លោក​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ និង​អាជ្ញាធរ​ខេត្ត​ស្រុក ចុះ​ចែក​ទឹក​ជូន​ប្រជា​ពលរដ្ឋ​ជាង​៧០០​គ្រួសារ

លោក​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ និង​អាជ្ញាធរ​ខេត្ត​ស្រុក ចុះ​ចែក​ទឹក​ជូន​ប្រជា​ពលរដ្ឋ​ជាង​៧០០​គ្រួសារ



កំពង់ឆ្នាំង ៖ « បាន​ផឹកទឹក​ត្រូវ​នឹកឃើញ​ប្រភព​អ្នក​ជួយ » លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រ​សួង​អភិវឌ្ឍ​ជនបទ បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ ក្នុង​ពេល​លោក និង​ក្រុមការងារ រួម​ជា​មួយ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង លោកជំទាវ កែ​ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​អាជ្ញាធរ​ស្រុក​រលាប្អៀរ បាន​នាំ​គ្នា​បូមទឹក​ស្អា​ត​របស់​សហគមន៍​ផលិត​ចេញពី​ទំនប់ទឹក​ឈ្វាំង ដែល​សម្តេច ហ៊ុន សែន បាន​ជួយ​កសាង​កន្លងមក ដឹក​តាម​រ៉ឺម៉ក គោយន្ត រថយន្ត ចំនួន​៨៥.០០០​លីត្រ ចុះ​ចែក​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ទឹក​នៅ​តាម​ផ្ទះ​នៅ​ក្នុង​ឃុំ​៥ របស់​ស្រុក​រលាប្អៀរ ចំនួន​ជាង​៧០០​គ្រួសារ។

លោក​មេឃុំ​រលាប្អៀរ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ទឹក​ស្អាត​របស់​សហគមន៍​ដែល​ផលិត​ចេញ​ពី​ទំនប់ទឹក​ឈ្វាំង​នេះ ពី​មុន​មក​មិន​សំបូរ​ទឹក​បែបនេះ​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៤​ពេល​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ភាព​រាំងស្ងួត ក៏​ត្រូវ​បាន​សម្តេច ហ៊ុន សែន ចុះ​មក​ជួយ​ឲ្យ​គេ​ស្តារ​ជីក បង្កើត​បាត​ជា​ទំនប់ទឹក​ដ៏​ធំ​នេះ​ឡើង ដែល​បាន​ស្តុ​ប​ទឹកបាន​រាប់​សែន​ម៉ែត្រ​គូប សង្គ្រោះ​ដីស្រែ​បាន​រាប់ពាន់​ហិកតា​។

ជាក់ស្តែង​នៅ​ក្នុង​ពេល​ខ្វះខាត​ទឹក​បែបនេះ ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​បាន​ទឹក​ពី​ទំនប់ទឹក​នេះ​យក​មក​ប្រើ​ប្រាស់ ហេតុនេះ​ប្រជាពលរដ្ឋ​មិន​ភ្លេចគុណ​សម្តេច​នោះទេ។

សមាជិក​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​រលាប្អៀរ ក៏បាន​ថ្លែង​ដែរ​ថា ក្នុងនាម​យុវជន​ជំនាន់​ក្រោយ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​សម្តេច ហ៊ុន សែន ដែល​បាន​បន្សល់ទុក​នូវ​មរកត​ដ៏​ធំធេង​នេះ ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ​។ ពួក​យើង​ខ្ញុំ​ជា​យុវជន​ប្តេជ្ញា​ថែរក្សា​ការពារ​ទំនប់ទឹក​នេះ​ឲ្យ​មាន​និរន្តភាព ប្រើប្រាស់​យូរអង្វែង​តទៅ​អនាគត​គឺ «​បាន​ប្រើ​ទឹក​មិន​ភ្លេច​ប្រភព​អ្នក​ជួយ​នោះឡើយ​»។

លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹង​ថា មធ្យោបាយ​ទឹក​ដឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​នេះ មាន​រថយន្ត​ចំនួន​៥​គ្រឿង គឺ​២​គ្រឿង​ជា​រថយន្ត​របស់​អង្គភាព​៧០ បាន​ចូលរួម គោយន្ត​៥​គ្រឿង រ៉ឺម៉ក​ម៉ូតូ​៥​គ្រឿង និង​រ៉ឺម៉ក​រុញ​ដៃ​ជាង​១០​គ្រឿង​ទៀត ដោយ​បាន​ដឹក​ទឹក​សរុប​ចំនួន​៨៥.០០០​លីត្រ ទៅ​ចែកចាយ​ទឹក​តាម​ផ្ទះ​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​៥​បាន​ចំនួន​៧២០​គ្រួសារ​គឺ ឃុំ​រលាប្អៀរ​៩៩​គ្រួសារ ឃុំ​គោក​បន្ទាយ​៣២៤​គ្រួសារ ឃុំ​អណ្តូង​ស្នាយ​១៤៣​គ្រួសារ ឃុំ​ទ្រា​ជើង​៦៥​គ្រួសារ និង​ឃុំ​គ្រាំង​លាវ​៧៨​គ្រួសារ​។ ដោយឡែក​នៅ​ក្នុង​ការ​ដឹក​ទឹក​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ទាំង​៧២០​គ្រួសារ ខាងលើ​នេះ លោក អ៊ុក រ៉ាប៊ុន បាន​ចំណាយ​ថវិកា​ទៅលើ​ប្រេង​រថយន្ត ទៅលើ​ការទិញ​ពី​ឡុង​៣០​លីត្រ​ថ្មីៗ​ចំនួន​៥០០​ពី​ឡុង អស់​ទឹកប្រាក់​ចំនួន​១៥០​ម៉ឺន​រៀល៕

លោក​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ និង​អាជ្ញាធរ​ខេត្ត​ស្រុក ចុះ​ចែក​ទឹក​ជូន​ប្រជា​ពលរដ្ឋ​ជាង​៧០០​គ្រួសារ លោក​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ និង​អាជ្ញាធរ​ខេត្ត​ស្រុក ចុះ​ចែក​ទឹក​ជូន​ប្រជា​ពលរដ្ឋ​ជាង​៧០០​គ្រួសារ លោក​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ និង​អាជ្ញាធរ​ខេត្ត​ស្រុក ចុះ​ចែក​ទឹក​ជូន​ប្រជា​ពលរដ្ឋ​ជាង​៧០០​គ្រួសារ