ទូត​សិង្ហ​បុរី​សរសើរ​ពី​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច វិនិយោគទុន និង​ពាណិជ្ជកម្ម ជាមួយ​កម្ពុជា

ទូត​សិង្ហ​បុរី​សរសើរ​ពី​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច វិនិយោគទុន និង​ពាណិជ្ជកម្ម ជាមួយ​កម្ពុជា



ភ្នំពេញ ៖ ការ​លើកឡើង​ពី​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច វិ​និ​យោគ​ទុន និង​ពាណិជ្ជកម្ម ជាមួយ​កម្ពុជា​នេះ ត្រូវ​បាន​លោក Kevin Cheok ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​ចប់​អាណត្តិ​លើកឡើង​នៅក្នុង​ជំនួប ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​បញ្ចប់​ជំនួប​នោះ​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី បាន​សម្តែង​ការ​អរគុណ​ចំពោះ​ការគាំទ្រ​របស់​ក្រសួងការបរទេស ដែល​បាន​ផ្តល់ជូន​លោក​ក្នុង​ពេល​បំពេញការងារ​នៅ​កម្ពុជា ហើយ​លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​សិង្ហ​បុរី និង​កម្ពុជា លើ​គ្រប់​វិស័យ​ទាំងអស់ ជាពិសេស​លើ​ការ​រីកចម្រើន​ទំនាក់ទំនង​សេដ្ឋកិច្ច វិនិយោគទុន ពាណិជ្ជកម្ម និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

លោក ជុំ សុន្ទរី លើកឡើង​ទៀត​ថា នៅ​ក្នុង​ជំនួប​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី បាន​ជម្រាប​ជួប​លោក​ទេសរដ្ឋមន្ត្រី អំពី​ការងារ​៣ ដែល​ក្នុង​ពេល​អនាគត​ខាងមុខ ដែល​នឹង​រួមចំណែក​ដល់​សំខាន់​នូវ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​វាង​ប្រទេស​ទាំងពីរ គឺ​ទី​១. ការរៀបចំ​របស់​សឹង្ហ​ពួរ សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សឹង្ហ​ពួរ​មក​កម្ពុជា​នៅ​ចុង​ឆ្នាំ​២០១៦ នេះ ទី​២. ការ​ត្រៀម​រៀបចំ​របស់​សិង្ហ​បុរី សម្រាប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​សឹង្ហ​ពួរ​នៅ​ដើម​ឆ្នាំ​២០១៧ និង​ទី​៣. បំណង​របស់​រដ្ឋាភិបាល​សឹង្ហ​ពួរ​ក្នុង​ការពង្រីក​បន្ថែម​ទៀត។

តាម​លោក ជុំ សុន្ទរី នៅ​ក្នុង​ជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រួម​ចំណែក​របស់​ឯក​អគ្គរដ្ឋទូត​សិង្ហ​បុរី ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​ហើយ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ឯកភាព​ចំពោះ​ការវាយតម្លៃ​របស់​ឯក​អគ្គរដ្ឋទូត អំពី​ការរីកចម្រើន​ដ៏​ល្អ​ក្នុង​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ការ​រីកចម្រើន​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ដែល​ក្នុង​នោះ​លើ​ផ្នែក​វិនិយោគ​របស់​សឹង្ហ​ពួរ​មានការ​កើន​ឡើង​នៅ​កម្ពុជា ដែល​រហូត​មក​ដល់​ពេល​នេះ សិង្ហ​បុរី ឈរ​នៅ​ក្នុង​លំដាប់ថ្នាក់​ទី​៩ ក្នុង​ផ្នែក​វិនិយោគទុន​បរទេស​នៅ​កម្ពុជា ហើយ​លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​ដែល​ក្រសួងការបរទេស នៃ​ប្រទេស​ទាំងពីរ​បាន​បញ្ចប់​នៅ​ការចរចា​នៅ​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជៀសវាង​ការ​ត្រួត​ពន្ធ​រវាង​ប្រទេស​ទាំងពីរ។

ជាមួយគ្នា​នោះ​លោក​ទេសរដ្ឋមន្ត្រី​សង្ឃឹមថា ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជៀសវាង​ការ​ត្រួត​ពន្ធ​រវាង​ប្រទេស​ទាំងពីរ​នា​ពេល​ខាងមុខ នឹង​រួមចំណែក​ដ៏​សំខាន់​បន្ថែម​ទៀត នៅក្នុង​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ទ្វេភាគី ហើយ​កម្ពុជា​បាន​ត្រៀម​រួចស្រេច​នៅ​ក្នុង​ការទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី និង​ប្រធានាធិបតី​សិង្ហ​បុរី នាពេល​ខាងមុខនេះ។

ចំពោះ​សំណើ​របស់​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី ដែល​បាន​អញ្ជើញ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​នោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់​ថា បច្ចុប្បន្ន​លោក​កំពុង​គិត​ពី​ពេលវេលា​ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស​នៅ​ក្នុង​អាស៊ាន ហើយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​សិង្ហ​បុរី​ផង​ដែរ​។ ចំណែក​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​សិង្ហ​បុរី​មកកាន់​ប្រទេស​កម្ពុជា នា​ដើមឆ្នាំ​២០១៧ ខាងមុខ ភាគី​ទាំងពីរ​កំពុង​រៀបចំ ថា​តើ​មាន​អ្វីខ្លះ​ដែល​ត្រូវ​ធ្វើ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​៕