សម្តេច​តេ​ជោ ៖ ការបណ្តុះ​បណ្តាល​ធនធានមនុស្ស​គឺជា​អាទិភាព​សំខាន់​បំផុត

សម្តេច​តេ​ជោ ៖ ការបណ្តុះ​បណ្តាល​ធនធានមនុស្ស​គឺជា​អាទិភាព​សំខាន់​បំផុត



ភ្នំពេញ ៖ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​វ៉ាន់ដា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅតែ​បន្ត​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ ការបណ្តុះ​បណ្តាល​ធនធានមនុស្ស​ដែល ជា​អាទិភាព​សំខាន់​បំផុត ដើម្បី​កសាង​ប្រទេសជាតិ​អោយ​ឆាប់ រីកចម្រើន ជាមួយនឹង​ការ​កោតសរសើរ​ចំពោះ​និស្សិត​ដែល ខិតខំ​សិក្សា​រហូត​បានទទួល សញ្ញាប័ត្រ​ដោយ​ជោគជ័យ។

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៦ សម្តេច​បាន​សរសេរ​ថា “ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែលមាន កិត្តិយស​បាន​មក​ចូលរួម​ប្រគល់ សញ្ញាប័ត្រ​ដល់​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​ចំនួន ៤,១៧៤ នាក់ ”​។ សម្តេច​តេ​ជោ បាន​កោតសរសើរ និស្សិត​ទាំងអស់​ដែល បាន ខិតខំ​សិក្សា​រហូត​បាន​ទទួល សញ្ញាប័ត្រ និង​សូម​អរគុណ​ឪពុកម្តាយ អាណាព្យាបាល សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ដែល​បាន យកចិត្តទុកដាក់​គាំទ្រ និង​បង្ក​លក្ខណៈ ងាយស្រួល​គ្រប់ យ៉ាង​ដល់​កូន​ៗ​និស្សិត​រហូត​បាន បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ”។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សន្តិភាព​គឺ​បាន ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​យើង មាន​ឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ ស្រប​ទៅ​និង​ការចូលរួម ពី​វិស័យ​ឯកជន​ដែល​មិន​អាច​ខ្វះ​បាន​។ មិនតែប៉ុណ្ណោះ យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ បណ្តុះបណ្តាល​ធនធាន មនុស្ស​គឺជា​អាទិភាព​សំខាន់​បំផុត ដើម្បី​កសាង​ប្រទេសជាតិ​អោយ​ឆាប់ រីកចម្រើន​រួមបញ្ចូល​ជាមួយ​យុទ្ធសាស្ត្រ​ទឹក ផ្លូវ និង​ភ្លើង​។

ជាពិសេស សម្តេច បាន​សម្តែង នូវ​ការ​អបអរសាទរ​ចំពោះ​និស្សិត ដែល​បាន​បញ្ចប់​ការសិក្សា​ទាំងអស់ និង​បន្ត​ជំរុញ​ឲ្យ​ក្មួយ​ៗ និស្សិត​បន្ត​ខិតខំ​សិក្សា​ជា​បន្ត​ទៀត ព្រោះ​ការ​វិវឌ្ឍ​នៃ​ចំណេះដឹង និង​ការ​កសាង​សមត្ថភាព គឺ​គ្មាន​ដែន​កំណត់​ឡើយ ព្រោះ​សិស្ស​និស្សិត​ត្រូវ​ខិតខំ​រៀន​សូត្រ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស គឺជា​អាទិភាព​របស់​រា​ជ​រដ្ឋាភិបាល ការប្រើប្រាស់​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង រួម​ទាំង​សិទ្ធិ​បញ្ចេញមតិ និង​ដំណោះស្រាយ​គ្រប់​បញ្ហា ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់ និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ព្រឹក​ថ្ងៃទី ១០ ឧសភា ២០១៦​នោះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​នូវ​ប្រសាសន៍​សំខាន់ៗ​មួយ​ចំនួន រួមមាន សិស្ស​និស្សិត​ត្រូវ​ខិតខំ​រៀន​សូត្រ​បន្តទៀត ព្រោះ​សមត្ថភាព​ចំណេះដឹង​គ្មាន​ដែន​កំណត់​ឡើយ វា​ពិត​ជាមាន​សក្ដានុពល សម្រាប់​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​កាន់តែ​ល្អ​ប្រសើរ​។ មិន​តែ​ប៉ុណ្ណោះ យើង​បាន​ចូលរួម​ក្នុង​ការ បណ្តុះ​បណ្តាល​ធនធានមនុស្ស ដោយ​ការ​កសាង​នូវ​ចំណេះដឹង ឲ្យ​កាន់តែ​ទូលំទូលាយ ព្រោះ​វា​គឺជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល ដែល​ដើរ​ស្រប​ជាមួយ​យុទ្ធសាស្ត្រ ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង រួម​ទាំង​សិទ្ធិ​បញ្ចេញមតិ គឺ​ត្រូវមាន​ការទទួលខុសត្រូវ ហើយ​មិន​ត្រូវ​រំលោភ​លើ​សិទ្ធិ​អ្នកដទៃ ជាពិសេស​ការ​បញ្ចេញមតិ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សុវត្ថិភាព​សង្គម​ដូចជា “​ចលនា​អាវ​ខ្មៅ​” ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ច័ន្ទ ទី​០៩ ខែឧសភា​នេះ នៅ​ទីក្រុង​ភ្នំពេញ​។

សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​ថា អ្នក​ដែល​បាន​ឧបត្ថម្ភ ថវិកា​បោះ​អាវ​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្វើ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ផង ដែរ ហើយ​អ្នក​ឧបត្ថម្ភ​ថវិកា​នោះ គឺ​ត្រូវ​បាន​ស្គាល់​មុខ​អស់ហើយ។

ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​មានប្រសាសន៍ថា តួនាទី​រាជរដ្ឋាភិបាល​កម្ពុជា​គឺ ត្រូវតែ​ធានា ថែរក្សា និង​ការពារ​សន្តិភាព ស្ថេរភាព​សង្គម ដើម្បី​បង្កើន​ឱកាស​អភិវឌ្ឍ​ប្រទេសជាតិ​។ ចំពោះ​បុគ្គល​ណា​ដែល​ធ្វើ​ខុស គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ព្រោះ​ទម្រាំ​មាន​សន្តិភាព​ពេញលេញ​មក​ទល់​ពេល​នេះ ប្រទេស​កម្ពុជា​គឺ​បាន​ធ្វើ​ការ​យ៉ាង​លំបាកលំបិន​វេទនា ពុះពារ ឧបសគ្គ​គ្រប់​បែប​យ៉ាង និង​បាន​ពលី​ជីវិត​មនុស្ស​ច្រើន ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​៧០ ដល់​ចុងឆ្នាំ​ទសវត្សរ៍​ឆ្នាំ​៩០៕