ប្រទេស​អ៊ីស្រាអែល និង ​ថៃ កំពុង​សម្លឹងមើល​ទីផ្សារ​ដាំ​ដំណាំ ​លម៉ើ​ នៅ​កម្ពុជា​

ភ្នំពេញ : ប្រទេសអ៊ីស្រាអ៊ែលនិងថៃបានចុះកិច្ចព្រមព្រៀងគ្នាមួយជាមួយក្រុមហ៊ុននៅប្រទេសកម្ពុជាក្នុងការដាំដំណាំ លម៉ើក្រោមការផ្គត់ផ្គងពូជនិងបច្ចេកទេសដល់កសិករដែលមានបំណងដាំដំណាំលម៉ើសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស ។ ពិធីចុះកិច្ចព្រមព្រៀងនេះដែរបានធ្វើឡើងរវាងបីភាគីគឺ កម្ពុជា អ៊ីស្រាអ៊ែល និង ថៃ ។ សម្រាប់ក្រុមហ៊ុន កម្ពុជាដែលបានធ្វើការចុះកិច្ចព្រមព្រៀងនេះគឺក្រុមហ៊ុន អ៊ឹង សុទ្ធី គ្រុប ខូអ៊ិលធីឌី ។

ប្រទេស​អ៊ីស្រាអែល និង ​ថៃ កំពុង​សម្លឹងមើល​ទីផ្សារ​ដាំ​ដំណាំ ​លម៉ើ​ នៅ​កម្ពុជា​

លោក អ៊ឹង សុទ្ធី អគ្គនាយកក្រុមហ៊ុនគ្រុប ខូអ៊ិលធីឌី បានឱ្យដឹងបន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយអ្នកវិនិយោគអ៊ីស្រាអ៊ែល និងថៃថាដំណាំលម៉ើ មានសក្តានុពលខ្លាំងគឺមានអាយុកាលវែងនិងចំណាយទុនតិចក្នុងការដាំដុះផង ។ លោកបានលើកឡើងថាអត្ថប្រយោជន៍របស់ដំណាំលម៉ើគឺអ្នកដែលកើតជំងឺទឹកនោមផ្អែមក៏អាចហូបបាននិងអ្នក លើសឈាមក៏ហូបបានដូចគ្នា ។ បច្ចុប្បន្នកម្ពុជាមានដំណាំលម៉ើរួចហើយប៉ុន្តែពួកគេដាំពូជផ្សេងៗគ្នាដោយអ្នកខ្លះដាំតាមចម្ការធំៗនិងខ្លះជាលក្ខណៈគ្រួសារ ។

លោកបានមានប្រសាសន៍ដែរថា«ប្រសិនបើកសិករមានបំណងដាំដុះដំណាំលម៉ើគ្រាន់តែចំណាយទុនតិចគឺគ្រាន់តែកសិករមកចុះឈ្មោះនៅក្រុមហ៊ុនពេលនោះក្រុមហ៊ុនអាចជួយចេញដើមទុនខ្លះនិងមានអ្នកជំនាញមកពីប្រទេសអ៊ីស្រាអ៊ែលនិងថៃមកជួយប្រាប់ពីបៀបដាំដុះ ។ ជាងនេះក្រុមហ៊ុននឹងទិញពីកសិករនូវផលដែលទទួលបានវិញ»។

លោកបានឱ្យដឹងទៀតថាសម្រាប់ការវិនិយោគទុនលើការដំណាំលម៉ើនេះក្រុមហ៊ុនលោកគ្រោងចំណាយទឹកប្រាក់ប្រមាណ ៥០ ម៉ឺនដុល្លារ ។ ដំណាំល្មើដែលក្រុមហ៊ុននាំមកដាំនៅកម្ពុជានោះអាចដាំលើដីល្បាយខ្សាច់ ប៉ុន្តែមិនអាចដាំលើដីឥដ្ឋ និងដីលិចទឹកបានឡើយ ។ កសិករអាចមានដីកន្លះហិកតារក៏អាចដាំបានហើយមួយហិកតារត្រូវការចំណាយប្រាក់ ៣ ពាន់ដុល្លារ ។ លម៉ើអាចប្រើជីលាមកជ្រូក គោ មាន់ ទា…ល ។

បើតាមលោក អ៊ឹង សុទ្ធីបានឱ្យដឹងថាក្រុមហ៊ុនលោកបាននាំយកពូជលម៉ើចំនួនបីប្រភេទសម្រាប់អថិជនឬកសិករដែលមានបំណងចង់ដាំ ហើយពូជលម៉ើទាំងបីប្រភេទនេះមានរយៈពេល ៧០ ឆ្នាំបានងាប់ដើម ។ ក្នុងរយៈពេល ៣ ឆ្នាំលម៉ើបានទទួលផលក្នុងមួយដើមយ៉ាងតិចទទួលបានផល ១០ គីឡូក្រាមនិងរយៈពេល ៤ ឆ្នាំអាចទទួលបានផលពី ១៥ ទៅ ២០ គីឡូក្រាមនិងបន្តបន្ទាប់ទៀតទទួលបានផលពី ៤០ ទៅ ៥០ គីឡូក្រាម ។ ចំណែកតម្លៃវិញល្មើក្រុមហ៊ុននឹង ទិញ រយៈពេល ១០ ឆ្នាំពីកសិករក្នុងមួយគីឡូ ៣ ដុល្លារ ទាំងផ្លែស្ងួតនិងផ្លែសើម ។ លោកបានបន្ថែមថា« ក្រុមហ៊ុនខ្ញុំបាននាំយកពូជលម៉ើដែលដាំរយៈពេលបីឆ្នាំនឹងទទួលបានផល ។ ក្នុងនោះធានាការដាំដុះពូជនិយាយរួមធានាគ្រប់យ៉ាងសម្រាប់អតិជនចង់វិនិយោគលើកដំណាំល្មើនោះ ។ ក្រុមហ៊ុនធានាទិញដោយចុះទៅដល់ចម្ការតែម្តងនិងចុះទៅមើលទីតាំងដី និងប្រាប់ពីរបៀបដាំ ហើយនៅពេលដើមលម៉ើណាងាប់ខាងក្រុមហ៊ុននឹងដាំសង» ។

លោកអគ្គនាយកក្រុមហ៊ុនបានអះអាងថាការដាំល្មើនឹងមានអត្ថប្រយោជនដល់កសិករក៏ដូចជាប្រទេសកម្ពុជាដូចជាចំណាយទុនតិច ទទួលផលបានច្រើន ហើយក្រុមហ៊ុនធានា ទិញផលទទួលបានមកវិញដោយចុះកិច្ចសន្យាជាមួយកសិករ ។ ដំណាំល្មើមានភាពងាយស្រួលដាំជាងដំណាំម្រេច និងកៅស៊ូ ដែលប្រើកំលាំងច្រើន ព្រោះថាល្មើប្រើតែកម្លាំងតែម្នាក់ក៏បានដាំក្នុងទំហំដីមួយហិកតាក៏បានដែរ ៕ ដេប៉ូ