តំបន់​ព្រំដែន​ត្រ​ព្រាំ​ង​ថ្លុ​ង​ នឹង​ក្លាយ​ជា​ច្រកទ្វារ​អន្តរជាតិ​លំដាប់​ទី​២ ​ឬ​ទី​៣​ នៅ​កម្ពុជា​

តំបន់​ព្រំដែន​ត្រ​ព្រាំ​ង​ថ្លុ​ង​ នឹង​ក្លាយ​ជា​ច្រកទ្វារ​អន្តរជាតិ​លំដាប់​ទី​២ ​ឬ​ទី​៣​ នៅ​កម្ពុជា​



ភ្នំពេញ ៖ អ្នកជំនួញ​ក្នុងស្រុក ​និង​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​បាន​អះអាង​ថា​ ទៅ​ថ្ងៃ​ខាងមុខ​ តំបន់​ព្រំដែន​ត្រពាំងថ្លុង​ នឹង​ក្លាយ​ជា​ច្រកទ្វារ​ខ្នាត​អន្តរជាតិ​លំដាប់​ទី​២ ​ឬ​ទី​៣ ​ក្នុង​ការ​ឆ្លងកាត់​ទំនិញ​ បន្ទាប់​ពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ​និង​ច្រក​ទ្វារ​បាវិត។

លោក​ឧកញ៉ា​ លឹម ហុង​ឈាង​ នាយក​ក្រុមហ៊ុន​ លឹម ហុង​ឈាង​ អ៊ី​ម​ផត អ៊ិ​ច​ផត ខូ​អ៊ិ​ល​ធី​ឌី​បាន​មានប្រសាសន៍​បែបនេះ ​កាលពី​ថ្ងៃ​ទី​៨​ឧសភា ​ក្នុង​ពិធី​ប្រកាស​លក់​គម្រោង​ដី​ឡូត៍​ ចំនួន​៧៩​ឡូត៍​​ នៅ​ក្នុង​តំបន់​ព្រំដែន​ត្រពាំង​ថ្លុ​ង ​នៅ​សណ្ឋាគារ​ភ្នំពេញ។

លោក​ឧកញ៉ា​បាន​បន្ត​ថា ​ក្រុមហ៊ុន​របស់​លោក​មាន​គម្រោង​លក់​ដី​ចំនួន​១.៧៧៦​ឡូត៍​ ចែក​ជា​១០​អនុ​គម្រោង ​ហើយ​អនុ​គម្រោង​ទី​១​ មាន​ដី​ចំនួន​១១១​ឡូត៍​ ហើយ​នឹង​ត្រូវ​លក់​អស់​នៅ​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​និង​មាន​អនុ​គម្រោង​បន្តបន្ទាប់​ទៀត ​ត្រូវ​បន្ត​លក់​រហូតដល់​ថ្ងៃ​ទី​១៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ដែល​ភ្ជាប់​ដោយ​លក្ខខណ្ឌ​តម្កល់​ទ្រព្យ​ ធានា​ទៅលើ​អត្រា​កំណើន​ប្រចាំ​ឆ្នាំ ​និង​មាន​កំណត់​កាលបរិច្ឆេទ​សម្រាប់​ធានា​លើ​ទុន​វិនិយោគ​របស់​អតិថិជន​អាច​បើកប្រាក់​បាន​ចំ​ថ្ងៃ​ដែល​ក្រុមហ៊ុន​ធានា​ទិញ​ដី ​និង​ផ្ទះ​ទាំងនោះ​ពី​អតិថិជន​ទាំងនោះ​មកវិញ​ ប្រសិនបើ​គាត់​(​អតិថិជន​)​មិន​អាច​លក់​ដី​និង​ផ្ទះ​នោះ​បាន​ក្នុង​តម្លៃ​ខ្ពស់​ជាង​ក្រុមហ៊ុន​ធានា​ជូន​ពួកគាត់​ឲ្យ​អតិថិជន​បាន។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា ​អតិថិជន​ដែល​ទិញ​ដី​ពី​ក្រុមហ៊ុន​លោក​គឺ​មាន​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ ​ពោល​គឺ​គ្រប់​ឡូត៍​សុទ្ធ​តែ​មាន​ប័ណ្ណ​កម្មសិទ្ធិ​រៀងៗ​ខ្លួន​ទាំងអស់ ​និង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​កម្ពស់​៥​ជាន់​រួចជាស្រេច​ និង​មានការ​អនុញ្ញាត​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ទៀត​ផង។

លោក​ឧកញ៉ា​ថា ​«​អចលនទ្រព្យ​របស់ខ្ញុំ​ដែល​ដាក់​លក់​នៅ​ច្រក​ព្រំដែន​ត្រពាំង​ថ្លុង គឺ​ធានា​ផ្តល់​ឲ្យ​អ្នកទិញ​ចំណេញ​៣០​ភាគរយ​ក្នុង​មួយ​ឆ្នាំ តាមរយៈ​ការ​មានទ្រព្យ​ធានា​ ជាក់ស្ដែង​គម្រោង​ដំបូង​របស់​លោក​មាន​តម្លៃ​ប្រមាណ​៦​លាន​ដុល្លារ ប៉ុន្តែ​យើង​មានទ្រព្យ​ធានា​រហូតដល់​ជាង​៥០​លាន​ដុល្លារ​អាមេរិក​»។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​៨​ឧសភា ​ក្នុង​អនុ​គម្រោង​១១១​ឡូត៍​ យើង​លក់​នៅ​សល់​តែ​៧៩​ឡូត៍​ទេ​ ហើយ​ត្រូវ​លក់​ឲ្យ​អស់​នៅ​ថ្ងៃ​ទី​១៥​ឧសភា​ តែ​បើ​មិន​អស់​ទេ ​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​អនុ​គម្រោង​ទី​២​បន្ថែមទៀត​ តែ​តម្លៃ​អាច​ឡើង​ជាង​គម្រោង​ទី​១​។​

លោក​ឧកញ៉ា​បាន​ធ្វើ​ការ​ប្រៀបធៀប​ការ​លក់​ដី​ឡូត៍​​អនុ​គម្រោង​ទី​១ ​ទៅ​នឹង​រថយន្តក្រុង​ថា បើ​អ្នកដំណើរ​មក​មិនទាន់​ទេ ​គឺ​ឡាន​ត្រូវ​ចេញ​ចោល​មិន​អាច​រង់ចាំ​បានទេ​។ ​មានន័យថា ​អតិថិជន​ត្រូវ​ទិញ​អនុ​គម្រោង​ទី​១​ នៅ​ត្រឹម​ថ្ងៃ​ទី​១៥​ឧសភា​នេះ​ តែ​បើ​ផុត​កំណត់ ​នឹង​បន្ត​អនុវត្ត​អនុ​គម្រោង​ទី​២​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គម្រោង​ទី​១។

លោក​ឧកញ៉ា​បន្ត​ថា ​«​បើទោះជា​អនុ​គម្រោង​ទី​១​លក់​មិន​អស់ ​ក៏​យើង​បន្ត​ទៅ​គម្រោង​ក្រោយៗ​ទៀត​ដែរ​ គឺ​យើង​មិន​ខាត​ទេ​»។

លោក​ឧកញ៉ា​បាន​ឲ្យ​ដឹង​ទៀត​ថា​ តាម​យុទ្ធសាស្ត្រ​លក់​របស់​លោក​ នឹង​ធ្វើ​ដំណើរ​ទៅមុខ​ហើយ ​ព្រោះថា​មិន​យូរ​ទេ​ ទីតាំង​ត្រពាំង​ថ្លុ​ង​ទៅ​ថ្ងៃមុខ ​នឹង​ក្លាយ​ជា​ច្រក​ទ្វារ​អន្តរជាតិ​លំដាប់​ទី​៣​បន្ទាប់ពី​ប៉ោយប៉ែត​ និង​ច្រក​ទ្វារ​អន្តរជាតិ​បាវិត​។​

លោក​បណ្ឌិត​Michael S Nhim ​ម្ចាស់​គម្រោង​ដឺ​បេ​ នៅ​តំបន់​ជ្រោយចង្វារ​ ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ដែរ​នោះ​បាន​លើក​ឡើង​ថា​ នៅ​តំបន់​ជាយ​ដែនដី​អាច​មាន​តម្លៃ​ខ្ពស់​ ព្រោះ​វា​ជា​ក្រិត​ក្រម​ធម្មជាតិ ​និង​សត្យានុម័ត​អំពី​ការលូតលាស់​ នៃ​កំណើន​សេដ្ឋកិច្ច​ និង​កំណើន​មនុស្ស​ រស់នៅ​តំបន់​ជាយដែន។

លោក​បាន​បន្ត​ថា ​«​ទោះបីជា​លោក​ឧកញ៉ា​ថា​ តំបន់​ត្រពាំង​ថ្លុ​ង​ជាប់​ចំណាត់​ថ្នាក់​ទី​៣​ តែ​តាម​ទស្សនៈ​របស់ខ្ញុំ​ តំបន់​នេះ​ បើ​គាត់​រៀបចំ​បាន​ស្រួលបួល​ គម្រោង​នេះ​នោះ​ អាច​វ៉ា​តំបន់​បាវិត​ហើយ​មក​ចំណាត់​ថ្នាក់​លេខ​២​ទៀត​ផង ​ព្រោះថា​ទំហំ​ទំនិញ​ នៃ​បណ្ដា​អាស៊ាន​ដែល​ឆ្លង​កាត់​តំបន់​ត្រពាំង​ថ្លុ​ង​នេះ ​វា​មាន​រយៈពេល​ខ្លី​ជាងគេ​នៅ​ចំណោម​ច្រក​ទ្វារ​សំខាន់​ផ្សេងៗ​ទៀត​»។

លោក​ឧកញ៉ា​បាន​បន្តទៀតថា​ «​សក្ដានុពល​នៅ​តំបន់​ជាប់​ព្រំដែន គឺ​មាន​សក្ដានុពល​តាំងពី​ដើម​មក ប៉ុន្តែ​មកពី​យើង​មិនដែល​បាន​យកចិត្តទុកដាក់ ប៉ុន្តែ​ការ​ធ្វើ​ជំនួញ​តាម​ព្រំដែន គឺ​ប្រៀប​បី​ដូច​ជា​ឧបករណ៍​នេសាទ​ត្រី​ម្យ៉ាង ដែល​យើង​ហៅថា​លប ប្រើស​២ ព្រោះ​ទំនិញ​ទាំង​ចេញ និង​ចូល​សុទ្ធតែ​ឆ្លងកាត់​ព្រំដែន​ទាំងអស់​»។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា ​កម្ពុ​ជា​ មាន​ព្រំដែន​ជាប់​ជាមួយ​ឡាវ​ និង​ថៃ​ មាន​រហូតដល់​ទៅ​ជា​ង​២​ពាន់​គីឡូម៉ែត្រ​ ហើយ​ការ​ធ្វើ​អាជីវកម្ម​នៅ​ព្រំដែន​ប្រកបដោយ​សក្ដានុពល ​ដោយ​អាច​ទិញ​ទំនិញ​បាន​ថោក​ ហើយ​លក់ទំនិញ​ក្នុង​តម្លៃ​ថ្លៃ​។ ​មិនតែប៉ុណ្ណោះ​ យើង​ក៏​ចំណេញ​មួយ​ទៀត​ អត្រា​ប្ដូរ​ប្រាក់។

គួរ​បញ្ជាក់​ថា ដើម្បី​ស្វែងយល់​ពី​សក្ដានុពល​នៅ​តាម​ព្រំដែន​ លោក​ឧកញ៉ា​ លឹម ហុង​ឈាង​គ្រោង​នឹង​ចំណាយ​ប្រាក់​ប្រមាណ​៨០​ម៉ឺន​ដុល្លារ ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ពី​តំបន់​នៅ​តាម​ព្រំដែន​កម្ពុជា វៀតណាម និង​ប្រទេស​ថៃ និង​ព្រំដែន​នៅ​តំបន់​អាស៊ី​ ដើម្បី​ស្វែងយល់​ពី​សក្ដានុពល​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅ​តំបន់​ព្រំដែន​ នៃ​ប្រទេស​ទាំងនោះ​ផង​ដែរ៕

​ ​