សម្តេចតេជោ ហ៊ុន សែន ព្រមានអ្នកចេញលុយបោះអាវខ្មៅ សម្រាប់ធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ឱ្យប្រយ័ត្នខ្លួន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្តេចបានស្គាល់ច្បាស់នូវ អ្នកចេញថវិកាបោះពុម្ភអាវខ្មៅសម្រាប់យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» (Black Monday) ដែលចូលរួមក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី នៅថ្ងៃចន្ទម្សិលមិញ ហើយសម្តេចបានផ្តាំផ្ញើដល់បុគ្គលម្នាក់នោះ ឱ្យមានការប្រយ័ត្នខ្លួន កុំឱ្យល្មើសច្បាប់។

ថ្លែងនៅក្នុងចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដល់អ្នកដែលបំផុសយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» កុំឱ្យបំពានច្បាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលបំផុសនោះ ត្រូវចេះប្រយ័ត្នប្រយែងក្រែងនាំទៅដល់នីតិបុគ្គល ខ្ញុំគ្រាន់តែផ្តាំផ្ញើទេ ហើយសុំម្នាក់ដែលផ្តល់លុយកាកបោះពុម្ភអាវនោះ ប្រយ័ត្នប្រយែង ! គេស្គាល់មុខច្បាស់ណាស់ទៅហើយ»

កាលពីថ្ងៃចន្ទ ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី រាប់សិបនាក់ បានធ្វើយុទ្ធនាការស្លៀកខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែង មន្រ្តីអង្គការអាដហុក៤នាក់ និងមន្រ្តី គ.ជ.ប ម្នាក់ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស។ អំឡុងតវ៉ានេះ សមត្ថកិច្ចឃាត់មនុស្ស៨នាក់ ដើម្បីអប់រំ ណែនាំឱ្យធ្វើកិច្ចសន្យា រួចហើយក៏ដោះលែងពួកគេឱ្យមានសេរីភាពវិញ នៅយប់ថ្ងៃដដែលតែម្តង។

យុទ្ធនាការស្លៀកខ្មៅ ត្រូវបានហាមឃាត់ ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមានចរឹតដូចទៅនឹងចលនាដែលបង្កអសន្តិសុខដល់ប្រទេសជាតិ។ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល។

មជ្ឈដ្ឋានមួយចំនួនតូចបានយល់ច្រឡំថា រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់មិនឱ្យស្លៀកពាក់ខ្មៅ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា រដ្ឋាភិបាលមិនបានហាមឃាត់មិនឱ្យស្លៀកខ្មៅនោះទេ គ្រាន់តែទប់ស្កាត់យុទ្ធនាការមួយ ដែលធ្វើខុសច្បាប់ប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ទោះបីជាពណ៌ ខ្ញុំបានប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅថ្នាក់ដឹកនាំដទៃទៀត កុំខ្វល់ពីរឿងពណ៌ អ្នកឯងចង់ពណ៌អ្វីក៏ដោយ ឱ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់»

ប្រភពៈ freshnewsasia