លោក ហ៊ុន សែន៖ ចង់​​​ពណ៌អីក៏ដោយ ឲ្យតែ​​​ធ្វើខុស​​​ច្បាប់ដាក់ទាំង​​​អស់​​​

លោក​​​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បាន​​​បញ្ជា​​​ឲ្យ​​​​​​​​​រារាំង​​​ការ​​​តវ៉ា​​​​​​ថ្ងៃ​​​ច័ន្ទ​​​ពណ៌​​​ខ្មៅ​​​​​​ដែល​​​​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​​​​មន្ត្រី​​​សិទ្ធិ​​​មនុស្ស​​​បួន​​​រូប​​​និង​​​មន្ត្រី​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​មួយ​​​រូប ដោយ​​​បញ្ជាក់​​​ថា​​​រដ្ឋាភិបាល​​​ត្រូវ​​​រក្សា​​​សន្តិភាព​​​និង​​​ស្ថិរភាពនយោបាយ​​​។​​​​​​

​​​ថ្លែង​​​​​​ក្នុង​​​​​​ពិធី​​​ចែក​​​​​​សញ្ញាបត្រ​​​​ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ក្នុង​​​ក្រុង​​​ភ្នំពេញ​​​នៅ​​​ថ្ងៃ​​​នេះ លោក ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “​​​ឥឡូវ​​​មិន​​​អនុញ្ញាត​​​​​​ឲ្យ​​​​​​អ្នក​​​ណា​​​ ទោះ​​​បី​​​វា​​​ពណ៌​​​អី​​​ក៏​​​ដោយ ខ្ញុំ​​​បាន​​​​​​ប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅ​​​ថ្នាក់ដឹក​​​នាំដទៃ​​​ទៀត កុំខ្វល់ពីរឿងពណ៌ ហ្អែង​​​ចង់​​​ពណ៌អីក៏ដោយ ឲ្យតែ​​​ធ្វើខុស​​​ច្បាប់ដាក់ទាំង​​​អស់​​​ហ្នឹង! អត់​​​មាន​​​រញ៉េរ​​​ញ៉ៃទេ”។

កាលពី​ថ្ងៃ​អាទិត្យ រដ្ឋាភិបាល​បាន​និយាយ​ថា ​ការ​តវ៉ា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​​​​​នឹង​ត្រូវ​​​​​​​ចាត់​ទុក​​ជា​ការ​ បះបោរ​ និង​ជាការ​ប៉ុនប៉ង​ធ្វើ​​​​បដិ​វត្តន៍ពណ៌​​​។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “រាជរដ្ឋាភិ​​​បាលត្រូវ​​​ការ​​​រក្សា​​​សន្តិភាព​​​សម្រាប់​​​ប្រទេស រក្សានូវ​​​ស្ថិរ​​​​​​ភាពនយោ​​​បាយ​​​​​​សម្រាប់ប្រទេស ដើម្បីការ​​​អភិ​​​វឌ្ឍ​​​។ បុគ្គលធ្វើ​​​ខុស​​​ត្រូវ​​​ទទួលខុស​​​ត្រូវ​​​ចំពោះ​​​មុខច្បាប់។ បើសិន​​​​​​​​​​​​​​​ជា​​​អ្នក​​​ឯង​​​​​​កុំតែ​​​​​​ធ្វើខុស គ្មាននរណា​​​គេទៅ​​​ចាប់អ្នក​​​ឯងទេ គ្មាន​​​​​​​​​នរណា​​​​​​យក​​​​​​អ្នក​​​ឯង​​​​​​ទៅ​​​កាត់​​​​​​​​​ទោស​​​​​​ទេ”។

កាល​​​ពី​​​ម្សិល​​​មិញ ​​​នគរបាល​​​បាន​​​ចាប់​​​ខ្លួន​​​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​​​​​ពីរ​​​រូប សហការី​​​បរទេស​​​ពីរ​​​រូប និង​​​​​​​​​សកម្មជន​សិទ្ធិ​ដីធ្លី​៤​​​​​​រូប​​​ដែល​ស្លៀក​ពាក់​ពណ៌​ខ្មៅ ក្នុង​​​ពេល​​​មាន​​​ការ​​​​តវ៉ា​​​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ​​​​​ក្នុង​ក្រុង​​​ភ្នំពេញ ​ជា​ការ​តវ៉ា​ដំបូង​​​ក្នុង​យុទ្ធនាការ​​មួយ​ដើម្បី​​ទាម​ទារ​ឲ្យ​​ដោះលែង​​​​មន្ត្រី​​​​សមា​​​គម​​​សិទ្ធិ​​​​​​មនុស្ស​​​អាដហុក​​​បួន​​​រូប និង​មន្ត្រី​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​មួយ​រូប ​ដែល​​ត្រូវបាន​​​​​ចាប់​​​ដាក់​ពន្ធនាគារ​កាលពី​ចុង​ខែ​មុន​​ តាម​បទ​ចោទ​​​​ប្រកាន់​​ដែល​​មជ្ឈដ្ឋាន​​​​ទូទៅ​​​ជឿ​​​​​​​ថាជាហេតុ​ផល​​​​នយោ​បាយ​។អ្នក​​​ទាំង​​​៨​​​នាក់​​​​​​ក៏​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​​​​កាល​​​ពី​​​ល្ងាច​​​ម្សិល​​​មិញ​​​ដែរ។​​​​​​

ការ​ចាប់​ខ្លួន​​​​​​នេះ​​​​​បាន​​​ធ្វើ​​​ឡើង ក្នុង​​​ពេល​​​ដែល​​​​​​រដ្ឋាភិបាល​​ពង្រីក​​​ការ​ស៊ើបអង្កេត​របស់​​ខ្លួន​លើ​រឿង​អាស្រូវ​ផ្លូវ​ភេទ​​ពាក់​ព័ន្ធ​​​​នឹង​​​លោក កឹម ​​សុខា អនុប្រធាន​គណបក្ស​ប្រឆាំង។

មន្ត្រី​សមាគម​អាដហុក​បួន​រូប និង​​​​លោក នី ចរិយា អគ្គលេខាធិការ​រង​​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​​​​ចាប់​​​ដាក់​​ពន្ធនាគារ​​​កាលពី​សប្ដាហ៍​មុន​ពីបទ​សម​គំនិត​​​​​​​​​​​​​សូកប៉ាន់​​​​នាង ខុម ចាន់ដារ៉ា​​​ទី ស្រីកំណាន់​ អាយុ​​​២៥​ឆ្នាំ​​​​​​របស់​​​​​​លោក កឹម សុខា ដើម្បី​ឲ្យ​​​​នាង​បដិសេធ​ស្នេហា​​​​​​​របស់​​​នាង។

មន្ត្រី​អង្គការ​​​​សហប្រជា​​​ជាតិ​​​មួយ​​​​រូប​ក៏​ត្រូវ​បាន​តុលាការ​ចោទ​​​​ប្រកាន់​​ដោយ​កំបាំង​មុខ​ដែរ​​​ក្នុង​សំណុំរឿង​នេះ ចំណែក​ឯ​មេឃុំ​គណ​បក្ស​ប្រឆាំង​មួយ​រូប​​​​​​​​​ត្រូវ​បាន​​​ចាប់​​​​​ដាក់​ពន្ធនា​គារ​​​​ពីបទ​ប្រគល់​ប្រាក់​​ឲ្យ​ម្ដាយ​របស់នាង​​​​​​ ចាន់ដារ៉ាទី​​​​។ លោក កឹម សុខា និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​​ផ្សេង​​​ទៀត​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​​​​​​​​​ចូល​​​​​​​​​ខ្លួន​​​​​​​​​​​​ទៅ​តុលាការ​​​ក្រុង​​​ភ្នំ​​​​​​ពេញ​ ដើម្បី​​​​​​​សាកសួរ​​ដែរ​៕

 

 

The post លោក ហ៊ុន សែន៖ ចង់​​​ពណ៌អីក៏ដោយ ឲ្យតែ​​​ធ្វើខុស​​​ច្បាប់ដាក់ទាំង​​​អស់​​​ appeared first on ខេមបូឌា ដេលី.