កំណាព្យ «ម៉ែ» ដោយ ឃុត លីនាង

ម៉ែប្រាប់រឿងមួយចូរកូនចាំ   ពេលម៉ែរងកម្មពរពោះកូន

ចាញ់ខ្លិនអសោចស្ទើរស្លាប់សូន្យ   ព្រោះម៉ែចាញ់កូនណាបុត្រា។

ម៉ែមិនហ៊ានហូបម៉ែមិនហ៊ានជក់   ម៉ែមិនហ៊ានភ្លក់រស់អាហារ

ព្រោះតែម៉ែខ្លាចកូនមរណា   ក្នុងផ្ទៃមាតាខានឃើញភ័ក្រ្ត។

ម៉ែមិនហ៊ានផឹកម៉ែមិនហ៊ានរត់   ម៉ែដើរទប់ៗខ្លាចដួលទាក់

ទោះកូនខំរើកំរើកធាក់   ម៉ែឈឺព្រោះអ្នកណាបុត្រថ្លៃ។

ម៉ែគេងមិនស្កប់ភ្នែកខ្មៅរូង   ម៉ែឈឺញ័រទ្រូងខ្លាចកូនក្សៃ

ពីមុនម៉ែដើរមិនខ្លាចថ្ងៃ   ពេលមានបុត្រថ្លៃម៉ែខ្លាចគ្រប់។

ពេលម៉ែកើតអ្នកហូរធ្លាក់ឈាម   ម៉ែឈឺក្រំក្រៀមទាំងថ្ងៃយប់

តាំងពីព្រលឹមទល់ព្រលប់   ឈឺពេកសន្លប់បាត់ស្មារតី។

ពេលកូនប្រសូត្រឃើញលោកា    ម៉ែលើកហត្ថាការបុត្រថ្លៃ

មកផ្អិបនឹងទ្រូងម្តាយពិសី   បៅដោះម្តាយថ្លៃដោយមេត្តា។

ទឹកដោះម៉ែប្រែពីលោហិត   ផ្សើមមាត់មាសមិត្តជាអាហារ

ពេលកូនបិទភ្នែកមិនវាចារ    កើយទ្រូងមាតាដោយកក់ក្តៅ។

ពេលកូនធំឡើងចូរកូនចាំ   គ្រប់ពាក្យបណ្តាំម៉ែប្រដៅ

កុំសេពគ្រឿងញៀនឃ្លានល្ងង់ឃ្លៅ   រៀនយកសៀវភៅជាប្រឹក្សា។

រៀនរាប់មនុស្សល្អដោយចិត្តស្មោះ   រៀនធ្វើជាប្រុសកុំសាវ៉ា

រៀនធ្វើជាប្តីក្នុងគ្រួសារ    រៀនធ្វើជាប៉ាពេលមានបុត្រ។

រៀនរស់ឲ្យយល់ពីធម៌អា   រៀនទៅវត្តវ៉ាខែភ័ក្រ្តបុត្រ

រៀនធ្វើអ្នកមានកុំឲ្យខ្សត់   រៀនចិត្តអំណត់ពេលកូនខឹង។

ឥលូវម៉ែចាស់ភ្លេចភ្លាំងភ្លឹក   ភ្លេចបាយភ្លេចទឹកបាត់លំនឹង

ទាន់ភ្នែកម៉ែភ្លឺមានព្រលឹង   ឃើញកូនរឹងពឹងមុនម៉ែឃ្លាត។

ពេលម៉ែឃ្លាតទៅកូនកុំយំ   ព្រោះមនុស្សយើងផ្គុំពីបួនធាតុ

កើតចាស់ឈឺស្លាប់ប្រាប់គ្រប់ជាតិ   គ្រប់មនុស្សត្រូវឃ្លាតចាកលោកា៕

ផ្តល់សិទ្ធិដោយ៖ ឃុត លីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload