ផលិតផល​៥​យ៉ាង ដែល​អ្នក​មិន​គួរ​ប្រើ​នៅ​លើ​មុខ​របស់​អ្នក​

ផលិតផល​៥​យ៉ាង ដែល​អ្នក​មិន​គួរ​ប្រើ​នៅ​លើ​មុខ​របស់​អ្នក​



ស្បែក​របស់​អ្នក គឺ​សរីរាង្គ​ដ៏​ធំ​បំផុត​ដែល​អ្នកមាន ហើយ​ជានិច្ចកាល​ វា​តែង​ប្រឈម​នឹង​កត្តា​ជាច្រើន ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​នេះ​ដោយ​ផ្ទាល់​។ កត្តា​អាកាសធាតុ របប​អាហារ ទម្លាប់​ នៃ​ការ​រស់នៅ និង​ផលិតផល​ថែរក្សា​សម្ផស្ស​ជាច្រើន​ទៀត ដែល​អ្នកប្រើប្រាស់​គឺជា​កត្តា​ដែល​ជះ​ឥទ្ធិពល​ទៅលើ​ទិដ្ឋភាព​របស់​ស្បែក ទាំង​ផ្នែក​វិជ្ជមាន និង​ផ្នែក​អវិជ្ជមាន អាស្រ័យ​ទៅ​លើ​កម្រិត ​នៃ​ការ​ថែរក្សា​ស្បែក​របស់​អ្នក។ ផ្នែក​ដ៏​សំខាន់​បំផុត នៃ​ស្បែក​របស់​អ្នក គឺ​ស្បែក​ស្ថិតនៅត្រង់​មុខ និង​ក​របស់​អ្នក។ បរិវេណ​សំខាន់ៗ​ទាំងអស់នេះ គឺមាន​ការ​ប្រឈម​ខ្ពស់​នឹង​ការរង​វិបត្តិ​ពី​បញ្ហា​ទាក់ទង​នឹង​ស្បែក ពីព្រោះ​យើង​ទំនងជា​ងាយ​ប្រើ​ផលិតផល​នៅ​លើ​វា​។ អ្នកឯកទេស​ផ្នែក​ថែ​សម្ផស្ស​ជាច្រើន​ណែនាំ​ថា ផលិតផល​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ខូច ពីព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​មិនល្អ ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត បណ្ដាល​ឲ្យ​លេចចេញ​នូវ​ស្នាម​មុន និង​បញ្ហា​ស្បែក​ដទៃ​ទៀត​។​

ទឹកខ្មេះ ​៖ ទិកនិក​ថែ​សម្រស់​ជាច្រើន ណែនាំ​ឲ្យ​ប្រើ​ទឹកខ្មេះ​ដើម្បី​ដោះស្រាយ​បញ្ហា​មុន និង​រោគ​ផ្សិត ប៉ុន្តែ​ទោះបីជា​យ៉ាងណា វា​មិន​ត្រូវបាន​ណែនាំ​ឲ្យ​លាប​ទៅលើ​ស្បែក​របស់​អ្នក​នោះ​ទេ ពី​ព្រោះ​អាស៊ីដ​អា​សេ​ទិ​ក​នៅ​ក្នុង​ទឹកខ្មេះ អាច​បណ្ដាល​ឲ្យ​ខូច​ស្បែក​នៅ​បរិវេណ​ដែល​លាប​នោះ ជា​ពិសេស ប្រសិនបើ​អ្នកមាន​ស្បែក​ងាយ​ប្រតិកម្ម មាន​ដំបៅ ដាច់​រយះ ឬ​ស្នាម​រលាក។

ការ​ប្រើ​ទឹកខ្មេះ​ដោយ​ផ្ទាល់​ទៅលើ​ស្បែក​របស់​អ្នក អាច​បង្កើន​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ប្រើ​ផលិតផល​ទឹកខ្មេះ​នេះ​ទៅលើ​ស្បែក​របស់​អ្នក យើង​ណែនាំ​ឲ្យ​អ្នក​លាយ​វា​ជា​មួយ​ទឹក ​ក្នុង​ចំណែក​ស្មើៗ​គ្នា។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ ក្រហាយ នៅ​ពេល​លាប​វា យក​ល្អ​សូម​បញ្ឈប់​ប្រើ​វា​ឥឡូវនេះ​ភ្លាម។ ចំពោះ​ករណី​ខ្លះ ផលិតផល​នេះ គឺ​ហាម​ប្រើ​ជាដាច់ខាត​សម្រាប់​ថែរក្សា​ស្បែក ដូច្នេះ​អ្នក​គួរ​ជៀសវាង​ប្រើ​វា​តែម្ដង។

Spray បាញ់​សក់ និង​សាប៊ូ​កក់​សក់ ​៖ តាម​ក្បួន​ពីមុន ដើម្បី​ឲ្យ​ការ Makeup តែង​មុខ​បាន​ល្អ​ គឺ​ត្រូវ​លាប Spray បាញ់​សក់​ទៅលើ​មុខ​របស់​អ្នក ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ការ Makeup នេះ​ជាប់​បាន​យូរ​។ ប៉ុន្តែ​តាមពិត​ គឺថា ការ​ធ្វើ​ដូច្នេះ​អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត ដោយសារ​ផលិតផល​ទាំងនេះ មាន​ផ្ទុក​ជាតិ​អាកុល​ខ្ពស់ ដែល​មិនល្អ​សម្រាប់​ស្បែក​របស់​អ្នក​។ បញ្ហា​ដូចគ្នានេះ កើតមាន​ចំពោះ​មនុស្ស ដែល​ប្រើ​សាប៊ូ​កក់​សក់ ​ដើម្បី​លាង​សម្អាត​មុខ ប៉ុន្តែ​គួរ​ជ្រាប​ថា ផលិតផល​ទាំងនេះ​មាន​ផ្ទុក​សមាសធាតុ​ផ្សំ​គីមី ដែល​មិនល្អ​សម្រាប់​ស្បែក​របស់​អ្នក និង​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត និង​រលាក។​

ក្រែ​ម​ មាន​ផ្ទុក​សារធាតុ Retinol៖ សារធាតុ Retinol ត្រូវ​បាន​គេ​ផ្សាយ​ថា គឺជា​សមាសធាតុ​ផ្សំ​ដ៏​សកម្ម​ប្រឆាំង​នឹង​ជំងឺ​មុន និង​ភាព​ចាស់​ជ្រីវជ្រួញ ប៉ុន្តែ​ទោះជា​យ៉ាងណា អ្នក​ជំនាញ​មិន​ណែនាំ​ឲ្យ​ប្រើ​ផលិតផល​នេះ​នោះ​ទេ ពីព្រោះ​វា​ខ្លាំង​ណាស់​សម្រាប់​ស្បែក វា​ធ្វើ​ឲ្យ​ស្បែក​ស្ដើង និង​អាច​ធ្វើ​ឲ្យ​ស្បែក​កាន់តែ​ងាយ​ប្រតិកម្ម។ ម្យ៉ាងទៀត នៅ​ក្នុង​ករណី​ខ្លះ អាច​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ក្រហម និង​ព្រមទាំង​អាច​ធ្វើ​ឲ្យ​ស្បែក​ឡើង​កន្ទួល​ទៀត​ផង។​

វីតាមីន E សុទ្ធ​ ៖ វា​ជា​ការពិត​ដែរ​ថា វីតាមីន E ល្អ​ប្រសើរ​សម្រាប់​រាងកាយ​របស់​អ្នក ហើយ​ក្រុមហ៊ុន​ផលិតផល​ថែ​សម្ផស្ស​ភាគច្រើន ប្រើ​វីតាមីន E នេះ នៅ​ក្នុង​ផលិតផល​របស់​ខ្លួន​។

ប៉ុន្តែ​ទោះជា​យ៉ាងណា អ្នក​គួរតែ​ជៀសវាង​ការប្រើ​ប្រេង​ដោយផ្ទាល់ ទៅលើ​ស្បែក​របស់​អ្នក ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស និង​បណ្ដាល​ឲ្យ​កើតមានឡើង​នូវ​មុន។ ម្យ៉ាងទៀត វា​ធ្លាប់​កើតមាន​នូវ​ករណី​ប្រតិកម្ម​ដូចជា ការ​លាក អាការៈ​ហើម ឬ​ឡើង​ក្រហម នៅពេល​ប្រើប្រាស់​ផលិតផល​នេះ​ទៅលើ​ស្បែក​របស់​អ្នក​៕