កម្មករ កម្ម​ការី​នី រោងចក្រ​កាត់ដេរ​ជាង​៤០០​នាក់​បាន​លើកគ្នា​ទៅ​ក្រសួង​ការងារ

រាជធានី​ភ្នំពេញ ៖ កម្មករ កម្ម​ការី​នី ប្រមាណ​ជាង​៤០០​នាក់​របស់​រោងចក្រ​កាត់ដេរ​ចំនួន​២ បាន​លើកគ្នា​ទៅ​កាន់​ក្រ​សូ​ង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ​ជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ដើម្បី​ទាមទារ​អោយ​លោក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​។ ការ​តវ៉ា​នេះ​ដោយ​ក្រុម​កម្មករ កម្ម​ការី​នី​បាន​លើក​បដា និង​រូប​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដោយ​ពួក​គេ​ឈរ​ត្រៀបត្រា​នៅ​មុខក្រសួង ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​សហ​ព​ន្ធ័​រុ​ស្សី ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រោងចក្រ ដែល​លើកគ្នា​តវ៉ា​នោះ​១ គឺ​រោងចក្រ លាន​ហាវ ដែល​មា​នទី​តាំងនៅ​ភូមិ​ឬ​ស្សី សង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មាន​កម្មករ​កម្ម​ការី​នី​ប្រមាណ​ជិត​៥០​នាក់ តំណាង​២០០​នាក់ បាន​ជិះ​រថយន្ត​លើកគ្នា​មក​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ដើម្បី​ទាមទារ​លក្ខ​ការងារ​ចំនួន​១៧​ចំណុច ដែល​ក្នុង​នោះ​ចំណុច​សំខាន់​ទាមទារ​ឲ្យ​តំណាង​កម្មករ ១៤​នាក់​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់ ឲ្យ​ចូល​ធ្វើការ​វិញ​។

តាម​តំណាង​កម្មករ​បាន​ឲ្យ​ដឹង​ថា​រោងចក្រ លាន ហាវ បាន​ផ្ទុះ​នូវ​ការ​តវ៉ា តាំងពី​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ដោយ​មុន​ដំបូង​នៅ​មុខ​រោងចក្រ  តែ​ពុំ​មានការ​ដោះស្រាយ ទទួលយក​តំណាង​របស់​កម្មករ ទើប​នាំ​គ្នា​លើកគ្នា​មក​ក្រសួង​តែ​ម្តង​។ នៅ​ព្រឹក​នោះ​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ​២០​នាក់ ចូល​ជួប​ដាក់​ញត្តិ និង​ពិភាក្សា​បញ្ហា​កូដកម្ម​នេះ ក្រោម​អធិបតីភាព លោក​ប្រាក់ ចាន់​ធឿ​ន អគ្គលេខាធិការ នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម គ្រប់មុខ​សញ្ញា ហើយ​លោក​ទទួលយក​ញាត្តិ ព្រមទាំង​សន្យា​ជួយ​ដោះស្រាយ​ឲ្យ​កម្មករ​។

ដោយឡែក រោងចក្រ​ទី​២​គី​រោងចក្រ ស៊ូ តុង​ហ្វា​ង មាន​កម្មករ​ប្រមាណ​២០០​នាក់ ដែល​មា​នទី​តាំងនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បាន​លើកគ្នា​ទៅ​កាន់​ក្រសួង​ការងារ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​១៥​នាទី​ព្រឹក ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​១៤​ចំណុច ដែល​មាន​ចំណុច​ពិសេស ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​មុន​រោងចក្រ​ប្តូរ​ឈ្មោះ​ពី ស៊ូ​តុង​ហ្វា​ង  ទៅ​ជា វ៉ា​ន់​លី​ន​ហ្សុ​ង​ហេង ។ នៅ​ព្រឹក​នោះ​តំណាង​កម្មករ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​សួរនាំ ហើយ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម គ្រប់មុខ​សញ្ញា​សន្យា​ថា​ចុះ​ទៅ​ដល់​រោងចក្រ​ជួយ​ដោះស្រាយ​ជួន​កម្មករ​៕