមាជិក​រូប​នេះ​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​អ្នក​ឈ្នះ​រួច​ទៅ​ហើយ។

យោង​តាម​ប្រព័ន្ធ​បោះ​ឆ្នោត​ហ្វ៊ី​លី​ពី​ន បេក្ខជន​ណា​ទទួល​បាន​សំឡេង​នាំមុខ​គេ ពុំ​ចាំបាច់​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​ឡើយ នឹង​ក្លាយជា​ប្រធានាធិបតី ។

ការ​បោះ​ឆ្នោតជាតិ និង​មូលដ្ឋាន​នានា​ក៏​ប្រព្រឹត្ត​ទៅ​ជាមួយ​គ្នា ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ថ្ងៃ​ទី​៩ ឧសភា​នោះ​ដែរ ។ មនុស្ស​១៥​នាក់​ស្លាប់​ក្នុង​ពេល​ឃោសនាបោះឆ្នោត ហើយ​យោង​តាម​ប៉ូលិស​ថា​មនុស្ស​១០​នាក់​ទៀត​ស្លាប់​កាលពី​ថ្ងៃ​ទី​៩ ឧសភា ពិសេស​ក្នុង​ការ​វាយប្រហារ​លើ​ការិយាល័យ​បោះ​ឆ្នោត​មួយ ៕