អ្នកនាំពាក្យ ​៖ ក្រសួងការបរទេស​មាន​សិទ្ធិ​បញ្ជូន​សំណើ​ ករណី​បុគ្គលិក UN ទៅ​តុលាការ ​តែ​គ្មាន​សិទ្ធិ​សម្រេច​

អ្នកនាំពាក្យ ​៖ ក្រសួងការបរទេស​មាន​សិទ្ធិ​បញ្ជូន​សំណើ​ ករណី​បុគ្គលិក UN ទៅ​តុលាការ ​តែ​គ្មាន​សិទ្ធិ​សម្រេច​



ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អះ​អាង​ថា ក្រសួងការបរទេស​បាន​បញ្ជូន​សំណើ​ទាក់ទង​អភ័យឯកសិទ្ធិ​របស់ ​លោក សឺ​ន សាលី បុគ្គលិក​ការិ​យាល័យ​របស់​អង្គការសហប្រជាជាតិ (UN) ទៅ​សមត្ថកិច្ច​រួចហើយ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​អា​ស្រ័យ​ទៅលើ​តុលាការ​។​

ការសម្រេច​បញ្ជូន​ឈ្មោះ​បុគ្គលិក​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ (UN) ទៅ​សមត្ថកិច្ច​នេះ បន្ទាប់ពី​ ឈ្មោះ សឺ​ន សាលី ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី ទាក់ទង​ការណែនាំ​ឲ្យ​ ស្រីមុំ​ និយាយ​កុហក​ប្រាប់​សមត្ថកិច្ច​។​

ទាក់ទង​បញ្ហា​នេះ លោក ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មា​ន​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​ថា បន្ទាប់ពី​បញ្ជូន​ឯកសារ​ទៅ​សមត្ថកិច្ច​រួច ដូចជា​អត់​មានការ​វិវត្តន៍​អ្វី​បន្ត​ទៀត​ទេ គឺ​តុលាការ​អត់​មាន​ចំណាត់ការ​បន្ត​ទៀត​ទេ​។ លោក​បញ្ជា​ក់​ថា “​ក្រសួង​បាន​បញ្ជូន​ទៅ​តាំងពី​២​សប្ដាហ៍​មុន ហើយ​បញ្ហា​នេះ ដោយសារតែ​កន្លងមក​ការិយាល័​យ​សម្របសម្រួល​របស់​អង្គការសហប្រជាជាតិ ​ពុំបាន​ផ្តល់​បញ្ជីរាយនាម​មន្ត្រី​របស់​ខ្លួន ដែល​មាន​អភ័​យឯកសិទ្ធិ​មកកាន់​ក្រសួងការបរទេស​ទេ ដូច្នេះ​ខាង​ក្រសួង​អត់​បាន​ដឹង​ថា មន្ត្រី​ណាខ្លះ​មាន​អភ័យ​ឯ​កសិទ្ធិ​នោះ​ទេ ពីព្រោះ​នៅក្នុង​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ មិនមែន​មានន័យថា មន្ត្រី​ទាំ​ង​អស់​សុទ្ធ​តែ​មាន​អភ័យឯកសិទ្ធិ​នោះ​ទេ ហើយ​នៅពេល​មាន​បញ្ហា​នោះ​ទើប​ការិយាល័យ​សម្រប​ស​ម្រួល​របស់​អង្គការសហប្រជាជាតិ​បាន​ផ្តល់​បញ្ជី​មក​ក្រសួងការបរទេស​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០​១៦ ហើយ​ក្នុង​នោះ​យើង​ឃើញ​មានឈ្មោះ ​លោក សឺ​ន សាលី មាន​អភ័យឯកសិទ្ធិ​ដែរ​”​។​

តាម​លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ ក្រសួង​ក៏​បាន​បញ្ជូន​ឈ្មោះ​នេះ​ទៅ​សមត្ថកិច្ច ដោយ​ស្នើ​ឲ្យ​ពិនិត្យ​លើ​ករណីនេះ ហើយ​មកដល់ពេលនេះ យើង​ឃើញថា អត់​មាន​ប​ញ្ហា​អ្វី​កើតឡើង​បន្ថែម​ទៀត​ទេ​។

ដោយឡែក​ទាក់ទង​សំណួរ​ថា តើ​អភ័យឯកសិទ្ធិ​អាច​រារាំង​ចំណាត់ការ​របស់​សមត្ថ​កិច្ច​បាន​ដែរ​ឬទេ ? លោក ជុំ សុន្ទរី អះ​អាង​ថា ភារកិច្ច​របស់​ក្រសួងការបរទេស គឺ​ពិនិត្យ​មើល​ថា តើ​អ្នកណា​មាន​អភ័យ​ឯកសិទ្ធិ ហើយ​យើង​បញ្ជូន​ករណី​នោះ​ទៅ​សមត្ថកិច្ច​ជាមួយ​នឹង​សំណើ ប៉ុន្តែ​ការ​សម្រេច គឺជា​អំណា​ច​របស់​តុលាការ ពីព្រោះ​អំណាចនីតិប្រតិបត្តិ​មិន​មាន​សិទ្ធិ​ទៅ​បញ្ជា ឬ​សម្រេច​លើ​អំណាចតុលាការ​ទេ គឺ​មាន​សិទ្ធិ​គ្រាន់តែ​បញ្ជូន​សំណើ​ប៉ុណ្ណោះ តែ​ការសម្រេច​អាស្រ័យ​តុលាការ​៕