ចង់​ធ្វើ​កម្មការិនី​រោងចក្រឪពុក​ម្តាយ​ឃាត់​ឱ្យ​នៅ​រៀន នាង​លេបថ្នាំ​ធ្វើ​អត្តឃាត

ចង់​ធ្វើ​កម្មការិនី​រោងចក្រឪពុក​ម្តាយ​ឃាត់​ឱ្យ​នៅ​រៀន នាង​លេបថ្នាំ​ធ្វើ​អត្តឃាត



ខេត្តកណ្ដាល ៖ ក្មេង​ស្រី​ម្នាក់​ដោយសារ​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​មិន​ឲ្យ​ទៅ​ធ្វើការ​នៅ​រោងចក្រ បាន​លេបថ្នាំ​បំពុល​កណ្តុរ​ធ្វើ​អត្តឃាត និង​បាន​ស្លាប់​ខណៈ​ពេល​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ ។ ក្មេង​ស្រី​ដែល​លេបថ្នាំ​សម្លាប់​ខ្លួន​នេះ​ឈ្មោះ មាន សុ​ធាន អាយុ​១៦​ឆ្នាំ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥២​នាទី យប់​ថ្ងៃ​ទី​០៧ ខែឧសភា នៅ​លើ​ផ្ទះ​ស្ថិត​ក្នុងភូមិ​បឹង​គ្រំ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ។

បើ​តាម​ឪពុក​ឈ្មោះ អ៊ុំ ចក់ បាន​រៀបរាប់​ទាំង​ក្តី​សោកសៅ​អាឡោះអាល័យ​កូនស្រី​ជាទី​ស្រឡាញ់​ថា កូនស្រី​របស់​គាត់​បាន​ទៅ​ធ្វើតេស្ដ ចូល​ធ្វើការ​នៅ​រោងចក្រ​ឯ​រាជធានី​ភ្នំពេញ​មួយ​រយៈ​ហើយ ប៉ុន្តែ​ដោយ​ខាង​រោងចក្រ​ប្រាប់​ថា នាង​មិន​ទាន់​គ្រប់​អាយុ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ដើរ​រក​ខ្ចី​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​របស់​អ្នក​ជិតខាង​ដែល​គ្រប់​អាយុ ដើម្បី​កែ​ច្នៃ​ក្នុង​បំណង​ឲ្យ​បាន​ចូល​ធ្វើការ ។ ខណៈនោះ ពួក​គាត់​ជា​ឪពុក​ម្តាយ​បាន​ប្រាប់​កូន​មិន​ឲ្យ​ខ្ចី​របស់​គេ​ទេ ដោយ​កូន​នៅ​ក្មេង​ហើយ​ឲ្យ​កូន​បន្ត​ការ​រៀនសូត្រ​សិន មិន​ចង់​ឲ្យ​កូន​ទៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ​ឡើយ ។

ក្រោយ​ពី​និយាយ​ណែនាំ​រួច ក្មេង​ស្រី​ហាក់បីដូចជា​ខឹង​នឹង​ឪពុក​ម្តាយ​ដែល​និយាយ​ពាក្យ​ប្រៀនប្រដៅ​ចង់​ឲ្យ​កូន​ល្អ ក៏​បាន​ដើរ​ចេញ​ទៅ​បាត់​មួយសន្ទុះ លុះ​ត្រឡប់​មក​វិញ​ឡើង​សម្ងំ​នៅ​លើ​ផ្ទះ ។ ស្រាប់តែ​បន្តិច​ក្រោយមក ម្តាយមីង​រត់​មក​ប្រាប់​ថា​កូនស្រី​របស់​គាត់​ទូរស័ព្ទ​ប្រាប់ ថា​លេប​ថ្នាំពុល​សម្លាប់​ខ្លួន​នៅ​លើ​ផ្ទះ ក៏​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​រត់ឡើង​ទៅ​មើល ឃើញ​កូន​កំពុង​ប្រកាច់​បែកពពុះមាត់ ។ ភ្លាម​ៗ​នោះ បាន​ដឹក​កូនស្រី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គគីរ ស្រុក​កៀនស្វាយ ប៉ុន្តែ​ជា​អកុសល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា យឺត​ពេល​ទៅ​ហើយ​ថ្នាំ​បាន​ជ្រាប​ចូល​ដល់​បេះដូង​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ក៏​ដឹក​សព​កូន​ត្រឡប់​មក​ផ្ទះ ។

ក្រោយ​ពី​ដឹក​សព​កូនស្រី​មក​ដល់​ផ្ទះ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ជំនាញ ចុះ​មក​សហការ​ជាមួយ​នគរបាល​ប៉ុ​ស្ត៍ អាជ្ញាធរ​ឃុំ និង​ក្រុម​គ្រូពេទ្យ ធ្វើ​កោសល្យវិច័យ​រួច​បញ្ជាក់​ថា ក្មេង​ស្រី​រូប​នេះ​ពិតជា​ស្លាប់​ដោយសារ​លេបថ្នាំ​កណ្តុរ​ប្រាកដ​មែន ៕