កម្ពុជា​មិនគួរ​ខ្លាច​បដិវត្តពណ៌ទេ

កាលពីថ្ងៃចន្ទ័អាជ្ញាធរបានឃាត់ខ្លួនសកម្មជន និងអ្នកអង្កេតការណ៍បរទេសចំនួនប្រាំបីនាក់ ក្នុងយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងក្រុមមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគជប និងមន្ត្រីអង្គការសហប្រជាជាតិពីពន្ធនាគារ។ មន្ត្រីទាំងនេះត្រូវចាប់ខ្លួននិងឃុំខ្លួនដោយសង្ស័យពាក់ពន្ធ័នឹងសំណុំរឿងស្នេហារបស់លោក កឹម សុខា។ ការចាប់ខ្លួនក្រុមអ្នកតវ៉ានិងមន្ត្រីអង្កេតការណ៍បរទេសដោយសង្ស័យថាពួកគេអាចអុជអាលឲ្យមានបដិវត្តពណ៌។ ប៉ុន្តែបើទស្សនៈមួយចំនួនលើកឡើងថារដ្ឋាភិបាលមិនគួរភ័យខ្លាចចំពោះបដិវត្តពណ៌ពេកទេ។

បទវិភាគរបស់គង់ សុឋានរិទ្ធ៖

បើទោះជាសកម្មជនអ្នកតវ៉ាក្នុងយុទ្ធនាការឈុតខ្មៅដែលត្រូវចាប់ឃាត់ខ្លួនចំនួនប្រាំបីនាក់ត្រូវបានដោះលែងមកវិញកាលពីល្ងាចថ្ងៃចន្ទ័គឺប៉ុន្មានម៉ោងក្រោយពីឃាត់ខ្លួន។ប៉ុន្តែការចាប់ឃាត់ខ្លួននេះហាក់ដូចជាបង្ហាញថារដ្ឋាភិបាលដាក់ការប្រុងប្រយត្ន័ខ្ពស់ចំពោះហានិភ័យដែលត្រូវសង្ស័យថាជារងើកភ្លើងនៃបដិវត្តពណ៌។

បដិវត្តពណ៌គឺជាចលនាមហាជនមួយហើយដែលជាទូទៅតែងតែដឹកនាំដោយក្រុមយុវជនដែលមាននិន្នាការថ្មីនិងចង់ផ្លាស់ប្តូររបបដោយសារមានការកៀបសង្កត់ ការដឹកនាំផ្តាច់ការឬអំពើពុករលូយនិងអយុត្តិធម៌សង្គមជាដើម។ ការធ្វើបដិវត្តនេះធ្លាប់កើតមានក្នុងបណ្តាប្រទេសមួយចំនួនដូចជាអេហ្ស៊ីប ប្រទេសស៊ែប៊ី ប្រទេសអ៊ុយក្រែន នៅលីប៊ី ទុយនីស៊ីនិងប្រទេសស៊ីរី ជាដើម។

កម្ពុជា​មិនគួរ​ខ្លាច​បដិវត្តពណ៌ទេ

រដ្ឋអាជ្ញាបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ចំនួន៨នាក់ នៅថ្ងៃចន្ទនេះ ក្នុងយុទ្ធនាការស្លៀកពាក់ខ្មៅ។ Facebook

ហើយកាលពីខែសីហា ឆ្នាំ២០១៥និស្សិតម្នាក់ឈ្មោះគង់ រ៉ៃយ៉ា ហៅកូកូបានប្រកាសតាមបណ្តាញសង្គមfacebookថានឹងផ្លាស់ប្តូររបបដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នតាមរយៈការធ្វើបដិវត្តពណ៌និងបានស្វែងរកអ្នកចូលរួមជាមួយលោក។ ក្រោយមកនិស្សិតរូបនេះត្រូវចាប់ខ្លួននិងផ្តន្ទាទោសដាក់ពន្ធនាគារ។

ពិតមែនហើយការប្រុងប្រយត្ន័ចំពោះស្ថានការណ៍បែបនេះមិនមែនជារឿងអាក្រក់នោះទេ។ប៉ុន្តែវាគឺជាការបង្ការយ៉ាងមានប្រសិទ្ធិភាពចំពោះផលវិបាកដែលកើតឡើង។ប្រសិនបើចលនានោះគឺជាផ្កាភ្លើងនៃបដិវត្តពណ៌មែននោះ។បើសិនជាបដិវត្តពណ៌អាចលេចជារូបរាងមែននោះ ក្នុងអំឡុងនៃចលាចល ផលប៉ះពាល់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់និងសេដ្ឋកិច្ចពិតជាចៀសមិនរួច។
ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់គឺជាបច្ច័យល្អសម្រាប់ព្រលឹងសេដ្ឋកិច្ច។ក៏ប៉ុន្តែរដ្ឋាភិបាលពុំគួរព្រឺឆ្អឹងខ្នងហួសហេតុដោយមិនមើលពីរលកកំដៅនៃការមិនពេញចិត្តចំពោះសង្គមនោះទេ។ ការទប់ស្កាត់លើព្រឹត្តិការណ៍ក្រោមរូបភាពនៃការសំដែងមតិនិងការសំដែងឆន្ទៈមិនមែនជាវិធីបង្ការដែលមានប្រសិទ្ធិភាពពិតប្រាកដនោះទេ។វាមិនមែនជាឱសថសម្រាប់ព្យាបាលជំងឺរ៉ាំរ៉ៃឬជំងឺស៊ីរូងយ៉ាងជ្រៅនោះទេ។ផ្ទុយទៅវិញវិធានការភ្លាមៗនេះគ្រាន់តែជាការព្យាបាលជំងឺសើស្បែកតែប៉ុណ្ណោះ។ហេតុអ្វីបានជាអះអាងដូច្នេះ?

ពីព្រោះថាបើរដ្ឋាភិបាលភ័យខ្លាច ព្រួយបារម្ភពីការផ្តួលរំលំការដឹកនាំដោយប្រើប្រាស់បដិវត្តពណ៌ រដ្ឋាភិបាលតោងស្វែងរកចម្លើយពិតប្រាកដនិងជាក់ច្បាស់មួយថាហេតុអ្វីបានជាពួកគេចង់ប្រើបដិវត្តពណ៌? តើឬសគល់របស់ចលនានេះស៊ីសង្វាក់នឹងបរិបថក្នុងប្រទេសឬទេ?តើមានអ្វីខ្លះដែលគួរតម្រូវឲ្យមានការព្យាបាលពីខាងក្នុង ប្រសើរជាងការព្យាបាលតែសំបកក្រៅ។ ការព្យាបាលនិងបង្ការផ្នែកខាងក្រៅមិនស្ថិតស្ថេរនោះទេ។ ថ្ងៃណាមួយជំងឺដែលត្រាំត្រែងនៅផ្នែកខាងក្នុងនៃសារពាង្គកាយអាចនឹងរើឬលាប់ឡើងវិញដោយមិនទៀងទាត់។ ប៉ុន្តែបើសិនជារដ្ឋាភិបាលព្យាបាលស្នូលនៃបញ្ហា នោះភាពសះស្បើយមានលក្ខណៈសត្យានុម័តជាងនិងមានស្ថេរភាពជាង។ ដូច្នេះការស្ទុះស្ទារបោសសំអាតឬបង្ក្រាបភ្លាមៗពេកដោយគ្រាន់តែអនុវត្តន៍តាមនិយមន័យមួយមុខនោះ មិនគ្រប់គ្រាន់ទេ។

ការប្រើប្រាស់កណ្តាប់ដៃកាន់តែធ្ងន់ ការជះឥទ្ធិពលត្រឡប់មកវិញក៏មានទំហំតាមនោះដែរ។ហើយការខាតបង់មានកម្រិតវិសាលភាពទូលំទូលាយ។ដូចពាក្យខ្មែរពោលថា សំដីអាក្រក់នាំសម្អប់ សំដីប្រសព្វនាំភាពក្អាកក្អាយ។

ហេតុដូច្នេះរដ្ឋាភិបាលគួរគប្បីពិចារណាយកវិធីទន់ ប្រសើរជាជាងភាពមិនបត់បែនតាមលំហូរលំនាំប្រជាជាតិ។ហើយការយកចិត្តទុកដាក់ព្យាបាលជំងឺរ៉ាំរ៉ៃសង្គមឲ្យបានជោគជ័យគឺជាការបន្សាបការតស៊ូដោយមានៈ៕

ប្រភពៈ RFI