សុំ​លុយ​ប្រ​ព​ន្ធ​មិន​បាន​ប្រើ​ហិង្សា ធ្លាយ​រឿង​អារ​.​ក​សម្លាប់​បុរស​ម្នាក់​ទៀត

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់បានត្រូវសមត្ថកិច្ចមូលដ្ឋាន​ឃាត់ខ្លួននៅប៉ុន្មាននាទីប៉ុណ្ណោះ​បន្ទាប់ពីប្រើអំពើហិង្សា​វាយប្រពន្ឋប៉ោងមុខ​និងខៀវភ្នែក ។

ហេតុការណ៍នេះ ​បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី១០​ ឧសភា ២០១៦ ​នៅតាមផ្លូវបេតុង ​ភូមិផ្សារលិច សង្កាត់-​ខណ្ឌព្រែកព្នៅ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងទៀតថា ​ជនដៃដល់ដែលខឹងសុំលុយ​ប្រពន្ធមិនបានប្រើអំពើ​ហិង្សានេះឈ្មោះ ណាល់ សំណាង​ ហៅឈុន ​សំណាង ​អាយុ២៥ឆ្នាំ​ មុខរបរអ្នកលក់ត្រី ​មានស្រុកកំណើតក្នុងភូមិ-​ឃុំទួលស្នួល ​ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។​ ចំណែកជនរងគ្រោះ​ជាប្រពន្ឋឈ្មោះ ​ហ៊ូ សានី ​អាយុ២០ឆ្នាំ ​មាន​កូន​ប្រុស​ម្នាក់ ។

សេចក្តីរាយការណ៍បានបន្តថា​ ក្រោយពេលឃាត់ខ្លួនជន​ដៃដល់តាមពាក្យបណ្តឹង​​របស់ប្រពន្ធនោះរួចមក ​តាមរយៈការសួរដេញ​ដោល​របស់សមត្ថកិច្ច ក៏បែក​ធ្លាយ​ជន​នេះ​ពាក់​ព័ន្ធនឹង​ការរួម​គំនិតជាមួយជនម្នាក់​ទៀត​ធ្វើសកម្មភាពអារ.ក​សម្លាប់បុរស​ម្នាក់ កាលពី​វេលាម៉ោង៧និង៣០នាទី​យប់ ថ្ងៃទី២៩ ធ្នូ ​២០១៥ ​នៅក្នុងភូមិលូ ​សង្កាត់ស្វាយប៉ាក​ ខណ្ឌប្ញស្សីកែវ ។

នៅពេលនេះ ​សមត្ថកិច្ចកំពុងបន្តសាកសួរ ​និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕