ចំណុច​សំខាន់ៗ​ទាក់ទង​នឹង​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​ខ្មែរ​ ឆ្នាំ​វក​ឆ្នាំ​នេះ​

ស្របពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបកំពុងត្រៀមរៀបចំអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៦ ដែលនឹងឈានចូលមកដល់នាពេលខាងមុខឆាប់ៗនេះ យើងសូមលើកឡើងនូវចំណុចសំខាន់ៗ ទាក់ទងនឹងបុណ្យចូលឆ្នាំថ្មីរបស់ខ្មែរ ក្នុងឆ្នាំវកនេះដូចតទៅ៖

អំពីកាលបរិច្ឆេទ

សង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ នឹងចូលមកដល់នៅថ្ងៃពុធ ៧កើត ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែ មេសា គ.ស ២០១៦ វេលាម៉ោង២០និង០០នាទី។ មហាសង្ក្រាន្តឆ្នាំថ្មី គឺជាឆ្នាំវក អដ្ឋស័ក ចុល្លសករាជ ១៣៧៨ មហាសករាជ ១៩៣៨ ពុទ្ធសករាជ២៥៦០ គ្រិស្តសករាជ ២០១៦។ គួរបញ្ជាក់ថា ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តា កន្លងទៅហើយបាន ២៥៥៩ត្រឹមថ្ងៃ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែ ពិសាខ ឆ្នាំវក អដ្ឋស័ក តទៅចូលពុទ្ធសករាជ២៥៦០។

អំពីទេវធីតាឆ្នាំថ្មី

ពេលសង្ក្រាន្តឆ្នាំថ្មី ព្រះអាទិត្យចេញពីមីនរាសីទៅឋិតនៅមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាល ដែលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន លម្អនូវព្រះកាណ៌ដោយសៀតផ្កាចម្ប៉ាអភរណៈ ទ្រង់ពាក់កែវពិទូរ្យ ភក្សាហារទ្រង់សោយ សប្បិ ព្រះហស្តស្តាំទ្រង់ម្ជុល ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបើកព្រះនេត្រលើខ្នង គទ្រភៈ (សត្វលា) ជាពាហនៈ។

អំពីថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

  • ថ្ងៃទីមួយ ថ្ងៃពុធ ៧កើត ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែ មេសា គ.ស ២០១៦ វេលាម៉ោង ២០ និង០០នាទី ជាថ្ងៃចូលឆ្នាំវក អដ្ឋស័ក (ជាវារៈមហាសង្ក្រាន្ត)
  • ថ្ងៃទីពីរ ថ្ងៃ ព្រហស្បតិ៍ ៨ កើត ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា គ.ស ២០១៦ ជាវារៈវ័នបត។
  • ថ្ងៃទី បី ថ្ងៃ សុក្រ ៩កើត ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែ មេសា គ.ស ២០១៦ ជាវារៈវ័នបត។
  • ថ្ងៃទី បួន ថ្ងៃ សៅរ៍ ១០ កើត ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែ មេសា គ.ស ២០១៦ វេលាម៉ោង ០និង២៤នាទី ១២វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រានបួនថ្ងៃស្រេចបរិបូណ៌ ចូលជាសកលឆ្នាំវក អដ្ឋស័ក ចុល្លសករាជ១៣៧៨ និងមហាសករាជ ១៩៣៨ តទៅ។

អំពីគ្រឿងរណ្តាប់ទទួលទេវតា

រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់ មួយគូ បាយសី៧ថ្នាក់ មួយគូ បាយសី៥ថ្នាក់ មួយគូ បាយសី៣ថ្នាក់ មួយគូ បាយសីប៉ាឆាម មួយគូ ស្លាធម៌ មួយគូ ទឹកអប់ មួយគូ ទៀន៥ ធូប៥ លាជ៥ ផ្កា៥ ដាក់លើជើងពាន មួយគូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពាន មួយគូ ផ្លែឈើ១១ មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅ មួយគូ ទឹកស្អាតពីរកែវ។ ចំពោះប្រជារាស្ត្រគួរធ្វើបាយសីត្រឹម៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀន៥ ធូប៥ ស្លាធម៌កូនចេកមួយគូ ក៏ល្មមគួរសមដែរ ហើយផ្លែឈើវិញ អាចរៀបត្រឹមតែ៣ ឬ៥មុខក៏ជាការប្រសើរផងដែរ តាមធនធានដែលខ្លួនមាន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។

ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទំាងពួង តម្កល់ចិត្តរំពឹងទៅលើព្រះពុទ្ធ ព្រះសង្ឃជាទីពឹង ទីរលឹក លុះចប់ពិធីទទួលទេវតា។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប បានរីករាយជ្រះថ្លា និងពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ ហើយសូមទទួលបានពរជ័យពីទេវតាឆ្នាំថ្មីគ្រប់ៗគ្នា។

សម្រួលដោយ ៖ Sophany
ប្រភព៖


  • ចំណុច​សំខាន់ៗ​ទាក់ទង​នឹង​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​ខ្មែរ​ ឆ្នាំ​វក​ឆ្នាំ​នេះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: