សិស្ស​ស្រី​ថ្នាក់​ទី​១២​វិទ្យាល័យ​ពងទឹក​ម្នាក់ ត្រូវ​ឃាតករ​សម្លាប់

រាជធានី​ភ្នំពេញ ៖ នាង​ក្រមុំ​ម្នាក់​ដែល​ជា​សិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​ពងទឹក ត្រូវ​បាន​ឃាតក​វាយ​សម្លាប់​នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង ដែល​សាងសង់​មិន​ទាន់​ហើយ ដែល​ផ្ទះ​នោះ​ត្រូវ​បាន​គេ​ទុក​ចោល​យូរ​ឆ្នាំ ។ ការ​ស្លាប់​របស់​នាង​ក្រមុំ​ខាងលើ មិន​ទាន់ ត្រូវ​បាន​ប្រភព​ណាមួយ អះអាង​ថា​បណ្ដាល​មក​ពី​រឿង​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង សង្ស័យ​ថា​ជា​អំពី​ឃាតកម្ម ប្លន់​សម្លាប់​យក​ម៉ូតូ ព្រោះ​នាងរង​គ្រោះ​បាន​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1AN-0301 ផង​ដែរ​។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​មួយ ដែល​សាងសង់​មិន​ទាន់​ហើយ និង​ត្រូវ​បាន​គេ​ទុក​ចោល​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ មិន​មាន​មនុស្ស​ស្នាក់​នៅឡើយ គឺ​មាន​សភាព​ស្ងាត់ជ្រងំ​តែ​ម្ដង​។ នាង​ក្រមុំ​រង​គ្រោះ​ឈ្មោះ វុន រ​ដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២D នៃ​វិទ្យាល័យ​ពងទឹក មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ស្នាម​របួស​បែក​រយះ​ក្បាល និង​ថ្ងាស​ច្រើន​កន្លែង ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះល្វែង​ខាងលើ​នោះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ក្មេង​ៗ​ឃ្វាលគោ បាន​ទៅ​កាន់​កន្លែង​កើតហេតុ​ហើយ​បាន​ប្រទះ​ឃើញ នាងរង​គ្រោះ​កំពុង​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម ពេល​នោះ​បានរ​ត់ទៅ​ប្រាប់​ចាស់​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដែល​ភ្លាម​ៗ​នោះ​នាង​នៅ​មាន​ដង្ហើម មិន​ទាន់​ស្លាប់​នៅឡើយ​។ លុះ​ក្រោយ​ពេល​ភ្ញាក់ផ្អើល​មួយសន្ទុះ សមត្ថកិច្ច​កំពុង​ចាត់ចែង ហៅ​រថយន្ត​ពេទ្យ ដើម្បី​ទៅ​ដឹក​យក​ទៅ​សង្គ្រោះ នាង​ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង ហើយ​សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ឃាតក​រំលោភ​នៅ​មុន​ពេល​សម្លាប់ ឬ​យ៉ាងណា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​សន្និដ្ឋាន​ថា ក្រុម​ឃាតក​គឺជា​អ្នក​ស្គាល់គ្នា ទើប​អាច​នាំ​នាង​ទៅ​សម្លាប់​នៅ​ទីនោះ​បាន​។

ក្រុម​គ្រួ​សារបាន​និយាយ​ថា នាងរង​គ្រោះ​បាន​ចេញពីផ្ទះ ទៅ​រៀន​នៅ​វិទ្យាល័យ​ពងទឹក ហើយ​ក៏​បាន​បាត់​រហូត​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ឪពុក​ម្ដាយ​មិន​បានដឹង​ថា ក្រៅពី​រៀនសូត្រ​កូនស្រី ហួស​ដើរ​លេង​ទៅ​ទីណា​ខ្លះ​នោះ​ទេ រហូត​ដល់​ពេល​កើតហេតុ ទើបត្រូវ​បាន​ក្មេង​ឃ្វាលគោ​ប្រទះ​ឃើញ​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម​។ ម្យ៉ាងទៀត​ក្រុម​គ្រួសារ​មិន​បាន និយាយ​ថា​នាង​ស្គាល់​នរណា​ខ្លះ​ទេ ទើបត្រូវ​គេ​នាំ​ទៅ​សម្លាប់​នៅ​ទីនោះ ដោយ​បុរស​ដែល​ជា​ឪពុក​គ្រាន់តែ​និយាយ​ថា កូន​ម្នាក់​នោះ និយាយ​មិន​ស្ដាប់ ប្រដៅ​មិន​តាម លទ្ធផល​គឺ​បែប​នឹង​៕