ជិត​90%​នៃ​ទីក្រុង FORT MCMURRAY កា​ណា​ដា​សង្គ្រោះ​ពី​អណ្តាតភ្លើង

ទោះបី​មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ធំ ដែល​រាតត្បាត​ចាប់តាំងពី​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ​នៅ​តំបន់​អាល់​ប័​រ​តា ទីក្រុង FORT MCMURRAY ពេល​នោះ​ស្ទើរតែ​សង្គ្រោះ​ទាំងស្រុង​ពី​អណ្តាតភ្លើង​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​អ្នក​ពន្លត់ភ្លើង ។ ក៏​ប៉ុន្តែ​ប្រជាជន​ទីក្រុង​នេះ​ដែល​ជម្លៀស​ចេញ​នឹង​ពុំ​វិល​ត្រឡប់​មក​វិញ​មុន​រយៈពេល​១៥​ថ្ងៃ​ទៀត​ឡើយ ។

នាយក​រដ្ឋមន្ត្រី​រដ្ឋ​អាល់​ប័​រ​តា​ភាគ​ខាងលិច​កា​ណា​ដា លោកស្រី RACHEL NOTLEY កាលពី​ថ្ងៃ​ទី​៩ ឧសភា ចាត់ទុកជា​រឿង​អស្ចារ្យ​បំផុត ដែល​អាច​ជម្លៀស​ប្រជាជន​ទាំងអស់​ចេញពី​ក្រុង FORT MCMURRAY ដោយ​ពុំ​មាន​អ្នក​រង​គ្រោះ​ណា​ម្នាក់​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

សរុប​មនុស្ស​ជិត​១០០.០០០​នាក់​ត្រូវ​ជម្លៀស​ចេញ​កាលពី​ស​ប្តា​ហ៍​មុន​ពី​ទីក្រុង FORT MCMURRAY និង​តំបន់​ជុំវិញ​ក្រុង​នេះ ខណៈ​ភ្លើង​បាន​ឆេះ​រាលដាល​យ៉ាង​ខ្លាំង​បំផ្លាញ​ផ្ទៃដី​ជា​ច្រើន​ពាន់​ហិ​កតា ព្រមទាំង​ផ្ទះ​ជាង​២.០០០​ខ្នង នា​ជាយក្រុង ។

លោកស្រី NOTLEY អះអាង​ថា ដោយសារ​ចម្លើយ​តប​យ៉ាង​ឆាប់រហ័ស​របស់​ក្រុម​អ្នក​ពន្លត់ភ្លើង​ប្រឈម​មុខ​នឹង​ភ្លើង​ឆេះ​ព្រៃ​ពុំ​អាច​ត្រួតត្រា​បាន ដែល​ព័ទ្ធ​ជុំវិញ​ក្រុង​ប្រេត​កាត​នេះ ឥឡូវ​វា​ហាក់ដូចជា​៩០%​នៃ​ទីក្រុង FORT MCMURRAY ត្រូវ​បាន​សង្គ្រោះ ។ សង្កាត់ BEACON HILL និង​សង្កាត់ WATERWAYS ខាងលិច​ទីក្រុង FORT MCMARRAY រង​ការ​បំផ្លាញ​ស្ទើរ​ទាំងស្រុង ។

ភ្លើង​នៅ​បន្ត​នា​ថ្ងៃ​ទី​៩ ឧសភា ឆាបឆេះ​ទៅ​មុខ​ទៅ​ទិស​ខាងកើត តែ​ពុំ​សូវ​ខ្លាំង​ឡើយ ។ ព្រៃ​ជាង​២០០.០០០​ហិ​កតា ពេល​នេះ​រង​ការ​បំផ្លាញ​ពោល​ទំហំ​៤.០០០​គីឡូម៉ែត្រ​ក្រឡា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ៕