ភ្ញៀវ​ការ​ប្រុស-ស្រី១០៥នាក់ ធូរស្បើយវិញ​ហើយ

ខេត្ត​កណ្តាល ៖ ​មនុស្ស​ប្រុស​-ស្រី-​ចាស់-​ក្មេងសរុប​​១០៥​​នាក់​ ដែល​​ពុល​ម្ហូបអាហារ​​នៅ​ក្នុង​​ពិធី​មង្គល​ការ​មួយ កាលពី​ថ្ងៃ​ទី​០៧
ឧ​សភា​ ស្ថិត​នៅ​ក្នុងភូមិ​​ពពាលខែ ​ឃុំ​ដីឥដ្ឋ​ ​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​ ​​​គិតត្រឹម​ថ្ងៃទី​១០ ឧសភា បាន​​ធូរ​ស្បើយ​​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​ បន្ទាប់​មានការយកចិត្ត​​​ដាក់​ពីក្រុម​គ្រូ​​ពេទ្យ​ និង​អាជ្ញាធរ​​រយៈ​​ពេល​៣​ថ្ងៃ​​រួច​មក ​។ 

លោ​កន​ង ​វ​ណ្ណា​ ប្រធាន​នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ​បានឱ្យ​ដឹង​ថា ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​​ថា មាន​ករណី​មនុស្ស​ពុល​ម្ហូបអាហារ​នៅ​ក្នុង​ពិធី​មង្គលការ​ជា​ច្រើន​នាក់​នោះ ​​រូប​លោក​ក៏​បាន​ចាត់ឱ្យ​​អនុប្រធាន​ពេទ្យ​ស្រុក​ម្នាក់​ដឹក​នាំ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជា​ច្រើន​នាក់​ ចុះ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ និង​អាជ្ញាធរ​សមត្ថកិច្ច​ឃុំ​​ដើរ​ស្រង់​របាយ​ការណ៍​ និង​ព្យាបាល​តាមដាន​ស្ថានភាព​អ្នកជំងឺ​នៅ​តាម​ផ្ទះ​ជា​ប្រចាំ​បន្តបន្ទាប់​យ៉ាង​យកចិត្តទុកដាក់​បំផុត​ ។

​គួរបញ្ជាក់ថា ​អ្នកជំងឺ​ទាំង១០៥​នាក់​នោះ​ គឺ​សុទ្ធតែ​មាន​អាការៈ​រាក​រុះ​ ក្អួតចង្អោ​រ ​សន្លឹម​​ទន់​ដៃជើង​អត់​កំលាំង​​ និង​ចុកពោះ​ ។ ក្នុង​នោះ ​មាន​អ្នក​ធ្ងន់ធ្ងរ​​ដោយសារ​ទន់​ដៃជើង​ខ្លាំង​​ចំនួន​១៧​នាក់ ។ ​ក្រៅពី​នេះ​ ស្ថានភាព​ធម្មតា​ដើរ​បាន​គ្រាន់តែ​ហូប​អាហារ​មិន​បាន​ដាក់​ចូល​ក្អួត​ដាក់​ចូល​ក្អួត​រហូត​ ។

​ស្ថានភាព​អ្នកជំងឺ​សុទ្ធតែ​មាន​អាកា​រៈដូច​គ្នា​ គ្រាន់តែ​ខ្លះ​ធ្ងន់​និង​ខ្លះ​ទៀត​ស្រាល​ប៉ុណ្ណោះ​ ។ បើ​តាម​កា​រស​ន្និ​ដ្ឋាន ​គឺបណ្តាល​មក​ពី​ពួក​គាត់​ហូប​ម្ហូប ​ដែល​គ្មាន​អនាម័យ​​ល្អ​ មាន​ជាតិ​គីមី​ ប៉ុន្តែ​មិនដឹង​មុខម្ហូប​មួយ​ណា​ទេ​ ព្រោះ​ម្ហូប​ការ​ច្រើន​មុខ ​ទើប​​ទៅ​ជា​អាការៈ​បែប​​នេះ​ ។

​ទោះជា​យ៉ាងណា​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ​អ្នកជំងឺ​ទាំង១០៥នាក់​បានជា​ធូរស្បើយត្រឡប់ទៅផ្ទះវិញ​​​ ដោយមិន​​បាន​គិតថ្លៃ​ព្យាបាលនោះ​ទេ​ ។