អង្គការ​សម្ពន្ធមិត្ត​សត្វព្រៃ​និង​ប៉េអឹម​ចាប់​សាច់​សត្វព្រៃដែល​ដាក់​​លក់​នៅផ្សារ​បាន​លុង

អង្គការសម្ពន្ធមិត្តសត្វព្រៃសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងរដ្ឋបាលព្រៃឈើលំផាត់និងទីស្នាក់ការផ្សារបានលុង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ បានចុះត្រួតពិនិត្យឆែកឆេររកសាច់សត្វព្រៃដែលដាក់តាំងលក់នៅក្នុងផ្សារបានលុង ។

អង្គការ​សម្ពន្ធមិត្ត​សត្វព្រៃ​និង​ប៉េអឹម​ចាប់​សាច់​សត្វព្រៃដែល​ដាក់​​លក់​នៅផ្សារ​បាន​លុង

ក្នុងប្រត្តិបតិការនេះសមត្ថកិច្ចចម្រុះបានដកហូតរួមមាន សាច់ជ្រូកព្រៃស្រស់ទម្ងន់ ២៥ គីឡូក្រាម សាច់ឈ្លូសស្រស់ទម្ងន់ ៣១ គីឡូក្រាម សាច់ត្រកួតស្រស់ទម្ងន់ ៣,៨ គីឡូក្រាម និង សត្វអាញីក្រៀម ១ ក្បាល ។

ប៉ុន្តែការចុះត្រួតពិនិត្យឆែកឆេរខាងលើនេះពុំបានរកម្ចាស់ដើម្បីយកមកធ្វើការផាកពិន័យនិងធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរនោះទេ ព្រោះក្រុមអ្នកលក់ដូរទាំងនោះហាក់បីដូចជាដឹងព័ត៌មានមុនពេលដែលក្រុមសមត្ថកិច្ចចម្រុះចុះទៅដល់ផ្សារបានលុង ។

អង្គការ​សម្ពន្ធមិត្ត​សត្វព្រៃ​និង​ប៉េអឹម​ចាប់​សាច់​សត្វព្រៃដែល​ដាក់​​លក់​នៅផ្សារ​បាន​លុង

សមត្ថកិច្ចចម្រុះដែលចុះឆែកឆេររកសាច់សត្វព្រៃនៅផ្សារបានលុងបានឲ្យដឹងថាកន្លងមកក្រុមការងារធ្លាប់ចុះរឹបអូសសាច់សត្វព្រៃនិងធ្វើកិច្ចសន្យាជាមួយអាជីវករលក់ដូរសត្វព្រៃឲ្យបញ្ឈប់ការលក់ដូរជាច្រើនដងរួចមកហើយ។ ប៉ុន្តែក្រុមអាជីវករលក់ដូរទាំងនោះហាក់បីដូចជាមិនរៀងចាលពោលគឺនៅតែបន្តធ្វើអាជីវកម្មដដែល ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យឆែកឆេររួចវត្ថុតាងសាច់សត្វព្រៃនិងអាញីក្រៀមមួយក្បាលត្រូវបានក្រុមការងារយកទៅជីករណ្តៅកប់នៅស្នាក់ការរដ្ឋបាលព្រៃឈើលំផាត់ ។

ហាងធំៗនៅក្នុងខេត្តរតនគិរីមានលក់ម្ហូបសត្វព្រៃគ្រប់ប្រភេទតាមតែភ្ញៀវកុម្ម៉ង់ដោយហាងខាងលើនេះត្រូវបានគេដឹងថា បានបង់លុយឲ្យសមត្ថកិច្ចមូលដ្ឋានជាប្រចាំ ៕ សុថាត់