“​និ​ន​ចា​” ពន្លត់អគ្គីភ័យ​សំរូត​ខ្លួន​តាម​សរសៀរ​ជញ្ជាំង ធាក់​ស្ត្រី​ប៉ុនប៉ង​ធ្វើអត្តឃាត​ឲ្យ​ផ្ងារជើង​ចូលក្នុង​ផ្ទះ​១​ប៉ប្រិចភ្នែក​

នេះជាទិដ្ឋភាពដ៏អស្ចារ្យមួយ ខណៈពេលដែលអ្នកពន្លត់អគ្គីភ័យដ៏ក្លាហានម្នាក់ បានសំរូតខ្លួនតាមសរសៀរជញ្ជាំងនៃអគារខ្ពស់មួយ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ដែលប៉ុនប៉ងលោតសម្លាប់ខ្លួន ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាតខាងលើរូបនោះ ពុំត្រូវបានបញ្ជាក់ឈ្មោះទេ ដោយគ្រាន់តែដឹងថា រស់ក្នុងទីក្រុង Xuzhou ប្រទេសចិន ។ ហើយមូលហេតុដែលនាំឲ្យគាត់មកអង្គុយចង់បញ្ចប់ជីវិតពីលើគែមបង្អួចនៃអគារជាន់ទី៦ នេះក៏ពុំទាន់ត្រូវបានដឹងនោះទេ ។

ប្រភពដដែលបន្តថា ស្ត្រីរូបនេះត្រូវបានដឹងថា បានមានការ “រំជួលចិត្តខ្លាំងណាស់” និងពុំអនុញ្ញាតឲ្យនរណាម្នាក់ទៅក្បែរនាងឡើយ ។

ទោះជាយ៉ាងណា ក្រុមសង្គ្រោះបានសម្រេចចិត្តធ្វើការបែងចែកជាពីរៈ ដោយខាងប៉ូលីសស្ថិតនៅខាងក្នុងអគារ ដើម្បីព្យាយាមនិយាយទៅកាន់នាងកុំឲ្យ…លោត ខណៈក្រុមពន្លត់អគ្គីភ័យឡើងទៅជាន់ទី៧ នៃអគារនោះ ។

“​និ​ន​ចា​” ពន្លត់អគ្គីភ័យ​សំរូត​ខ្លួន​តាម​សរសៀរ​ជញ្ជាំង ធាក់​ស្ត្រី​ប៉ុនប៉ង​ធ្វើអត្តឃាត​ឲ្យ​ផ្ងារជើង​ចូលក្នុង​ផ្ទះ​១​ប៉ប្រិចភ្នែក​

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញស្ត្រីរូបនោះកំពុងអង្គុយសំយ៉ុងជើងនៅលើគែមបង្អួច ខណៈបុគ្គលិកពន្លត់អគ្គីភ័យម្នាក់ចុះពីបង្អួចជាន់ទី៧ ដើម្បីឆ្ពោះទៅកាន់នាង ។

ខណៈពេលដែលអ្នកពន្លត់អគ្គីភ័យដ៏អង់អាចក្លាហាននោះ សំរូតខ្លួនចុះយ៉ាងប្រុងប្រយ័ត្នទៅកាន់ជាន់ទី៦ និងចូលកៀកនាង ភ្លាមៗនោះ គាត់ក៏បានប្រើជើងទាំងពីរធាក់ស្ត្រីនោះឲ្យផ្ងារជើងចូលទៅខាងក្នុងអគារវិញតែម្តង ។

ក្រោយប្រតិបត្តិការសង្គ្រោះ ស្ត្រីរូបនេះក៏ត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីសួរនាំពីមូលហេតុ ៕