ព្រឹកថ្ងៃស្អែក​នេះ​លោក កឹម សុខា នឹង​មិន​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​ទេ

ព្រឹកថ្ងៃស្អែក​នេះ​លោក កឹម សុខា នឹង​មិន​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​ទេ



ភ្នំពេញ ៖ លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ព្រឹក ដើម្បី​សាកសួរ​ករណី​បរិហារកេរ្តិ៍ ដែល​ប្តឹង​ដោយ​កញ្ញា ធី សុវណ្ណ​ថា ប៉ុន្តែ​លោក កឹម សុខា នឹងមិន​ចូលខ្លួន​តាម​ការកោះហៅ​នោះ​ទេ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បញ្ជាក់​បានទេ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ ប៉ុន្តែ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ធម្មិកោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា “​លោក​ប្រធានស្តីទី កឹម សុខា នៅ​ក្នុង​ស្រុក​ទេ ក៏ប៉ុន្តែ​យោងតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា លោក​បានសម្រេច​មិន​បង្ហាញខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ ដូច​ដីកា​រំលោភច្បាប់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​បញ្ជា​ឲ្យ​គាត់​ចូលខ្លួន​ទៅ​បំភ្លឺ​។ យើង​ទាំងអស់គ្នា​ចាំ​មើល​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​យ៉ាងដូចម្តេច ? “

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ធម្មិកោ បាន​សរសេរ​ទៀត​ថា “​លោក​ប្រធានស្តីទី កឹម សុខា បានសម្រេច​ចិត្ត​ធ្វើ​ពលីកម្ម​ប្រឈម​នឹង​ច្បាប់ ហើយ​សុខចិត្ត​ឲ្យគេ​ចាប់ខ្លួន​លោក ដើម្បី​ផ្តល់​កម្លាំងចិត្ត​ឲ្យ​យើងទាំងអស់គ្នា​នៅ​ខាងក្រៅ​។ ហេតុដូច្នេះ ដើម្បី​ផ្តល់​សេចក្តី​កក់ក្តៅ​ជូន​លោក​វិញ យើង​ត្រូវតែ​រួបរួម​គ្នា​ប្តេជ្ញាចិត្ត​បន្ត​បេសកកម្ម​ពិសិដ្ឋ​របស់​លោក​រៀងរាល់​ថ្ងៃ​ជាមិនខាន ដើម្បី​ទាមទារ​សិទ្ធ​សេរីភាព និង​ប្រជាធិបតេយ្យ​ពេញលេញ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ការពារ​បូរណភាព​ទឹកដី និង​ឯករាជ្យ​ភាព​ជាតិ​យើង​”។

សូម​បញ្ជាក់​ថា កាលពី​នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៦ លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង​៩ ព្រឹក ដើម្បី​សាកសួរ​ករណី​បរិហារកេរ្តិ៍ កញ្ញា ធី សុវណ្ណ​ថា ហើយ​ចំពោះ​បញ្ហា​នេះ លោក សៀង សុខ ក៏បាន​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២ រូប ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ផង​ដែរ គឺ​ទី​១, លោក តុ វ៉ាន់​ចាន់ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ខែ ឧសភា វេលា​ម៉ោង​៩ ព្រឹក​។ ចំណែក​លោក ពិន រតនា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា វេលា​ម៉ោង​១៤ និង​៣០ នាទី ដើម្បី​សាកសួរ​ពី​ដំណើររឿង​ពាក់ព័ន្ធ និង​អំពើ​ពេស្យាចារ។

ទាក់ទង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៦ ក្រុម​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សេចក្តី​ថ្លែងការណ៍​អះអាង​ថា ការ​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​ចំនួន​៣ រូប ពី​សំណាក់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺជា​ការ​ប្រើ​អំណាច​ដោយ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ ដែល​ធានាការពារ​ដោយ​រដ្ឋធម្មនុញ្ញ​។ ក្រុម​សមាជិកសភា​ទាំងនោះ​លើក​ឡើង​ថា មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា “​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា​។ តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ​មិន​អាច​ត្រូវ​បាន​ចោទប្រកាន់​ចាប់ខ្លួន​ឃាត់ខ្លួន ឬ ឃុំខ្លួន​ដោយហេតុ​ពី​បាន​សម្តែង​យោបល់ ឬ​បញ្ចេញមតិ​ក្នុងការ​បំពេញ​មុខងារ​របស់ខ្លួន​សោះឡើយ​….។

ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុ​ផា​ណា ធ្លាប់​បាន​ថ្លែង ថា ការកោះហៅ​សមាជិកសភា​ទាំង​ពីររូប រួមទាំង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ធ្វើឡើង​ទៅតាម​នីតិវិធី​ច្បាប់ ដោយ​មិនបាន​រំលោភ​ដល់​រដ្ឋធម្មនុញ្ញ ដូច​ការចោទប្រកាន់​នោះឡើយ​។

លោក​បញ្ជាក់​ថា តុលាការ​មាន​សិទ្ធិ​ក្នុង​ការ​កោះហៅ​បុគ្គល​នានា ដើម្បី​បំភ្លឺ​ទៅ​នឹង​រឿង​អ្វីមួយ ហើយក៏​អាច​កោះហៅ​តំណាងរាស្ត្រ​បានដែរ​។ ដោយឡែក​អភ័យឯកសិទ្ធិ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​គ្រាន់តែ​បានការ​ពារ​មិន​ឲ្យ​មានការ​ឃាត់ខ្លួន ចោទប្រកាន់ ចាប់ខ្លួន ឬ​ឃុំខ្លួន​ប៉ុណ្ណោះ។

កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ កញ្ញា ធី សុវណ្ណ​ថា ក៏បាន​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​ថ្មី​មួយទៀត ចំឈ្មោះ​លោក កឹម សុខា តែម្តង ដោយ​ទាមទារ​ជំងឺ​ចិត្ត​១​លាន​ដុល្លារ ហើយ​តាម​កញ្ញា ធី សុវណ្ណ​ថា អះអាង​ថា កា​សម្រេច​ចិត្ត​ប្តឹង​នេះ ដោយសារតែ​លោក កឹម សុខា បាន​ចោទប្រកាន់​ថា កញ្ញា​បាន​យក​គណបក្ស​ទៅ​បោកប្រាស់​មូលនិធិ​ពី​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស ហើយក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​ន​យោ​បាយ​របស់​កញ្ញា​ផងដែរ៕