កើត​ជំងឺ​មហារីក​ខួរ​ក្បាល​មើល​មិន​ជា​ អាណិត​គ្រួសារ​ពេក​សុខចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង

កើត​ជំងឺ​មហារីក​ខួរ​ក្បាល​មើល​មិន​ជា​ អាណិត​គ្រួសារ​ពេក​សុខចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង



ពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​មាន​ជំងឺ​មហារីក​ខួរ​ក្បាល​ ព្យាបាល​យូរឆ្នាំ​មក​ហើយ​នៅតែ​មិន​ជា​ អាណិតប្តី​ខំប្រឹង​ធ្វើ​កម្មករ​ឲ្យ​គេ​ដើម្បី​រកលុយ​មក​ព្យាបាល​ ក៏​សម្រេច​ចិត្ត​បញ្ចប់​ជីវិត។

ហេតុ​ការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​ង​៨​និង​០០​នាទី​ព្រឹក ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ២០១៦ ​ស្ថិត​ក្នុង​ភូមិ​ចំការលើ ឃុំ​បឹង​ខ្នា ​ស្រុក​បាកាន ខេត្តពោធិ៍សាត់។

លោក ញៀន សាវឿន ​នាយ​ប៉ុ​ស្តិ៍​នគរបាល​មូលដ្ឋាន​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ថា រ៉េ​ន​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ មាន​គ្រួសារ​និង​កូន​ពីរ​នាក់​ក្នុង​បន្ទុក​រស់​នៅ​ភូមិ​កើតហេតុ​ខាងលើ​។

លោក​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​ពី​កម្លាំង​មូលដ្ឋាន​លោក​ ដែល​បាន​ដឹង​ពី​ស្ត្រី​ដែល​សម្រេចចិត្ត​អត្តឃាត​ខ្លួនឯង​នេះ គឺ​មាន​កូន​ពីរ​នាក់​ក្នុង​បន្ទុក​ដោយ​ប្ដី​របស់​ជនរងគ្រោះ​ជា​អ្នក​ស៊ី​ឈ្នួល​ធ្វើ​កម្មករ​រកលុយ​ចិញ្ចឹម​គ្រួសារ និង​ មើលជំងឺ​ប្រពន្ធ​រហូតដល់​ប្រទេស​វៀតណាម​ឯណោះ តែ​នៅតែ​មិន​ជា​ទោះ​គ្រួសារ​នេះ​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ណា​ក៏ដោយ​។

ដោយ​ទង្វើ​ហេតុ​ផល​គ្រប់បែប​យ៉ាង​នេះ​ហើយ​ ធ្វើ​ឲ្យ​ស្ត្រី​ជា​ជនរងគ្រោះ​ អាណិត​ប្ដី​និង​កូនៗ​ ក៏នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ ឆ្លៀត​ពេល​ប្ដី​និង​កូន​ចេញទៅ​ធ្វើកា​រកម្មករ​អស់ ស្ត្រី​នេះ​ក៏​បាន​ទាញ​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ប្រវែង​២.៥ម៉ែត្រ ឡើង​ចូល​ទៅ​ផ្ទះ​ខ្លួនឯង​ចង.ក​ក្បែរ​មាត់ទ្វារ​ផ្នែក​ខាងលិច​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​តែម្ដង។

លោក ញៀន សាវឿន​បន្ត​ថា ​ស្រប​ពេល​ដែល​ស្ត្រី​នោះ​សម្លាប់​ខ្លួន​ដោយ​ចង.ក​ រួច​ហើយ​ខាង​បងប្អូន​ក្រុមគ្រួសារ​ក៏​បានមក​មើល​ស្ត្រី​នេះ​ទើប​មាន​ការ​ផ្អើល​ឆោឡោ​ដល់​សមត្ថកិច្ច។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​បាន​ចុះ​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ស្ត្រី​រងគ្រោះ​ពិតជា​បាន​ចង.ក​សម្លាប់​ខ្លួនឯង​យ៉ាង​ពិតប្រាកដ​ពុំ​មាន​ពាក់ព័ន្ធ​អ្វី​ទេ ចំណែក​សព​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ៕