កុមារ ៣ នាក់​ត្រូវ​ឳ​ពុក​ម្តាយ​បោះបង់ចោល​រស់​យ៉ាង​វេទនា ប្រកាស​រក​ជំនួយ​

គួរឲ្យអាណិតខ្លាំងណាស់ដែលក្មេងៗមិនទាន់ដឹងក្តីផងនោះបែរជាលាក់ខ្លួនដោយសារតែឪពុកម្តាយបោះបង់ចោលឲ្យពួកគេរស់នៅទាំងត្រដាប់ត្រដួសគ្មានអ្វីជាទីពឹង ជួនកាលគ្មានអាហារចូលក្រពះបន្តិចសោះក៏មានដែរ ។ សព្វថ្ងៃពួកគេរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កុមារ ៣ នាក់​ត្រូវ​ឳ​ពុក​ម្តាយ​បោះបង់ចោល​រស់​យ៉ាង​វេទនា ប្រកាស​រក​ជំនួយ​

កុមារីច្បងឈ្មោះ រ៉ា ស៊ីណា បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថានាងមានអាយុ ១៣ ឆ្នាំ មានបងប្អូន ៣ នាក់(ស្រីពីរនាក់ ប្រុសម្នាក់)សព្វថ្ងៃនាងកំពុងរៀនថ្នាក់ទី ៥ ប្អូនស្រីទី ២ អាយុ ១០ ឆ្នាំ រៀនថ្នាក់ទី៣ និងប្អូនប្រុសពៅមានអាយុ ៩ ឆ្នាំរៀនថ្នាក់ទី២ ។ ជារៀងរាល់ព្រឹកពួកនាងទៅសាលាមិនដែលមានបាយចូលពោះឡើយហើយក៏គ្មានលុយមួយរៀលដាក់ហោប៉ៅដែរ ពេលត្រឡប់ដល់ផ្ទះវិញជួនកាលពុំមានបាយហូបទៀតផង ។ សព្វថ្ងៃពួកនាងរនៅជាមួយជីដូនចាស់ម្នាក់ដែលមានអាយុ ៦០ ឆ្នាំទៅ ហើយគាត់គ្មានរបរអ្វីឡើយក្រៅពីដើរដកព្រលិតរាវខ្យងខ្ចៅលក់នោះ ។

លោកយាយ សុខ ថា ដែលជាជីដូនរបស់ក្មេងទាំង ៣ នាក់នេះបានរៀបរាប់ថាគាត់និងចៅៗរស់នៅវេទនាណាស់គឺមិនដែលបានហូបឆ្អែតម្តងណាឡើយពួកគេទាំងអស់សង្ឃឹមរស់ដោយសារតែគាត់ទៅដកព្រលិត បេះត្រកួន រាវខ្យងខ្ចៅលក់ប៉ុណ្ណោះ ពេលណាគាត់រកមិនបានរូបគាត់និងចៅក៏នាំគ្នាផឹកទឹដេកក៏មានដែរ ។ គាត់ថាកូនប្រសាគាត់គេទៅធ្វើការនៅប្រទេសថៃកាលពី១០ឆ្នាំមុន គេក៏មានប្រពន្ធចុងមួយទៀតនៅទីនោះមិនដែលផ្ញើលុយមកផ្ទះបន្តិឡើយ ។ ឯកូនស្រីរបស់គាត់ដែលជា ម្តាយរបស់ក្មេងៗទាំបីនាក់ដោយសារក្រពេកគ្មានអ្វីឲ្យកូនស៊ីក៏សម្រេចចិត្តទៅរកការងារធ្វើនៅប្រទេសថៃដែរ ។ ប៉ុន្តែទៅបាត់ជាងមួយឆ្នាំមកហើយ ហើយលុយក៏គ្មាន ដំណឹងក៏គ្មានដែរពួកគេទាំងពីរនាក់បានទុកកូនចោលដូចសត្វធាតុ សព្វថ្ងៃគាត់និងចៅៗរស់នៅវេទនាខ្លាំងណាស់សំណាងល្អដែរដោយសាលាគេដឹងថាគាត់ក្រ ទើបចៅៗទៅរៀនគេមិនយកលុយកុំអីគាត់គ្មានអ្វីឲ្យចៅៗទៅរៀនឡើយ ។

កុមារី រ៉ា ស៊ី ណា ព្រមទាំងប្អូនៗនិងលោកយាយ សុថា បានធ្វើការអំពាវនាវដល់សប្បុរសជនទាំងឡាយពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយដល់ចៅៗរបស់គាត់ផងបើមិនដូចនោះទេពួកគាត់ ប្រាកដជាដាច់ពោះស្លាប់ជាមិនខានឡើយ ។ បើសប្បុរសជនទាំងឡាយណាមានចិត្តសប្បុរសជួយដល់ក្មេងៗទាំងៗនេះអាចទាក់ទងតាមលេខទូរស័ព្ទនេះ ០១៧ ៤៧៧ ៤៨៤ ឬក៏ 071 934 6863 ៕ សុថាត់