សារ​​របស់​​កីឡាករ​​លោត​ទឹក​អាមេរិក​កំណើត​ខ្មែរ​ចំពោះ​កុមារ​​កំព្រា​កម្ពុជា​

កីឡាករ​លោត​ទឹក​ជម្រើស​ជាតិ​អាមេរិក​ Jordan Pisey Windle ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ដែល​ជា​ទឹក​ដី​កំណើត​របស់​ខ្លួន​កាល​ពី​ព្រឹក​មិញ​​​ដោយ​បាន​បង្ហាញ​សារ​មួយ​ច្បាប់​ចំពោះ​កុមារ​កំព្រា​កម្ពុជា​ និង​ការ​ចង់​ចាំ​របស់​ខ្លួន​ចំពោះ​ប្រទេស​កំណើត។

 

សារ​​របស់​​កីឡាករ​​លោត​ទឹក​អាមេរិក​កំណើត​ខ្មែរ​ចំពោះ​កុមារ​​កំព្រា​កម្ពុជា​

ពិធី និង​ឪពុក​ចិញ្ចឹម​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា

 

យុវជន​ទើប​វ័យ​១៧​ឆ្នាំ​ ពិសី បាន​​បង្ហាញ​នូវ​ភាព​សប្បាយ​រីក​ និង​មោទនភាព​ដែល​​បាន​មក​ដល់​ប្រទេស​កំណើត​របស់​ខ្លួន​ជា​លើក​ដំបូង​ បន្ទាប់​ពី​​ឃ្លាត​ស្រុក​កំណើត​អស់​រយៈ​ពេល​១៥​ឆ្នាំ។ ពេល​មក​ដល់​ភ្លាម​ កីឡាករ​លោត​ទឹក​រូប​នេះ​មាន​សំបុត្រ​ខ្លី​មួយ​ច្បាប់​​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ចំពោះ​ប្រទេស​កំណើត។

 

Sabay សូម​បង្ហាញ​ខ្លឹម​សារ​​ក្នុង​​លិខិត​របស់​ ពិសី​ថា ៖«ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ មាន​មោទន​ភាព​ ដែល​បាន​​មក​ដល់​ប្រទេស​កំណើត​របស់​ខ្ញុំ​ ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ទៅ​ពី​មុន​ទាល់​តែ​សោះ​ តាំង​ពី​ខ្ញុំ​ត្រូវ​បាន​យក​មក​ចិញ្ចឹម។ ខ្ញុំ​គិត​ថា​ នេះ​គឺ​ជា​បទ​ពិសោធន៍​ដ៏​ល្អ​បំ​ផុត​មួយ​សម្រាប់​ខ្ញុំ​ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​ក្នុង​ចិត្ត»

 

«សារ​របស់​ខ្ញុំ​គឺ​ថា​ ខ្ញុំ​ក៏​ដូច​គ្នា​នឹង​កុមារ​ទាំង​នោះ​ដែរ​ គឺ​យើង​ទាំង​អស់​គ្នា​​ជា​កុមារ​កំព្រា។ គ្រាន់​តែ​ថា​ ខ្ញុំ​មាន​សំណាង​ត្រូវ​បាន​ទទួល​យក​ទៅ​ចិញ្ចឹម​ ហើយ​សព្វ​ថ្ងៃ​ ជីវិត​របស់​ខ្ញុំ​មាន​ស្ថានភាព​ប្រសើរ។ ប៉ុន្តែ​ ខ្ញុំ​ចង់​ប្រាប់​ទៅ​ពួក​គេ​ថា​ បើ​សិន​ជា​យើង​ត្រូវ​បាន​ប្រគល់​ឱកាស​មួយ​ ទោះ​បី​ជា​ឱកាស​នោះ​តូច​ក្តី​ យើង​អាច​ប្រែ​ក្លាយ​ឱកាស​នោះ​ ដើម្បី​សម្រេច​បាន​ជោគជ័យ​ដែល​យើង​ចង់​បាន​ ហើយ​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា​ យើង​ក៏​អាច​មាន​ជីវិត​ដ៏​ល្អ​មួយ​ដែរ។ ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​​ជា​ពល​រដ្ឋ​អាមេរិក​ម្នាក់​ ប៉ុន្តែ​ខ្ញុំ​​ចង់​ចាំ​ជា​និច្ច​ថា ខ្ញុំ​ជា​កូន​ខ្មែរ​ម្នាក់»។

សារ​​របស់​​កីឡាករ​​លោត​ទឹក​អាមេរិក​កំណើត​ខ្មែរ​ចំពោះ​កុមារ​​កំព្រា​កម្ពុជា​ពិសី​​អាន​សារ

 

កាល​ពី​ព្រឹក​មិញ​នេះ​មិន​មាន​វត្តមាន​​មន្ត្រី​របស់​សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា​ ឬ​អ្នក​ពាក់​ព័ន្ធ​នឹង​កីឡា​ទៅ​ទទួល​ស្វាគមន៍​រូប​គេ​ឡើយ​ ប៉ុន្តែ​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ទៅ​សម្ភាសន៍​ដល់​ប្រលានយន្តហោះ​ដូច​ជា Sabay, VOA, ទូរទស្សន៍​ PNN និង​បាយ័ន ​ព្រម​ទាំង​អ្នក​កាសែត​អាមេរិក​មួយ​ក្រុម​ទៀត។

ក្នុង​ដំណើរ​មក​ប្រទេស​កំណើត​រយៈ​ពេល​មួយ​សប្តាហ៍​​ជា​មួយ​ឪពុក​ចិញ្ចឹម​នេះ​ ពិសី​នឹង​ទៅ​អាង​ហែល​ទឹក​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ដើម្បី​សម្តែង​បង្ហាញ​ពី​របៀប​លោត​ទឹក។ ក្រៅ​ពី​នេះ​រូប​គេ​ត្រូវ​ទៅ​ជួប​កុមារ​កំព្រា​ និង​ទស្សនា​សារមន្ទីរ​ទូល​ស្លែង​ ព្រម​ទាំង​វាល​ពិឃាដ​ជើង។

 

Jordan Pisey Windle ​ដែល​ជា​កុមារ​កំព្រា​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ​មាន​វាសនា​ទៅ​រស់នៅ​អាមេរិក​តាំង​ពី​អាយុ​២​ខួប និង​​ជា​កីឡាករ​​លោត​​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក​ផង​នោះ។ រូប​គេ​​ត្រូវបាន​ទទួល​យក​ទៅ​ចិញ្ចឹម និង​រស់នៅ​សហរដ្ឋ​អាមេរិក​ តាំងពី​មាន​អាយុ​ត្រឹមតែ​ជិត​២ឆ្នាំ​ប៉ុណ្ណោះ ដោយ​លោក Jerry Windle៕

 

សារ​​របស់​​កីឡាករ​​លោត​ទឹក​អាមេរិក​កំណើត​ខ្មែរ​ចំពោះ​កុមារ​​កំព្រា​កម្ពុជា​ អ្នក​កាសែត​អាមេរិក​សម្ភាសន៍ ពិសី

 

អត្ថបទ៖ ជាន ចាន់រ៉ា​