លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​ជ្រើសតាំង​ជា​ប្រធាន​បក្ស​ពលករ​កូរ៉េ

ប្រភព​ព័ត៌មាន​ផ្លូវការ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៩ ឧសភា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​បក្ស​ពលករ​កូរ៉េ​ដែល​នេះ​ជា​តំណែង​ទើ​បង្កើត​ឡើង ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​លោក​គី​ម យ៉ុ​ង​ណា​ម ប្រធាន​ប្រេ​ស៊ី​ឌី​យ៉ូ​ម​នៃ​សភា​ប្រជាជន​ជាន់ខ្ពស់​កូរ៉េ​ខាងជើង ។ លោក​គី​ម ជុង​អ៊ុ​ន ក៏​ជា​លេខា​ទី​មួយ​របស់​បក្ស​ពលករ​កូរ៉េ​ដែរ ។

ម្យ៉ាងវិញទៀត លោក CHOE RYONG-HAE និង​លោក PAK PONG JU ត្រូវ​បាន​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​ពលករ​កូរ៉េ ដែល​ជា​ការ​បង្កើន​ចំនួន​សមាជិក​គណៈកម្មាធិការ​នេះ​ពី​៣​រូប​ដល់​៥​រូប ។ មុន​នេះ​ក្នុង​គណៈកម្មាធិការ​នោះ​មាន​លោក​គី​ម ជុង​អ៊ុ​ន លោក​គី​ម យ៉ុ​ង​ណា​ម និង​លោក HWANG PYONG SO នាយក​អគ្គស្នងការ​នយោបាយ​នៃ​កងទ័ព​ប្រជាជន​កូរ៉េ ។

ការិយាល័យ​នយោបាយ​បក្ស​ពលករ​កូរ៉េ​បន្ថែម​សមាជិក​ថ្មី​១៩​រូប​ទៀត និង​សមាជិក​បម្រុង​៩​រូប ។ ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​នា​ឱកាស​សម័យប្រជុំ​ពេញអង្គ​នៃ​សមាជ​លើក​ទី​៧​របស់​បក្ស ។

យោង​តាម​លោក​គី​ម យ៉ុ​ង​ណា​ម ថា កិច្ចប្រជុំ​នេះ​ក៏​ជ្រើសតាំង​ផង​ដែរ អនុប្រធាន​៩​រូប​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស ក្នុង​នោះ​រួម​មាន​លោក CHOE RYONG HAE និង​លោក KIM KI NAM ដែល​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​របស់​បក្ស ។ បណ្តា​អនុប្រធាន​គឺជា​ស្ថាប័ន​មួយ​ដែល​ទើប​បង្កើត​ថ្មី​ក្នុង​ក្រប​ខណ្ឌ​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស ។

លោក​គី​ម យ៉ុ​ង​ណា​ម ក៏​ប្រកាស​ផង​ដែរ​ពី​សមាជិក​១១​រូប​នៃ​គណៈកម្មាធិការ​យោធា និង​បណ្តា​សមាជិក​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​របស់​បក្ស ៕