គ្រប់​គ្នា​ធុញ​ថប់​អាកាស​ធាតុ​ក្ដៅ តែ​​ត្រូវ​ប៉ាន់​សម្រាប់​អ្នក​កើប​ខ្សាច់​លក់

គ្រប់​គ្នា​ធុញ​ថប់​អាកាស​ធាតុ​ក្ដៅ តែ​​ត្រូវ​ប៉ាន់​សម្រាប់​អ្នក​កើប​ខ្សាច់​លក់
 

មនុស្ស​ជា​ច្រើន​កំពុង​រអ៊ូរទាំ​រឿង​អាកាស​ធាតុ​ក្ដៅ​ខ្លាំង ដែល​ពេល​ខ្លះ​អាច​ឡើង​សីតុណ្ហភាព​​រហូត​ដល់ ៤០​អង្សា។ ប៉ុន្តែ​ស្ថានភាព​នេះ​បាន​អំណោយផល​ដល់​អ្នក​កើប​ខ្សាច់​លក់ ព្រោះ​ទឹក​ស្រក ងាយ​ស្រួល​ប្រមូល​ខ្សាច់ ឯ​ផ្លូវ​ក៏​ស្ងួត​ស្រួល​ដឹក​ជញ្ជូន​មិន​ដូច​រដូវ​ភ្លៀង​ធ្លាក់​ឡើយ។

 

គ្រប់​គ្នា​ធុញ​ថប់​អាកាស​ធាតុ​ក្ដៅ តែ​​ត្រូវ​ប៉ាន់​សម្រាប់​អ្នក​កើប​ខ្សាច់​លក់

 

លោក ខាន់ ម៉ៅ ជា​កសិករ​នៅ​ភូមិ​ដក់ពរ ឃុំ​បឹង​ត្រាញ់​ខាង​ត្បូង ស្រុក​សំរោង ខេត្ត​តាកែវ បាន​ប្រាប់​Sabay ថា ក្រៅ​ពី​ការងារ​ស្រែ​ចម្ការ​នា​រដូវវស្សា ប្រជា​កសិករ​ប្រហែល​ជា ៣០គ្រួសារ​ក្នុង​ភូមិ​នេះ រួម​ទាំង​លោក​ផង​បាន​ចាប់​យក​ការងារ​ជា​អ្នក​កើប​ខ្សាច់​ពី​ស្ទឹង​ស្លាគូ​ដែល​មាន​ចម្ងាយ​ប្រហែល​១​ គីឡូម៉ែត្រ​ពី​ភូមិ យក​មក​លក់ ជា​ការងារ​បន្ទាប់​បន្សំ។

 

យ៉ាង​ណា​ក្ដី ទម្រាំ​បាន​ខ្សាច់​មក​ដល់​ផ្ទះ ម៉ៅ ត្រូវ​ក្រោក​តាំង​ពី​ម៉ោង៣ ជួនកាល​ម៉ោង ៤ព្រឹក ដើម្បី​ទៅ​ដឹក​ខ្សាច់ ដោយ​លោក​ត្រូវ​ចុះ​ក្នុង​ស្ទឹង ដើម្បី​កើប​ខ្សាច់​នៅ​បាត​ស្ទឹង មក​លើ​គោក​សិន ពេល​ភ្លឺ ខ្សាច់​ស្រស់​ទឹក ទើប​អាច​កើប​យក​មក​លក់​បាន។

 

ម៉ៅ ថា​រដូវវស្សា​ក៏​មក​ដឹក​ខ្សាច់​ដែរ តែ​ដោយសារ​រដូវវស្សា​មាន​​ភ្លៀង​ធ្លាក់​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មិន​អាច​ដឹក​បាន​ច្រើន​ទេ ម៉្យាង​ទឹក​ក៏​ឡើង ហើយ​ថែម​ទាំង​ផ្លូវ​ពិបាក​ដឹក​ថែម​ទៀត បី​បួន​ថ្ងៃ​ទើប​ឆ្លៀត​ដឹក​បាន​មួយ​ឡាន ដោយ​ក្នុង​មួយ​ឡាន​ស្មើ​នឹង ៥រទេះ។

 

ផ្ទុយ​ពី​នេះ​ រដូវ​ប្រាំង​ពិត​ជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​កើប​ខ្សាច់​ទាំងឡាយ ព្រោះ​ទឹក​រាក់ កើប​បាន​លឿន ផ្លូវ​ស្ងួត​ងាយ​បរ​រទេះ។ លោក​បាន​បន្ថែម​ថា ក្នុង១ថ្ងៃ អាច​រក​ចំណូល​បាន ៦ម៉ឺន​រៀល ពី​របរ​កើប​ខ្សាច់​នេះ តែ​លោក​ក៏​ត្រូវ​ចំណាយ​លើ ឈ្នួល​ផ្លូវ​(បរ​រទេះ​កាត់​ដី​គេ)១៥០០៛ក្នុង ១ព្រឹក និង៥ ០០០៛ លើ​ឈ្នួល​ទិញ​ខ្សាច់(ដី​នៅ​មាត់​ស្ទឹង​ជា​កម្មសិទ្ធិឯកជន ឯ​កណ្ដាល​ស្ទឹង​ជា​របស់​រួម)ក្នុង១ថ្ងៃ និង ៦ ០០០៛ លើ​ថ្លៃ​ជួល​គេ​បោះ​ដី​ដាក់​ឡាន។

 

គ្រប់​គ្នា​ធុញ​ថប់​អាកាស​ធាតុ​ក្ដៅ តែ​​ត្រូវ​ប៉ាន់​សម្រាប់​អ្នក​កើប​ខ្សាច់​លក់

 

លោក​យ៉ុន ធឿន រស់​នៅ​ភូមិ​ដក់ពរ ដែល​ចាប់​អាជីព​ជា​អ្នក​ដឹក​ខ្សាច់​ដូច​គ្នា​ដែរ បាន​លើក​ឡើង​ថា “កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ខ្សាច់​នៅ​សម្បូរ ម៉ា​ព្រឹក​ដឹក​បាន​ដល់ ៥រទេះ ឥឡូវ​ខំ​អស់​ហើយ​បាន​តែ ៣រទេះ” ។ ប៉ុន្តែ​យ៉ាង​ណា ក៏​លោក​បញ្ជាក់​ដែរ​ថា រដូវ​ក្ដៅ​បង្ក​ភាព​​ងាយ​ស្រួល​ដល់​លោក ព្រោះ​អាច​ដឹក​បាន​ច្រើន​ជាង​ពេល​មាន​ភ្លៀង​ធ្លាក់។

 

ងាក​ទៅ​មើល​យុវជន​មួយ​រូប​ទៀត​ឈ្មោះ ធី ដែល​ជា​អ្នក​អាស្រ័យផល​ដោយសារ​ខ្សាច់​ដែរ​នោះ បាន​បញ្ជាក់​ថា រូប​គេ​ជា​អ្នក​ស៊ី​ឈ្នួល​ចូក​ខ្សាច់​ដាក់​ឡាន ហើយ​​អាច​រក​ចំណូល​បាន​ប្រមាណ​ជា ៨ ០០០៛ដែរ ក្នុង ១ឡាន នៅ​ពេល​រដូវ​ក្ដៅ​នេះ៕

 

អត្ថបទ & រូបភាព៖ ឡុ​ច គីម​សាយ