ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ត្រូវ​រថយន្តក្រុង​បុក​ស្លាប់​នៅ​នឹង​កន្លែង

ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ត្រូវ​រថយន្តក្រុង​បុក​ស្លាប់​នៅ​នឹង​កន្លែង



បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​រថយន្តក្រុង​បុក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​បុរស​វ័យ​ចំណាស់​រូប​នេះ​បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ហើយ​បាន​បត់​ឆ្វេង​ឆ្លង​ថ្នល់​ដោយ​មិនបាន​ប្រុងប្រយ័ត្ន ក៏​ត្រូវ​រថយន្តក្រុង​បុក​យ៉ាង​ពេញទំហឹង​តែ​ម្តង។

ហេតុការណ៍​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០នាទី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ប៉ោយយង់ ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង រវាង​រថយន្តក្រុងរ​បស់​ក្រុមហ៊ុន​លី​ហុង ជាមួយនឹង​ម៉ូតូ​ឌ្រី​ម។

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម មួយ​គ្រឿង​ធុន​C 125 ពណ៌​ខ្មៅ ស៊េរី​២០០៩ ពាក់​ស្លាក​លេខ​បាត់ដំបង 1E-3875 បើកបរ​ដោយ​ឈ្មោះ នូ​.​លឿម ភេទ​ប្រុស អាយុ ៧៤.​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ លុះ​ពេល​បើក​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​អ្នកបើកបរ​ម៉ូ​តូ​បាន​បត់​ឆ្លង​ផ្លូវ​ពី​កើ​តទៅ​លិច​បណ្តាល​ឲ្យ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុម​ហ៊ុ​ន លី​ហុង ដែល​កំពុង​បើក​មកពី​ក្រោយ បាន​បុក​តែម្តង​ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ដែល​រថយន្តក្រុង​នោះ​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7948 ហើយ​ភ្លាមៗ​នោះ​ដែរ​នៅមុន​ពេល​សមត្ថកិច្ច​ចុះទៅ​ដល់​គឺ​អ្នកបើកបរ​រត់​គេច​ខ្លួន​បាត់ស្រមោល។

បច្ចុប្បន្ន សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ៕