បុរស​ជនជាតិ​វៀតណាម​ម្នាក់​លង់ទឹក​ស្លាប់ ​មុខ​ផ្ទះ​សំណាក់​​ដើម​ជ្រៃ ក្នុង​ព្រែក​កំពត

បុរស​ជនជាតិ​វៀតណាម​ម្នាក់​លង់ទឹក​ស្លាប់ ​មុខ​ផ្ទះ​សំណាក់​​ដើម​ជ្រៃ ក្នុង​ព្រែក​កំពត



កំពត ​៖​ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ បាន​លង់ទឹក​ស្លាប់​ក្នុង​ព្រែក​កំពត មុខ​ផ្ទះ​សំណាក់​​ដើម​ជ្រៃ​ បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​យប់​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ ​ស្ថិតនៅ​ភូមិ​អូរ​តូច សង្កាត់​អណ្ដូង​ខ្មែរ ​ក្រុង​កំពត ខេត្ត​កំពត។

បុរស​រងគ្រោះ​ខាង​លើ​មាន​ឈ្មោះ ខ្វៀ​ង ថា​ន់​ឡុង ជនជាតិ វៀតណាម អាយុ​៣៤ មានមុខ​របរ​មិន​ពិតប្រាកដ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះសំណាក់ សា​ម៉ុង​វី​លិច នៅ​ជិត​កន្លែង​​កើតហេតុ។

លោក​អនុសេនីយ៍ឯក​ ស៊ិន​ ស៊ីយឿន ​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អណ្ដូង​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ ដែល​លង់​ទឹក​ស្លាប់​ បាន​ទាក់ទង​ស្គាល់​គ្នា​ជា​មួយ​បុរស​ជនជាតិ​​អាមេរិក​ និង​ស្ត្រី​ជនជាតិ​បារាំង​ពីរ​នាក់ ​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦ ​ហើយ​បាន​ណាត់គ្នា​ទៅ​ផឹក​នៅ​ហាង​ណូឡា នៅ​វេលា​ម៉ោង​១០​យប់ រួច​ចេញ​ទៅ​ផឹក​បន្ត​​ទៀត​នៅ​ម៉ាត​មុំាង​ឃី នៅ​វេលា​ម៉ោង​១២​យប់​កណ្ដាល​អធ្រាត្រ​ រហូត​ដល់​ម៉ោង​១២​និង​៣០​ បាន​ចេញពី ម៉ា​ត​មុំា​ង​ឃី ទៅ​ផឹក​បន្ដ​ទៀត​នៅផ្ទះ​សំណាក់ដើម​ជ្រៃ​កន្លែង​កើតហេតុ។

លោក​អនុសេនីយ៍ឯក ​ស៊ិន​ ស៊ី​យឿន បាន​បន្ដ​ទៀត​ថា ​​នៅ​ពេល​កំពុង​ផឹក​ជាមួយ​ភក្ដិ ​ដែល​ទើប​នឹង​ស្គាល់​នៅ​ក្នុង​ផ្ទះសំណាក់​​ដើម​ជ្រៃ ជនរងគ្រោះ​បាន​មុជទឹក​លេង​នៅ​ក្នុង​ព្រែក​កំពត​ពីមុខ​ផ្ទះសំណាក់ ហើយ​លោត​ចូល​ទឹក​ រួច​ក៏​លិច​បាត់​មិន​ងើប​មកវិញ។ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ​ ក៏​បង្ក​​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​រាវរក ​រហូតដល់​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦​ ទើប​ប្រទះ​​ឃើញ​សាកសព​(​ជនរងគ្រោះ​) ឱប​សសរ​កន្លែង​លោតទឹក​លេង​ មុខ​ផ្ទះ​សំណាក់​​ដើម​ជ្រៃ ដោយសារតែ​ទឹក​ព្រែក​កំពត​នាច។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​ ដែល​ទៅ​ពិនិត្យ​សាកសព​បាន​ឲ្យ​ដឹង​ទៀត​ថា ជនរងគ្រោះ​ទំនងជា​ស្រវឹងស្រា​ខ្លាំង ហើយ​លោតទឹក​បណ្ដាល​ឲ្យ​ខ្យល់គរ លង់ទឹក​ស្លាប់​តែម្ដង ។ បច្ចុប្បន្ន​សាកសព​(​ជនរងគ្រោះ​) តម្កល់​ទុក​នៅ​ក្នុង​មន្ទីរ​បង្អែក​ខេត្ត​កំពត ​​រង់ចាំ​​​​បងប្អូន​យក​ទៅ​​ធ្វើ​​​​​បុណ្យ​តាម​ប្រពៃណី ៕

បុរស​ជនជាតិ​វៀតណាម​ម្នាក់​លង់ទឹក​ស្លាប់ ​មុខ​ផ្ទះ​សំណាក់​​ដើម​ជ្រៃ ក្នុង​ព្រែក​កំពត