ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ ៖​ទាក់ទង​ក្រុម HACKER​ខាង​ជំនាញ​មាន​តម្រុយ​នៅក្នុង​ការឈាន​កំណត់​មុខសញ្ញា​ហើយ

ភ្នំពេញ:
​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា នេះ​ថា ​ទាក់ទងក្រុម HACKER​វាយលុក​នៅក្នុង​វេ​ប​សាយ​សម្តេច​​តេ​ជោ ហ៊ុន សែនwww.samdechhunsen.gov.kh គឺ​ខាង​ជំនាញ​បានកំណត់​មុខសញ្ញា​រួចហើយ ដើម្បីយកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បានមានប្រសាសន៍ថា ទាក់ទង​ក្រុម HACKER​ខាង​ជំនាញ​មាន​តម្រុយ​​នៅក្នុងការឈាន​កំណត់​មុខសញ្ញា​ហើយ និង​កំពុងតែធ្វើការ​ទៅមុខទៀត​។​

​សម្តេច​អគ្គមហាសេនា​បប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​សេចក្តីថ្លែងការណ៍​អំពី​សកម្មភាព​ប្លន់​​គេហទំព័រ​សម្តេច​តេជោ www.samdechhunsen.gov.kh ។ ហើយ​អ្នកជំនាញ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (IT Crimes) របស់​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ស្រាវជ្រាវ​រកប្រភព​ជនល្មើស HACKER យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​។​

នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​៧ខែឧសភា ឆ្នាំ​២០១៦ ម៉ោង​ប្រមាណ ៤​និង​១២​នាទី​ព្រឹក មាន​ក្រុម​ក្រុមចោរប្លន់​វេ​បសាយ (Hacker) បាន​ចូលមក​ប្លន់ (Hacked) វេ​ប​សាយ​សម្តេច​តេ​ជោ ហ៊ុន សែនwww.samdechhunsen.gov.kh ដោយបាន​លួច​ប្តូរ​រូបភាព និង​បាន​លួច​ប្តូ​រដាក់​សារសម្លេង​ជា​ភាសា​ខ្មែរ​តាម​ទ្រង់ទ្រាយ HACKER ដែល​បាន​បំផ្លាញ​កិត្តិយសសម្តេចនាយករ​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បង្ក​ការរំខាន និងធ្វើអោយ​បាត់បង់​ទិន្ន័យ​មួយចំនួនធំ​ក្នុង​នៅក្នុង​វេ​ប​សាយ​ផងដែរ​។

 នេះ​ជា​បទឧក្រិដ្ឋ​ផ្នែក​ព័ត៌មានវិទ្យា ដែល​ជនល្មើស​បាន​ប្រព្រឹត្តិ​ដោយ​ចំហរ​មកលើទំព័រ​ផ្លូវការ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ ភស្តុតាង​ទាំងនេះ គឺជា​ទង្វើ​មិនអាច​ប្រកែក​បាន​របស់​ក្រុមបក្សប្រឆាំង​ដែល​តែងតែ​រិះរក​​វិធី​ទុច្ចរិត គម្រក់ៗ​គ្រប់យ៉ាង​ធ្វើការ​វាយប្រហារមកលើ សម្តេច​តេ​ជោ ហ៊ុន សែន​។

​ជនល្មើស​ទោះបី​មាន​ប្រភព​មកពីណា​ក៏ដោយ គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ជាតិ​និង​អន្តរជាតិ​។​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​បន្តថា​នៅពេលនេះ​ក្រុម​ជំនាញ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (IT Crimes) របស់​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ស្រាវជ្រាវ​រកប្រភព​ជនល្មើស HACKER យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​៕​R