Vardy សន្យា​បន្ត​នៅ​ជាមួយ​ក្លិប Leicester

ខ្សែប្រយុទ្ធ​ក្លិប​កញ្ជ្រោង​កីឡាករ​Jamie Vardy​ដែល​បាន​ជួយ​ឱ្យ​ក្លិប​Leicester ក្លាយជា​ម្ចាស់​ពាន​ប្រឺ​មី​ញេ​លី​ក​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន បាន​សន្យា​ថា រូប​លោក​នឹង​បន្ត​នៅ​ជាមួយ​ក្លិប​នេះ នៅ​រដូវ​កាល​ក្រោយ​ទៀត ។

ក្នុង​រដូវ​កាល​ប្រឺ​មី​ញេ​លី​ក ២០១៥-២០១៦​នេះ Vardy រកបាន​២៤​គ្រាប់ ហើយ​លោក​គិត​ថា រូប​លោក​នឹង​ត្រូវ​ក្លិប​ខ្លាំង​ណាមួយ​ចាប់អារម្មណ៍ និង​ត្រៀម​ទិញ​រូប​លោក​ផង​ដែរ​។ ទោះបីជា​យ៉ាងណា Vardy បាន​និយាយ​ថា​៖ «​ខ្ញុំ​នឹង​បដិសេធ​នូវ​សំណើ​នានា​ទោះបីជា​ខ្ញុំ​ត្រូវ​បាន​ក្លិប​ដទៃ​ឱ្យ​តម្លៃ​ថ្លៃ​ក៏​ដោយ ព្រោះថា​ក្លិប​របស់​យើង​ទើបតែ​បាន​គ្រង​ជា​ម្ចាស់​ជើងឯក​លើក​ដំបូង​ប៉ុណ្ណោះ ហើយ​យើង​នឹង​ព្យាយាម ធ្វើ​វា​ឱ្យ​បាន​កាន់តែ​ល្អ​សម្រាប់​រដូវ​កាល​ក្រោយ​ទៀត​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Vardy ត្រូវ​បាន​ជាប់​ជា​កីឡាករ Football Writer’s Player​ប្រចាំឆ្នាំ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា សមិទ្ធផល​ដែល​ក្លិប​Leicester ទទួល​បាន​មិនមែន​មក​ពី​រូប​លោក​ម្នាក់ឯង​ទេ គឺជា​ការ​សាមគ្គី​ជា​ក្រុម​។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​អះអាង​ថា ជោគជ័យ​ដំបូង​របស់​Leicester គឺ​ក្រោយ​ពី​គ្រូបង្វឹក​លោក Claudio Renieri បាន​អនុញ្ញាត​ឱ្យ​កូនក្រុម​សម្រាក​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​ចាញ់​ក្នុង​ការ​ប្រកួត FA Cup ជាមួយ​ក្លិប​Tottenham កាលពី​ខែកុម្ភៈ ។ ចាប់ពី​ពេល​នោះ​មក ក្លិប​កញ្ជ្រោង​បាន​បង្ហាញ​សមត្ថភាព​ជា​ថ្មី​ដោយ​បាន​យកឈ្នះ​ក្លិប​Man City ៣-១​ដែល​ធ្វើ​ឱ្យ​ក្លិប​នេះ​មាន​សង្ឃឹម​ឡើង​វិញ ព្រមទាំង​អាច​ក្លាយជា​ម្ចាស់​ជើងឯក​នៅ​រដូវ​កាល​នេះ​ដោយ​នឹក​ស្មាន​មិន​ដល់ ៕