អ្នក​នយោបាយ​លោត​ចុះ​ឡើង​ដើម្បី​ខ្លួន​ឯង​ច្រើន​ជាង​ជាតិ

«ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត!» នេះគឺជាពាក្យចាស់តែងតែលើកឡើងដើម្បីក្រើនរំឭកឲ្យចេះប្រយ័ត្នប្រយែងនៅពេលណាដែលទទួលនរណាម្នាក់ឲ្យស្នាក់អាស្រ័យមួយរយៈឬក៏ឲ្យខ្ចីរបស់របរមានតម្លៃដោយមិនដឹងពីសាវតាររបស់មនុស្សនោះច្បាស់ជាពិសេសអ្នកនយោបាយតែម្តង។ ហេតុអ្វីបានជាអ្នកនយោបាយមួយចំនួនចូលចិត្តលោតពីបក្សមួយទៅបក្សមួយ? គឺដើម្បីជាតិឬក៏ដើម្បីលាភសក្ការៈផ្ទាល់ខ្លួន?

នៅពេលរដូវបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាន់តែខិតជិតមកដល់អ្នកនយោបាយម្នាក់ៗ ក៏ខិតខំដេកគិតថា ខ្លួនឯងនឹងបានឈរលេខរៀងទីប៉ុន្មាននៅក្នុងបក្សសិនហើយបើឈរលេខរៀងឆ្ងាយពីគេពេកប្រហែលជាមិនជាប់ទេ តែបើមិនជាប់ឆ្នោតលើកនេះទេត្រូវទៅរកគណបក្សណាទៀត ក្រែងបានកន្លែងណាមួយអង្គុយអានកាសែតឲ្យគេ ក៏គ្រាន់បើដែរកុំឲ្យខ្មាសគេ។ខ្លះទៀតគ្រាន់គេឲ្យក្បាលមេក្រូម្តងម្កាលកោកកាកលិចកើតទៅមើលទៅ ដូចគ្រាន់បើដែរ។

កន្លងមកមានការជជែកគ្នាលេងនៅទីកន្លែងជុំគ្នានៅរានហាលមុខផ្ទះឬនៅតាមហាងកាហ្វេក្តី អំពីអត្តចរិត និងការដឹកនាំរបស់មេបក្សនីមួយៗលេងសើចកម្សាន្តដូចជា៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថាគាត់ដឹកនាំតាមបែបជំហានគីង្គក់ ដែលវារគើមៗលោតទៅមុខម្តងៗ។ឯសម្តេចក្រុមព្រះនរត្តមរណឫទ្ធវិញ ដឹកនាំតាមបែបដើរជំហានហ៊ីង គឺដើរទៅមុខមិនចង់រួចទេព្រោះពោះធំសុទ្ធតែខ្យល់ងាកឆ្វេងបន្តិចទៅ ងាកស្តាំបន្តិចទៅ បានជាទៅមុខរួចឲ្យតែមានការអីបញ្ចេញជ័រប្រឡាក់ដៃហើយ។

អ្នក​នយោបាយ​លោត​ចុះ​ឡើង​ដើម្បី​ខ្លួន​ឯង​ច្រើន​ជាង​ជាតិ

លោក កែវ រ៉េមី អ្នកនយោបាយម្នាក់ក្នុងចំណោមជាច្រើននាក់ដែលចេញពីបក្សមួយចូលបក្សមួយទៀត

ចំណែកឯ លោក សម រង្ស៊ីវិញ ត្រូវបានគេដាក់ងារឲ្យថាដឹកនាំតាមបែបជំហានកញ្ចាញ់ចេកម្តងនៅលើពាងទឹកម្តងលោតទៅទុំនៅលើដើមចេកម្តងលោតទៅតោងឯជើងសសរផ្ទះមើលមុខគេឡិងឡង់ៗ។ ឲ្យតែរាងរញ៉េរញ៉ៃបន្តិចកញ្ចាញ់ចេកនោះនោមដាក់ភ្នែកលោតចោលបាត់ឥឡូវហ្នឹង។ រីឯ លោក កឹម សុខា ក៏ត្រូវបានគេឲ្យងារកង្កែប ព្រោះស្រែកលឿនជាងការគិតមិនទាន់ធ្លាក់ភ្លៀងស្រួលបួលផងស្រែកបាត់ទៅហើយតែមិនដឹងថាកង្កែបនោះជាកង្កែបអូកឬកង្កែបគេបោកនោះទេ។

យ៉ាងណាមិញក្រៅពីរឿងមេបក្សសមាជិកបក្សមួយចំនួនដែលចូលចិត្តតែដើរស្វែងរកលាភសក្ការៈផ្ទាល់ខ្លួននិងភាពមិនប្រាកដប្រជារបស់ខ្លួនខុសៗគ្នាខ្លះមើលទៅហាក់បីដូចជាមិនចេះរកការងារណាក្រៅពីធ្វើនយោបាយទេក៏ត្រូវបានគេកត់សម្គាល់ដែរហើយអ្នកទាំងនោះសុទ្ធតែជាអ្នកបានវោហារស្តាប់មើលទៅដូចជាទំនងគួរឲ្យទុកចិត្តគឺចូលបក្សដើម្បីបំបែកឬក៏ដើម្បីរកទ្រនំខ្លួនឯងជ្រកមិនបានអីក៏ស្ពាយអ្នកគាំទ្រមកជាមួយយ៉ាងហោចណាស់ក៏បាន៥០០០ នាក់ទៅ។ តែមិនបានអ៊ីចឹងឯណាគឺមកតែខ្លួនហើយតែងតែរិះគន់បក្សចាស់ៗ ដែលខ្លួនធ្លាប់នៅជាមួយថា ឆ្អែតចិត្តជាមួយអីចេះអីចុះដើម្បីឲ្យបក្សថ្មីទទួលយកដោយត្រជាក់ចិត្ត។

ឧទាហរណ៍៖ លោក គង់ មុន្នី ដែលជាអ្នកចូលមកគ្រាន់តែបំបែកគណបក្សជាតិខ្មែរឲ្យទៅជាបក្សសមរង្ស៊ីតែប៉ុណ្ណោះ។ ឥឡូវមិនដឹងជាទៅទីណាទេហើយមិនដឹងជាបានផលអ្វីខ្លះពីទង្វើនេះទេ។

រីឯលោក កែវ រ៉េមី ជាកូនប្រសាលោក ឈឹម សៀកឡេង (អតីតអភិបាលរាជធានីភ្នំពេញឆ្នាំ១៩៩៣ មកពីហ៊្វុនស៊ីនប៉ិច) កាលពីការបោះឆ្នោតអាណត្តិទី២ ឆ្នាំ១៩៩៨ឃើញមានមុខតំណាងរាស្រ្តនៅហ៊្វុនស៊ីនប៉ិច មកដល់អាណត្តិទី៣ ឆ្នាំ ២០០៣ ឃើញលោតទៅនៅតំណាងរាស្ត្រនៅបក្សសម រង្ស៊ី មកដល់អាណត្តិទី ៤ មុនបោះឆ្នោត ឃើញមកនៅជាមួយបក្សសិទ្ធិមនុស្សវិញតែដល់ពេលចាញ់ឆ្នោតអត់កន្លែងអង្គុយក៏ទៅចុះចូលជាមួយនឹងគណបក្សប្រជាជនក៏មានកន្លែងពីរដែរនៅអង្គភាពប្រតិកម្មរហ័សនិងអង្គភាពប្រឆាំងនឹងអំពើពុករលួយដើម្បីជួយបន្ទរបន្ថែមអ្វី ដែលថ្នាក់លើឲ្យនិយាយ។នេះបានគេហៅថាអ្នកនយោបាយឱកាសនិយម តែមិនប្រាកដនិយម។

ឥឡូវនេះចូលដល់ព្រះអង្គម្ចាស់ធម្មិកោវិញម្តងព្រះអង្គមិនមែនជាអ្នកនយោបាយឱកាសនិយមទេតែភាពមិនច្បាស់លាស់របស់ព្រះអង្គតើឲ្យប្រជាពលរដ្ឋមានជំនឿដូចម្តេចទៅ? បើកន្លងមកជាធម្មតាព្រះអង្គជាអតីតទីប្រឹក្សាសម្តេចឪជាស្ថាបនិកមួយរូបអ្នកចូលរួមបង្កើតហ៊្វុនស៊ីនប៉ិច តំាងពីឆ្នាំ ១៩៨១ មកដល់ឆ្នាំ២០០៦ ព្រះអង្គបានបង្កើតគណបក្សមួយដែលមានឈ្មោះថា គណបក្សរណសិរ្សសង្គមជាតិនិយម ដើម្បីគាំទ្ររបបរាជានិយមហើយគណបក្សដែលមានគ្នាជាង១០ នាក់នោះក៏បានបញ្ចូលគ្នា ជាមួយនឹងគណបក្សរណសិរ្សជនជាតិខ្មែរ របស់លោកស៊ុត ឌីណា។

ក្រោយមកទៀតគណបក្សនោះ ក៏ទៅច្របាច់បញ្ចូលគ្នាជាមួយនឹងគណបក្សនរោត្តមរណរិទ្ធិ បន្ទាប់មកមិនដឹងជាកូនបក្សតូចមួយនោះទៅទីណាបាត់ហើយ។ ក្រោយមកទៀតព្រះអង្គម្ចាស់ក៏ត្រឡប់មកធ្វើជាទីប្រឹក្សាជាន់ខ្ពស់ឲ្យ លោក កែវ ពុទ្ធរស្មី ប្រធានគណបក្សហ៊្វុនស៊ីនប៉ិចវិញ។ នៅខែកញ្ញា ឆ្នាំ ២០០៧ ព្រះអង្គម្ចាស់ធ្មមិកោ ធ្លាប់សរសេរលិខិតមួយទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យបិទសាលាក្តីខ្មែរក្រហមដោយសារតែមានកូនអង្គការមួយតូចដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកស្នើឲ្យសម្តេចឪ យាងចូលទៅបំភ្លឺនៅសាលាក្តីខ្មែរក្រហម។

ឥឡូវនេះ ព្រះអង្គម្ចាស់ក៏បានតួនាទីថ្មីមួយទៀត ជាទីប្រឹក្សាសម្តេចម៉ែ និងត្រឡប់ចូលមកធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិដែលទើបបង្កើតថ្មីពីការបញ្ចូលគ្នារវាងបក្សសមរង្ស៊ី និងបក្សសិទ្ធិមនុស្ស។ព្រះអង្គម្ចាស់ចូលជាមួយនឹងបក្សថ្មីនេះ តែមួយអង្គឯងទេ មិនបានទាក់អ្នកគាំទ្ររាប់ពាន់នាក់មកជាមួយឡើយ។ គ្រាន់តែមើលពីដំណើរជីវិតនយោបាយដែលមិនមានគោលជំហរច្បាស់លាស់របស់ព្រះអង្គម្ចាស់ចង់វិលមុខព្រោះច្រើនមុខពេកហើយការចូលមកបក្សថ្មីមិនបានធ្វើអ្វីដែលគួរឲ្យរសើបបក្សកាន់អំណាចផង។ បើលោតពីកន្លែងមួយទៅកន្លែងមួយលឿនម្លឹងៗ មិនដឹងជាជំហានអ្វីទេ ធ្វើឲ្យអ្នកបោះឆ្នោតចង់ពុល មិនដឹងថា តើគាំទ្រគាត់យ៉ាងដូចម្តេច?

ជាសរុបមកវិញគ្រប់អ្នកនយោបាយទាំងអស់ឲ្យតែបានក្បាលមេក្រូគឺសុទ្ធគិតជាតិជាធំតែដល់ពេលខ្លះបានអំណាចទៅលែងគិតជាតិបែរទៅជាបំផ្លាញជាតិ និងធ្វើបាបប្រជាពលរដ្ឋទៅវិញ។ ចំណែកឯអ្នកនយោយបាយមិនប្រាកដប្រជាវិញមិនមែនដើម្បីជាតិទេ គឺគិតរឿងផលប្រយោជន៍ខ្លួនឯងច្រើនជាងទៅវិញអ៊ីចឹងមេបក្សទាំងឡាយត្រូវគិតគូរពីចំណុចនេះបន្តិចថា តើឲ្យអំណាចត្រឹមកម្រិតណាមួយបានហើយ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍