សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារ និងអភិរក្សប្រភេទពូជសត្វស្លាបដ៏កម្រនៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារ និងអភិរក្សប្រភេទពូជសត្វស្លាបដ៏កម្រនៅកម្ពុជា។ ការស្នើរបស់ សម្តេច ហ៊ុន សែន នាពេលនេះ ដោយសារតែសម្តេចមើលឃើញថា គ្រោះរាំងស្ងួតអាចប៉ះពាល់ដល់ជីវិតមនុស្ស សត្វពាហនៈ និងសត្វស្លាបមួយ មួយចំនួនធំ ខណៈកម្ពុជាបច្ចុប្បន្ននេះ មានតំបន់មួយចំនួនរងគ្រោះ ដោយសារតែគ្រោះ​រាំងស្ងួនផងដែរ។ នេះបើយោងតាម Facebook Page របស់សម្តេចតេជោ ហ៊ុន សែនបង្ហោះឲ្យដឹងនៅព្រឹកនេះ។ Facebook ជាផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នោះថា «ចូលរួមថែរក្សា អភិរក្សសត្វស្លាបដ៏កម្រនៅកម្ពុជា គ្រោះរាំងស្ងួតអាចប៉ះពាល់ ដល់ជីវិតមនុស្ស សត្វពាហនៈ និងសត្វស្លាបមួយមួយចំនួនធំផងដែរ។ ទោះបីក្នុងស្ថានភាពបែបណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ ប្រភេទពូជសត្វស្លាបដ៏កម្រទាំងនេះ។ សូមកុំប្រមាញ់ ឬដាក់ថ្នាំបំពុលយក សត្វស្លាបទាំងនេះមកទទួលទានធ្វើអាជីវកម្ម»។ សម្តេចតេជោ ហ៊ុន សែនបានបន្តទៀតថា សត្វស្លាបដ៏កម្រទាំងនេះមិនត្រឹមតែសម្បត្តិធនធានធម្មជាតិ ដ៏មានតម្លៃសម្រាប់ប្រទេសយើងប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ ទាញទេសចរណ៍បរទេសមកទស្សនាកម្ពុជាទៀតផង ដូចជានៅ បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាបជាដើម៕