មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​ចំនួន​១០៥​នាក់ ​ពុល​ម្ហូប​ក្នុង​ពិធី​មង្គលការ

មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​ចំនួន​១០៥​នាក់ ​ពុល​ម្ហូប​ក្នុង​ពិធី​មង្គលការ



កណ្ដាល ៖ មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​ ចំនួន​១០៥​នាក់​ ដែល​ពុល​ម្ហូប​អាហារ​ នៅ​ក្នុង​ពិធី​មង្គលការ​មួយ​ កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ២០១៦​ស្ថិត​ នៅ​ក្នុង​ភូមិ​ពពាលខែ​ ឃុំ​ដីឥដ្ឋ​ ស្រុក​ កៀនស្វាយ​.​ខេត្ត​កណ្តាល​ ឥឡូវ​បាន​ធូរស្បើយ​ ហើយ​វិល​បាន​ត្រឡប់​ទៅផ្ទះ​វិញ​អស់ហើយ បន្ទាប់ពី​អាជ្ញាធរ​ឃុំ​ស្រុក​និង​ក្រុម​គ្រូពេទ្យ​ស្រុក​ខិតខំ​យកចិត្ត​ទុកដាក់​មើលថែ​ព្យាបាល ទាំង​នៅ​ពេទ្យ និង​ទាំង​នៅ​តាម​ផ្ទះ​រយៈពេល​៣​ថ្ងៃ​រួចមក។

លោក នង សុវណ្ណា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ​ បាន​ឲ្យ​ដឹង​ថា ករណី​មនុស្ស​ពុល​ម្ហូប​អាហារ​នៅ​ក្នុង​ពិធី​មង្គលការ​ជាច្រើន​នាក់​លោក​បាន​ចាត់​ឲ្យ​អនុប្រធាន​ពេទ្យ​ស្រុក​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជាច្រើន​នាក់​ ចុះ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ និង​អាជ្ញាធរ​សមត្ថកិច្ច ចុះទៅ​ព្យាបាល​តាមដាន​ស្ថានភាព​អ្នកជំងឺ​ នៅ​តាម​ផ្ទះ​ជាប្រចាំ​យ៉ាង​យកចិត្តទុកដាក់​បំផុត។

សូម​បញ្ជាក់​ថា ក្នុងចំណោម​អ្នកជំងឺ​ប្រុស​ស្រី​ចាស់​ក្មេង​ទាំង​១០៥​នាក់​នោះ គឺ​សុទ្ធ​តែ​មាន​អាការៈ​រាករូស​.ក្អួតចង្អោរ.​ទន់​ដៃជើង​អត់​កម្លាំង​ និង​ចុកពោះ​។ ក្នុង​នោះ​មាន​អ្នក​ធ្ងន់ធ្ងរ​ដោយសារ​ទន់​ដៃជើង​ខ្លាំង​ចំនួន​១៧នាក់​ក្រៅ​ពី​នេះ ស្ថានភាព​ធម្មតា​ដើរ​បាន គ្រាន់តែ​ហូប​អាហារ​មិនបាន​ដាក់​ចូល​ក្អួត។

លោក នង វណ្ណា បញ្ជាក់​ទៀត​ថា ស្ថាន​ភាព​អ្នកជំងឺ​សុទ្ធ​តែ​មាន​អាការៈ​ដូច​គ្នា ​គ្រាន់តែ​ខ្លះ​ធ្ងន់ និង ខ្លះ​ទៀត​ស្រាល​ប៉ុណ្ណោះ។ បើ​តាម​ការ​សន្និដ្ឋាន​បណ្ដាល​មកពី​ ពួកគាត់​ហូប​ម្ហូប​ ដែល​គ្មាន​អនាម័យ​ល្អ​មាន​ជាតិគីមី​ ប៉ុន្តែ​មិន​ដឹង​មុខម្ហូប​មួយ​ណា​ទេ​ ព្រោះ​ម្ហូប​ការ​ច្រើន​មុខ​ ទើប​បណ្ដាល​ទៅជា​មាន​អាការៈ​បែបនេះ​។ រហូតមកដល់​ព្រឹក​ថ្ងៃទី​១០​នេះ ស្ថានភាព​អ្នកជំងឺ​ទាំង​១០៥​នាក់​នោះ​ បានជា​ធូរស្រាល​វិលត្រឡប់​ ទៅ​គេហដ្ឋាន​វិញ​អស់​ហើយ។ ចំពោះ​ការ​ព្យាបាល​ជូន​ពួក​គាត់​យ៉ាង​យកចិត្ត​ទុក​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នេះ​ គឺ​ពុំបាន​គិត​ថ្លៃ​ទេ។

ករណី​ពលរដ្ឋ​ពុល​ម្ហូបអាហារ​នេះ​លោក ម៉ក់ ពេជ្ជរិ​ទ្ធ ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​បាន​ចុះ​សួរសុខ​ទុក្ខ​ និង ជួយឧបត្ថម្ភ​ថវិកា​ដល់​អ្នកជំងឺ​តាម​ផ្ទះ​ទាំង​១០៥​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​៤០០០០​រៀល​ផង​ដែរ៕