គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៩​ឧសភា​ កើតឡើង​៩​លើក​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៩​ឧសភា​ កើតឡើង​៩​លើក​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ (​ប្រុស​) រង​របួស​ធ្ងន់​៨​នាក់ (ប្រុស) និង​របួសស្រាល​៨​នាក់ (​ប្រុស)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត​សរុប ចំនួន​១៧​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៦​គ្រឿង រថយន្ត​ធុន​ធំ ចំនួន​២​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៤​លើក (​ស្លាប់​២​នាក់​) ,ស្រវឹង​២​លើក (​ស្លាប់​១​នាក់​) ,ប្រជែង​គ្រោះថ្នាក់​១​លើក ,និង​មិន​គោរព​សិទ្ធិ​២​លើក (​ស្លាប់​១​នាក់​)។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់ (​យប់​៣​នាក់)។​

គ្រោះថ្នាក់​លើ​ដង​ផ្លូវ​រួម​មាន ផ្លូវជាតិ ចំនួន​៥​លើក និង​ផ្លូវ​ខេត្ត-ក្រុង ចំនួន​៤​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​រួមមាន ម៉ូតូ​២​លើក រថយន្ត​ធុន​តូច​៤​លើក រថយន្ត​ធុន​ធំ​១​លើក យាន​ផ្សេងៗ​១​លើក និង​អ្នក​ថ្មើរជើង​១​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត/រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​រួមមាន រាជធានី​ភ្នំពេញ ២​លើក ស្លាប់​១​នាក់ របួស​១​នាក់ ខេត្ត​កំពង់ចាម​១​លើក ស្លាប់​១​នាក់ ខេត្ត​បន្ទាយមានជ័យ​១​លើក ស្លាប់​១​នាក់ របួស​៥​នាក់ និង​ខេត្ត​សៀមរាប​១​លើក ស្លាប់​១​នាក់ របួស​១​នាក់។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៣.៦១៦​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន​១.៤០៧​គ្រឿង និង​ពិន័យ​សរុប​២.២០៩​គ្រឿង៕គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៩​ឧសភា​ កើតឡើង​៩​លើក​