ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​បរិច្ចាគ​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

សៀមរាប៖ ជា​បន្តបន្ទាប់ មន្ទីរពេទ្យ​កុមារ​អង្គរ ទទួល​ថវិកា​ពី​សប្បុរសជន​នានា ពី​បណ្តា​ស្ថាប័ន​មួយចំនួន ដើម្បី​ទ្រទ្រង់​ថ្លៃ​ចំណាយ​របស់ខ្លួន។ មន្ទីរពេទ្យ​នេះ ធ្លាប់បាន​ប្រកាស​ពី​ហានិភ័យ ដែល​អាច​កើតមានឡើង ដោយសារ​កង្វះ​ហិរញ្ញវត្ថុ ក្នុង​ការបន្ត​ការព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ដល់​កុមារ​ក្រីក្រ​នៅ​ទូទៅ​ប្រទេស។

អស់​រយៈ​ជិត២០មកហើយ ដែល​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បើកទ្វារ​ជួយសង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​នៅ​កម្ពុជា។ មន្ទីរពេទ្យ​កុមារ​អង្គរ ដែលមាន​ទីតាំងនៅ​ខេត្តសៀមរាប ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាបនិក ជនជាតិ​ជប៉ុន អំឡុង​ពេលដែល​លោក​បានធ្វើ​ដំណើរ​មកកាន់​ខេត្តសៀមរាប និង​បានឃើញ​ពី​ទុក្ខលំបាក់​របស់​ប្រជាជន​ខ្មែរ ដែល​មិនទាន់មាន​សេវា​ព្យាបាល​ល្អប្រសើរ។

ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ជួយសង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​ជាច្រើន និង​បាន​ចាយ​ថវិកា​ខ្ទង់លាន​ដុល្លារ​ដុល្លារ។ ដូច​ទៅនឹង​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែរ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ស្វះ​ស្វែងរក​ជំនួយ​ពី​គ្រប់​បណ្តា​សប្បុរសជន ដើម្បី​បន្ត​បេសកកម្ម​ជួយ​ជីវិត​កុមារ​ក្រីក្រ​កម្ពុជា​ទៀត ដែល​ពួកគេ មិនមាន​លទ្ធភាព​រក​ការព្យាបាល​ដែលមាន​គុណភាព​ខ្ពស់។
នៅ​រសៀល​ថ្ងៃទី១០ ឧសភា ក្នុង​ចំណែក​ជួយ​បន្ត​បេសកកម្ម​របស់​ពេទ្យ​កុមារ​អង្គរ ក្រុម​សមាគម​ប្រតិបត្តិ​ករ​ទេសចរណ៍ នៅ​ទីក្រុង​សៀមរាប បាន​ប្រមូល​ថវិកា​ពី​សមាជិក​ខ្លួន ដែល​ក្រុម​នេះ​ធ្លាប់​បានធ្វើ​នាពេល​កន្លងមក។ បើតាម​ការបញ្ជាក់​ពី​តំណាង​ក្រុម​សមាគម​ប្រតិបត្តិ​ករ​ទេសចរណ៍ លោក ចាន់ សុភា ថវិកា​ដែល​យកមក​ជួយ​ពេទ្យ​កុមារ​អង្គរ​នៅពេលនេះ គឺ​បានមកពី​ការជួបជុំ​សមាជិក​ក្រុម​ខ្លួន ជា​លើក​ទី៦ នៅ​ភោជនីយដ្ឋាន សុ​ខៈ រី​វើ ដែល​សរុប​ទាំងអស់ មាន​ចំនួន ៥ពាន់​ដុល្លារ​អាមេរិក។

លោក Arjen Lann ប្រធាន​ប្រតិបត្តិ​ការណ៍​អាជីវកម្ម និង​ជា​តំណាង​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​កោតសរសើរ​ចំពោះ ការខិតខំ​ប្រឹងប្រែងរ​បស់​សប្បុរសជន មានដូចជា​សមាគម​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាដើម។ លោក​បន្ថែមថា នេះ​ជា​កាយវិការ​ដែល​បង្ហាញ​ពី​ការជួយ​គ្នា ជាពិសេស​ការងារ​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា។ លោក Lann បន្ថែមថា ថវិកា​ដែល​បាន​ពី​សប្បុរសជន​នានា គឺ​មិន​ត្រឹមតែ​សម្រាប់​ជួយ​កុមារ​ទេ ប៉ុន្តែ​មន្ទីរពេទ្យ​បាន​ចំណាយ​លើ​ការបណ្តុះបណ្តាល​បុគ្គលិក​ពេទ្យ ក៏ដូចជា​ជួយ​អាណាព្យាបាល​កុមារ នៅពេល​ពួកគេ​យក​កូន​មក​សម្រាក​ក្នុង​មន្ទីរពេទ្យម្តងៗ តាមរយៈ​ការ​ស្នាក់នៅ និង​ការ​ឲ្យ​ថ្លៃ​ធ្វើដំណើរ។ល។

ក្រៅពី​ក្រុម​ប្រតិបត្តិ​ករ​ទេសចរ​ណ៍ហើយ ក្នុងនោះ​ក៏មាន​សប្បុរសជន​មួយចំនួនទៀត ក៏បាន​ចូលរួម​ឧបត្ថម្ភ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ផងដែរ ក្នុងនោះ​មាន លោក សុខ វ៉ាត ព្រមទាំង​ក្រុមគ្រួសារ ដែល​ប្រមូលបាន​ពី​បុណ្យបច្ច័យបួន សរុប​ទឹកប្រាក់ ២,០៧៥ដុល្លារ លុយ​រៀល ចំនួន ៧លាន ៥សែន។ ក្រុម​សមាទានសីល មួយក្រុម សរុប​ទឹកប្រាក់ ៦០០ដុល្លារ៕