អាចារ្យ​អេ ចូលរួម​ជាមួយ​លោក សោម ឆាយា ជា​អ្នក​អត្ថាធិប្បាយ​នៅក្នុង​កម្មវិធី មតិផ្ទុយ

អ្នកធ្វើ​អត្ថាធិប្បាយ​បុ​ស្តិ៍​វិទ្យុ អេ​ប៊ី​ស៊ី​ដ៏​ល្បីល្បាញ ដែល​គេ​ស្គាល់​ថា អាចារ្យ​អេ នឹងចូលរួម​ជាមួយ លោក សោម ឆាយា នៅក្នុង​កម្មវិធី មតិផ្ទុយ ដែល​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន នៅ​សប្តាហ៍​ក្រោយនេះ។

កម្មវិធី ដែលមាន​ឈ្មោះថា «មតិផ្ទុយ» នឹង​ចាប់ផ្តើម​ធ្វើការ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ ចន្ទ ទី១៦ ខែឧសភា ដែល​នេះ​គឺជា​លើកដំបូង​របស់ អ្នកធ្វើ​អត្ថាធិប្បាយ​បុ​ស្តិ៍​វិទ្យុ លោក​អាចារ្យ​អេ  មាន​វត្តមាន​នៅលើ​កញ្ចក់​ទូរទស្សន៍។ កម្មវិធី​នេះ ក៏​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​ក្នុងពេល​តែមួយ​ទៅកាន់ បុ​ស្តិ៍​វិទ្យុ អេ​ប៊ី​ស៊ី ផងដែរ។

សព្វថ្ងៃនេះ អាចារ្យ​អេ មាន​ប្រជាប្រិយភាព និង​មាន​អ្នក​ចូលចិត្ត​ស្តាប់​គាត់​ជាច្រើន​នៅលើ​បុ​ស្តិ៍​វិទ្យុ អេ​ប៊ី​ស៊ី កម្ពុជា (Radio ABC Cambodia) ដែល​យើង​រំពឹងថា ប្រិយមិត្ត​ដែល​ចូលចិត្ត​ស្តាប់​វិទ្យុ អេ​ប៊ី​ស៊ី នឹងធ្វើ​ការតាមដាន​ទស្សនា​កម្មវិធី មតិផ្ទុយ នៅលើ​កញ្ចក់​ទូរទស្សន៍ PNN ផងដែរ។

បើតាម​ការលើកឡើងរ​បស់​លោក​អគ្គនាយករ​ង សោម ឆាយា ៖«យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ជាខ្លាំង ដែល​អាចារ្យ​អេ នឹងចូលរួម​ជាមួយ​ពួកយើង»។  លោក​បន្តថា៖«យើង​នឹងធ្វើ​ការផ្សាយ​ផ្ទាល់ អំពី​កិច្ចពិភាក្សា​ទៅលើ​ប្រធានបទសំខាន់ៗប្រចាំថ្ងៃ»។

តាមរយៈ​កម្មវិធី​នេះ នឹង​ផ្តល់ឱកាស​ដល់​សាធារៈណជន ទូរស័ព្ទ​ចូលរួម ដើម្បី​ចែករំលែក​អំពី មតិយោបល់ និង​សំណួរផ្សេងៗផងដែរ។ សម្រាប់​ទូរទស្សនិកជន និង​ប្រិយមិត្ត​បុ​ស្តិ៍​វិទ្យុ​ទាំងអស់ ដែល​ចង់​ចូលរួម​ជាមួយ​កម្មវិធី អាច​ហៅ​ទូរ​សព្ទ​ចូលរួម​តាមរយៈ​លេខ  070 23 10 10 / 012 23 10 10 ។

លោក​អាចារ្យ​អេ បាន​មានប្រសាសន៍ថា៖«“ខ្ញុំ​មាន​សេចក្តី​សប្បាយរីករាយ ដែល​នឹង​ក្លាយទៅជា​ផ្នែក​មួយ របស់​គម្រោង​កម្មវិធី​គួរ​ជាទី​ចាប់អារម្មណ៍​មួយ​នេះ។ ពួកយើង​រំពឹងថា ពួកយើង​នឹងធ្វើ​ជា​ប្រយោជន៍​សំខាន់​មួយ ជូន​ដល់​សង្គម​តាមរយៈ​កម្មវិធី​មួយ​នេះ»។

លោក​អាចារ្យ​អេ  និង​លោក សោម ឆាយា ដែល​កន្លង​មកជា​បុគ្គល​ដែលមាន​ការមើលឃើញ​បញ្ហា នៃ​រឿង​ខុសគ្នា ហើយ​កត្តា​នេះ អាច​នឹង​បង្ក​បរិយាកាស​កម្មវិធី ប្រកបទៅដោយ​ការជជែក​ដេញដោល​គ្នា គួរ​ជាទី​ចាប់អារម្មណ៍។

ភី​អិន​អិន បានចាប់ផ្តើម​ចាក់ផ្សាយ​ជា​ផ្លូវការ ពី​ខែ កក្កដា ២០១៥ ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ប្រភពផ្សេងៗជាច្រើន។

បុ​ស្តិ៍​វិទ្យុ អេ​ប៊ី​ស៊ី ធ្វើការ​ផ្សាយ​តាមរយៈ​រលកធាតុអាកាស (ហ្វ្រេ​កង់) 107.5 MHz ចាប់តាំងពី​ឆ្នាំ ២០០៧ មក ដែលមាន​ប្រិយមិត្ត​គាំទ្រ​ជាច្រើន​លាន​នាក់៕

(អត្ថបទ​ពាណិជ្ជកម្ម)