“អ្នក​ពាក់ព័ន្ធ​ករណី​ស្តុក​ឈើ​គ្រញូង​ជិត​២០​តោន​នៅ​ខេត្ត​ត្បូងឃ្មុំ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន”

អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា ករណី​ស្តុក​ឈើ​ខុស​ច្បាប់​ពាក់ព័ន្ធ​កូន​មេ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក នៅ​មិន​ទាន់​ចេញ​ជា​លទ្ធផល​នៅ​ឡើយ។ ពួក​គេ​យល់​ថា បញ្ហា​នេះ តុលាការ​អាច​ធ្វើ​ឡើង​គ្រាន់​តែ​ដើម្បី​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ ចំណែក​មន្ត្រី​តុលាការ​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត។

អស់​រយៈពេល​ជិត​ពីរ​ខែ​មក​ហើយ សំណុំ​រឿង​រក​ស៊ី និង​ស្តុក​ឈើ​ខុស​ច្បាប់​ពាក់ព័ន្ធ​កូន​មេ​ឃុំ​ត្រពាំងផ្លុង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មិន​ទាន់​មាន​ចេញ​ជា​លទ្ធផល បើ​ទោះ​បី​ជា​មាន​ភស្តុតាង​យ៉ាង​ណា​ក៏ដោយ។ មក​ទល់​ពេល​នេះ កូន​ប្រសា និង​កូន​បង្កើត ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​ករណី​ស្តុក​ឈើ​គ្រញូង​ជិត ២០​តោន​នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ត្រពាំងផ្លុង មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង លើក​ឡើង​ថា ការ​រក​ស៊ី​ឈើ​ប្រណិត គឺ​ជា​មុខ​របរ​ខុស​ច្បាប់ ប៉ុន្តែ​ករណី​ឈើ​ប្រណិត​រក​ឃើញ​នៅ​ក្នុង​ដី​កូន​លោក​មេ​ឃុំ​ត្រពាំងផ្លុង គឺ​ស្ងាត់​សូន្យ ហើយ​ជន​ពាក់ព័ន្ធ​នៅ​មាន​សេរីភាព​នៅ​ឡើយ។ ចំណាត់​ការ​បែប​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​នៅ​ឃុំ​ត្រពាំងផ្លុង យល់​ថា តុលាការ​ធ្វើ​ដើម្បី​បំពេញ​កិច្ច​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នេះ ប្រភព​ដដែល​ចង់​ឲ្យ​តុលាការ​វែក​មុខ​ជន​ដែល​ពាក់ព័ន្ធ ដើម្បី​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​២៦ មីនា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ និង​កម្លាំង​សមត្ថកិច្ច បាន​ចុះ​បង្ក្រាប​កន្លែង​ស្តុក​ឈើ​គ្រញូង​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​ដី​ភូមិ​របស់​កូន​លោក ហែម យៀប ជា​មេ​ឃុំ​ត្រពាំងផ្លុង។ ការ​ចុះ​បង្ក្រាប​នោះ រក​ឃើញ​ឈើ​ប្រណិត​ប្រភេទ​គ្រញូង​ជិត ២០​តោន ដែល​គេ​សង្ស័យ​ថា ពាក់ព័ន្ធ​មេ​ឃុំ​ត្រពាំងផ្លុង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​កូន​របស់​លោក​ផង។ ក្រោយ​មក លោក ហែម យៀប បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ ដោយ​លើក​ឡើង​ថា ឈើ​ទាំង​នោះ​ជា​របស់​មិត្តភ័ក្ដិ​កូន​លោក​មេ​ឃុំ​ទៅ​វិញ។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​អយ្យការ និង​ជា​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ហាក់ សៀកលីម មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត។ ដូច​នេះ លោក​មិន​អាច​ជម្រាប​ជូន​ព័ត៌មាន​លម្អិត​បាន​ទេ។ លោក​បញ្ជាក់​ថា ខាង​តំណាង​អយ្យការ​សម្រេច​ថា នឹង​ប្រគល់​វត្ថុ​តាង​ទៅ​ឲ្យ​មន្ត្រី​ជំនាញ ដើម្បី​រក្សា​ទុក​ជា​បណ្ដោះអាសន្ន។ ក្រៅ​ពី​នេះ លោក​មិន​បកស្រាយ​អ្វី​ឡើយ «ចំណាត់​ការ​របស់​ព្រះរាជអាជ្ញា​គាត់​នៅ​តែ​បន្ត​ស៊ើប​អង្កេត ធ្វើ​ម៉េច​ដើម្បី​ប្រមែប្រមូល​ភស្តុតាង​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចោទ​ប្រកាន់​ទៅ​លើ​បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្ត​ល្មើស ដែល​បាន​រក្សា​ទុកនូវ​ឈើ​ខុស​ច្បាប់​ហ្នឹង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​មាន​ទំហំ​ធំធេង ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ គឺ​មិន​សូវ​មាន​ទេ។ ជាក់ស្តែង ទាក់ទិន​ករណី​កូន​មេ​ឃុំ​ត្រពាំងផ្លុង ជុំវិញ​រឿង​ស្តុក​ទុក​ឈើ​ខុស​ច្បាប់​ពេល​នេះ លោក​មិន​សូវ​មាន​សង្ឃឹម​ចំពោះ​វិធានការ​របស់​តុលាការ​ឡើយ៖ «យើង​នៅ​តែ​គិត​ថា តុលាការ​គាត់​ធ្វើ ប៉ុន្តែ​មិន​ដឹង​ថា ជាតិ​ណា​គាត់​ធ្វើ? យើង​មិន​ដឹង»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បញ្ជាក់​ថា បទល្មើស​ឧក្រិដ្ឋកម្ម​ឈើ​ទាំង​នេះ គឺ​ជា​ការ​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​ក្រីក្រ ពីព្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​នោះ​ជា​អ្នក​រងគ្រោះ នៅ​ពេល​ធនធាន​ធម្មជាតិ​ត្រូវ​វិនាស។ លោក​លើក​ឡើង​ទៀត​ថា នៅ​ពេល​ស្ថាប័ន​តុលាការ​មិន​អាច​ចាត់​វិធានការ​ចំពោះ​អ្នក​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​ទាំងអស់​នោះ​បាន កាន់​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​តុលាការ និង​បង្ហាញ​ថា ស្ថាប័ន​មួយ​នេះ​មាន​ឥទ្ធិពល​ចំពោះ​តែ​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។