ប្រកប​របរ​លក់​​ម្ជូរ​១​កញ្ច្រែង ​រក​ប្រាក់​ចិញ្ចឹម​កូន ៨នាក់

ព្រលឹម​ស្រាង​ៗ​ចេញដំណើរ​ពី​ផ្ទះ​ ពីរ​នាក់​ប្ដី ​ប្រពន្ធ​ ចាំ​ជិះ​រ៉ឺម៉ក​សំដៅ​មក​ផ្សារ​តាកែវ​ ដើម្បី​លក់​ម្ជូរ​ស្វាយត្រាំ ​ម្កាក់ ​ប៉ិកគក់ ​និង​ត្របែក​ ដោយ​រំពឹង​ថា ​បាន​ប្រាក់ចំណេញ ​ដើម្បី​ចិញ្ចឹម​កូន ៨នាក់។ នេះ​ជា​ការ​រៀបរាប់​របស់​អ្នកស្រី​ វែន​ លក្ខណា ​ដែល​មាន​ទីលំនៅ​ភូមិ​ខ្វាវ ឃុំ​សំរោង ​ស្រុក​សំរោង ខេត្ត តាកែវ។

ប្រកប​របរ​លក់​​ម្ជូរ​១​កញ្ច្រែង ​រក​ប្រាក់​ចិញ្ចឹម​កូន ៨នាក់

និយាយ​ពី​ដើមទុន​ចំណាយ​ក្នុង​មុខរបរ​នេះ ​គឺ​មួយថ្ងៃ​ទិញ​ស្វាយ​ខ្ចី ១០គីឡូក្រាម ប៉ិកគក់ ៣​គីឡូក្រាម ក្រ​ពីង​រាជ ៥គីឡូក្រាម ​និង​ត្របែក ៣គីឡូក្រាម សរុប​អស់ប្រាក់ ៦០ ០០០រៀល។

“ម្ជូរ​ទាំងអស់​ទិញ​នៅ​ផ្សារ​យើង​ហ្នឹង​លើកលែងតែ​ស្វាយ​ទិញ​មកពី​ភូមិ។ លាង​ទឹក​អោយ​ស្អាត​ចិត​ស្ដើង​ៗ​​ដាក់​លើ​ថាស​រួច​លាយ​អំបិល​ម៉ដ្ឋ ជាមួយ​ដុំខ្នរ​រោយ​ពីលើ​កំពីង​រាជ​ ចំណែក​ស្វាយ​ស្រុះ​ទឹក​ក្តៅ​មួយសន្ទុះ​អោយ​វា​អន់​ជូរ​បន្តិច”។ ​លក្ខិណា ​រៀបរាប់។

បន្ទាប់ពី​ផ្សំ​គ្រឿង​គ្រប់មុខ​ហើយ​ គាត់​ចាប់​ផ្តើម​រុញ​រទេះ​ដើរ​លក់​តាម​កន្លុកកន្លៀត​ក្នុង​ផ្សារ​ចាប់​តាំងពី​កន្លែង​លក់​មាស​រហូតដល់​កន្លែង​លក់​សាច់​ជ្រូក​ជាដើម។ “លក់​រហូតដល់​ម៉ោង ៣ទៅ​ម៉ោង ៤ល្ងាច​ទើប​អស់ ថ្ងៃ​ខ្លះ​ក៏​សល់​អញ្ចឹង​ទៅ​តែ​យូរ​ៗម្តង​ទេ​អូន”។ លក្ខិណា​ បន្ថែម។

រីឯ​ប្រាក់ចំណេញ​វិញ​ អ្នកស្រី ​លក្ខិណា ​ប្រាប់ថា​ មួយថ្ងៃ​អាច​បាន ២០ ០០០៛ ទៅ៣០ ០០០៛ តែ​មិន​អាច​បំបាត់​ភាព​ខ្វះខាត​ក្នុង​គ្រួសារ​បានទេ គឺ​ប្រាក់​ទាំងនេះ​ត្រូវ​យក​ទៅ​ទិញ​ម្ហូប​ និង​អង្ករ​ចិញ្ចឹម​កូន ៨នាក់ ដែល​កូនស្រី​ច្បង​មាន​អាយុ ១៧ឆ្នាំ​ ឈប់​រៀន​ថ្នាក់​ទី ៣ ចំណែក​កូន​តូចៗ​កំពុង​រៀន​ថ្នាក់​ទី២។

លោក ​ណន់ ផល ​ជា​ស្វាមី​​អ្នកស្រី​ លក្ខិណា បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា៖ “ថ្ងៃ​ណា​ជិះ​ រ៉ី​ម៉ក​មិនទាន់ ខ្ញុំ​ជួល​ម៉ូតូ​បងជី​ដូន​មួយ​ ដោយ​មួយថ្ងៃ​ថ្លៃ ៥ ០០០៛ ខ្ញុំ​ត្រូវ​នៅ​ជួយ​លក់​ប្រពន្ធ​រហូតដល់​ល្ងាច​ដែរ”។

ប្រកប​របរ​លក់​​ម្ជូរ​១​កញ្ច្រែង ​រក​ប្រាក់​ចិញ្ចឹម​កូន ៨នាក់

អ្នកស្រី លក្ខិណា ​បាន​ប្រាប់​ពី​ការ​លំបាក​ថា ​មុខរបរ​នេះ​រក​មួយថ្ងៃ​ហូប ១ថ្ងៃ ​ប៉ុណ្ណោះ ​ដោយ​ត្រូវ​ទិញ​អង្ករ ១ ថ្ងៃ ៤គីឡូ​កន្លះ (១៦កំប៉ុង) រួម​ទាំង​ម្ហូប​ផង​អស់​ប្រាក់​ប្រមាណ​ជា ២ម៉ី​ន​រៀល។

“ទោះ​មាន​ជីវភាព​ក្រលំបាក​មែន ​តែ​យើង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ស្រលាញ់​គ្នា​ណាស់​មិនដែល​ឈ្លោះប្រកែក​គ្នា​ទេ​​ ថា​មិន​ត្រូវ​អាច​មាន​កូន​ថែមទៀត​ផង​ក៏​ថា​បាន ព្រោះ​ប្ដី​ប្រពន្ធ​ខ្ញុំ​នៅ​ក្មេង​ៗ​ដែរ (សើច)។ គាត់​ (ប្តី)​ សូម្បីតែ​បារី ស្រា​ក៏​មិន​ចេះ​ផង”។ អ្នកស្រី​ លក្ខិណា​ និយាយ។

រំលឹក​ពី​ការ​ប្រកប​របរ​នេះ​វិញ​ អ្នកលក់​ម្ជូរ​ ខាង​លើ​និយាយ​​ថា ​គាត់​ធ្លាប់​ទៅ​រក​ស៊ី​នៅ​ភ្នំពេញ​អស់​រយៈពេល ១៧ ឆ្នាំ​ ហើយ ​គឺ​តាំងពី​កូនស្រី​ច្បង​អាយុ​ទើប ១ឆ្នាំ។ ដោយសារ​ជួល​ផ្ទះ​គេ​ថ្លៃ​ហើយ​កូនៗ​ ក៏​ពុំបាន​រៀន​សូត្រ​ម្យ៉ាងទៀត​នឹក​ចង់​មក​នៅ​ស្រុក​វិញ​ផង​ក៏​នាំ​ក្រុម​គ្រួសារ​មក​រស់នៅ​ស្រុកភូមិ​កំណើត​វិញ​ទៅ៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ប្រកប​របរ​លក់​​ម្ជូរ​១​កញ្ច្រែង ​រក​ប្រាក់​ចិញ្ចឹម​កូន ៨នាក់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: