នារី​ឯក​អន្តរជាតិ​៣​រូប​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប

នារី​ឯក​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៥ មក​ពី​ប្រទេស​ចំនួន​៣ កំពុង​ធ្វើ​ទស្សនកិច្ច​រួម​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​ជា​តំបន់​សំបូរ​ទៅ​ដោយ​វប្បធម៌ និង​ប្រាសាទ​បុរាណ។

កាល​ពី​វេលា​ម៉ោង​ជាង ៩​ព្រឹក ថ្ងៃ​អង្គារ ទី​១០ ខែ​ឧសភា នារី​ឯក​អន្តរជាតិ ៣​រូប គឺ​កញ្ញា ជេស៊ីកា ភើតថ៍ (Jessica Peart) ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជា​ជនជាតិ​អូស្ត្រាលី កញ្ញា វើជីនៀ ប្រាក់ (Virginia Prak) ជាប់​ចំណាត់​ថ្នាក់​លេខ​២ ជា​ជនជាតិ​អាមេរិកាំង ដើម​កំណើត​ខ្មែរ និង​កញ្ញា ឡរ៉ា ម៉ាហ្វី (Lorra Marphy) ជនជាតិ​អៀរឡង់ (Ireland) បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ស្វែង​យល់​ពី​ប្រាសាទ​បុរាណ​នានា ព្រមទាំង​ប្រវត្តិសាស្ត្រ​ផង។

នារី​ឯក​ម្នាក់​ក្នុង​ចំណោម ២​នាក់​ទៀត គឺ​កញ្ញា វើជីនៀ ប្រាក់។ នាង​មាន​ប្រសាសន៍​នៅ​ពេល​ជួប​សំណេះសំណាល​នោះ​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​រូប​នាង​បាន​មក​ដល់​ខេត្ត​សៀមរាប បន្ទាប់​ពី​កាល​ពី​ខែ​មករា កន្លង​ទៅ​នាង​ធ្លាប់​មក​ម្ដង​រួចហើយ៖ «វត្តមាន​របស់ខ្ញុំ​នៅ​ខេត្ត​សៀមរាប ពេល​នេះ ក្នុង​បំណង​ស្វែង​យល់​ឱ្យ​ស៊ីជម្រៅ​អំពី​វប្បធម៌​ជា​សកល និង​វប្បធម៌​នៅ​តំបន់​អាស៊ី។ អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​គឺ​វប្បធម៌​ដ៏​សំបូរ​បែប ព្រម​ទាំង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​ប្រាសាទ​បុរាណ​នៃ​ប្រទេស​កម្ពុជា»

​អគ្គនាយក​រង​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ទេសចរណ៍ លោក សុខ សង្វា បាន​បង្ហាញ​ដល់​នារី​ឯក​ទាំង ៣​រូប អំពី​គម្រោង​ជួសជុល និង​ថែរក្សា​ប្រាសាទ​បុរាណ​នានា ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​សហគមន៍ ព្រម​អំពី​ក្រម​ប្រតិបត្តិ​អង្គរ សម្រាប់​អ្នក​ចូល​ទស្សនា​ផង​ដែរ។

នា​រី​ឯក​អន្តរជាតិ​ទាំង ៣​នាក់ មាន​គម្រោង​នឹង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ព្រមទាំង​ប្រាសាទ​បន្ទាយស្រី នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។