សង្គ្រាម​ទម្លាក់​អាសាដ​នឹង​បន្ត បើ​អន្តរកាល​នយោបាយ​មិន​កើតឡើង​ក្នុង​ខែសីហា​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃែ​រី បានដាក់​ឱសានវាទ​ដល់​ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់​អាសាដ ឲ្យ​បង្កើត​សម័យ​អន្តរកាល​នយោបាយ​មួយ​ត្រឹម​ខែសីហា​ខាងមុខ​។ បើ​មិន​ដូច្នេះ អាមេរិក​អាច​នឹង​ប្រើប្រាស់​វិធានការ​ថ្មី​ដើម្បី​បញ្ចប់សង្គ្រាម​បង្ហូរឈាម​គ្នា​នៅ​ស៊ី​រី ដែល​វិធានការ​នោះ​អាចជា​ការបន្ត​សង្គ្រាម​ទម្លាក់​អាសាដ ពី​តំណែង​។​

​រដ្ឋាភិបាល​ស៊ី​រី​របស់លោក បា​សា អាល់​អាសាដ ត្រូវបង្កើត​ឲ្យ​បាន​នូវ​សម័យ​អន្តរកាល​នយោបាយ​មួយ​នៅត្រឹម​ខែសីហា​នេះ​។ នេះ​ជា​ឱសានវាទ​ដែល​ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃែ​រី កំណត់​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​អនុវត្ត​។​

​លោក ច​ន ឃែ​រី បាន​បញ្ជាក់ថា បើសិន​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស បរាជ័យ​ក្នុង​រៀបចំ​ឲ្យ​មាន​អន្តរកាល​នយោបាយ ត្រឹម​ខែសីហា សហរដ្ឋអាមេរិក​នឹង​ប្រើប្រាស់​មធ្យោបាយ​ថ្មី​ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​បង្ហូរឈាម​គ្នា​ជាង ៥​ឆ្នាំ​មកហើយ​នោះ​។​

​ប​ច្ច​ប្បន្ន​នេះ​ទាំង​អាមេរិក​ក្តី និង​រុស្ស៊ី​ក្តី​បាន​ឯកភាពគ្នា​ថា នឹង​បន្តធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​មួយ​ដ៏​សមរម្យ​សម្រាប់​បញ្ចប់សង្គ្រាម​ស៊ី​រី តែ​រុស្ស៊ី​មិន​គាំទ្រ​ការបណ្តេញ​អាសាដ​ពី​តំណែង​ឡើយ​។ រុស្ស៊ី​ថ្លែង​ជារឿយៗ​ថា បញ្ហា​ផ្ទៃក្នុង​និង​ជោគវាសនា​ស៊ី​រី​គួរតែ​សម្រេច​ដោយ​ប្រជាជន​ស៊ី​រី​ចុះ មិនមែន​អ្នក​ក្រៅ​ដូច​អាមេរិក​ឬ​រុស្ស៊ី​ឡើយ​។​

​ទាក់ទិន​ការដាក់​ឱសានវាទ​ដល់​លោក អាសាដ នេះ អ្នកវិភាគ​មួយចំនួន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​បន្ត​ប្រើប្រាស់​នយោបាយ​ជ្រៀតជ្រែក​និង ដាក់​កំណត់​ឲ្យ រដ្ឋ​អធិបតេយ្យ​មួយ ដែលមាន​មេដឹកនាំ​ដែល​ឡើងមក​កាន់អំណាច​តាមរយៈ​ការបោះឆ្នោត​ត្រឹមត្រូវ​នោះ​នោះ​ត្រូវ​ធ្វើតាម​ខ្លួន​ទៅវិញ​។

​ប៉ុន្តែ​ការដាក់​ឱសានវាទ​នេះ អាចជា​ការដាក​សម្ពាធ​មួយ​ដែល​សម្រាប់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស ព្រោះ​ការ​ចរច​សន្តិភាព​ក្រុង​ហ្សឺ​ណែវ​ជាប់គាំង ខណៈ​ការប្រយុទ្ធ​គ្នា​កើនឡើង​គំរាមកំហែង​បទ​ឈប់​បាញ់​អាមេរិក​និង​រុស្ស៊ី​សម្រេចបាន​ចុងខែ​កុម្ភៈ​កន្លងទៅ​។ កងទ័ព​រដ្ឋាភិបាល​អាសាដ កាលពី​ថ្មីៗ​បាន​ទម្លាក់​គ្រាប់​លើ​កន្លែង​ជំរំ​ជនភៀសខ្លួន​នៅជាប់​ព្រំដែន​តួ​ក​គី​ថែម​ទៀតផង​។​

​មធ្យោបាយ​ថ្មី​នេះ នឹងត្រូវ​អនុវត្ត​បើ​ការចរចា​បរាជ័យ​​ត្រលប់មក​ផ្តោតលើ​មធ្យោបាយ​ថ្មី​របស់លោក ច​ន ឃែ​រី វិញ​ម្តង​។ តាមពិតទៅ គេ​មិន​បានដឹង​ច្បាស់​ឡើយ​ថា តើ​អ្វី​ទៅជា​មធ្យោបាយ​ថ្មី​ដែល​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​ប្រើប្រាស់​ដើម្បី​ឆ្លើយតប​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស បើសិនជា​សម័យ​អន្តរកាល​នយោបាយ​នោះ​មិនអាច​កើតឡើង​ក្នុង​ខែសីហា​តាម​ការកំណត់​ទេនោះ​។ សូម្បីតែ​លោក ឃែ​រី ខ្លួនឯង​ក៏​មិនបាន​បកស្រាយ​ឡើយ ជុំវិញ​មធ្យោបាយ​ថ្មី​ដែល​អាមេរិក​ត្រៀម​ប្រើប្រាស់​នេះ​។​

​ប៉ុន្តែ មធ្យោបាយ​ដែល​អាមេរិក​ប្រើប្រាស់​ដើម្បី​បញ្ចប់សង្គ្រាម​នោះ​អាចជា​ការប្រើប្រាស់​សេណា​រី​យ៉ូ​ដដែល ដែល​អាមេរិក​ធ្លាប់​អនុវត្ត​នៅ​លី​ប៊ី​។​តែបើ​ដល់​ដំណាក់កាល​ប្រើប្រាស់​យុទ្ធសាស្ត្រ​បែបនេះ វា​មានន័យថា ការចរចា​សន្តិភាព​បរាជ័យ​ទាំងស្រុង ហើយ​វា​គ្មាន​ដំណោះស្រាយ​នយោបាយ​អ្វី​ទៀត​ទេ​។

​អ្វីដែល​ក្រុង​វ៉ាស៊ីនតោន បន្ត​អន្តរាគមន៍​ដោយ​ជួយ​ក្រុម​ឧទ្ទាម​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​ទន់ខ្សោយ​។ បើ​និយាយ​ដល់​ការស្នើ​ឲ្យ​សភា​អនុញ្ញាត​បើ​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​បញ្ជូន​កងទ័ព​អាមេរិក​បន្ថែម​ទៅកាន់​ប្រទេស​ស៊ី​រី ទំនងជា​មិនអាច​ធ្វើទៅ​រួច​ឡើយ​។ តែ​អន្តរាគមន៍​របស់​អង្គការ​ណា​តូ​ដូច​នៅ​លី​ប៊ី​ប្រហែលជា​អាចធ្វើ​ទៅបាន​បើសិន​របប​ដឹកនាំ​អាសាដ​ចុះខ្សោយ​។ ដូច្នេះ សហរដ្ឋអាមេរិក​អាច​នឹង​បន្ត​សហការ​ជាមួយ​រដ្ឋ​ឈូង​សមុទ្រ​ជាពិសេស​អា​រ៉ា​ប៊ី​សា​អូឌីត ក៏ដូចជា​តួ​ក​គី និង​មិត្ត​ផ្សេងទៀត​ដើម្បី​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​សព្វាវុធ​ដល់​ក្រុម​ឧទ្ទាម​និង​ក្រុមប្រឆាំង​រដ្ឋាភិបាល​ដើម្បី​បន្ត​ប្រយុទ្ធ​គ្នា​ទៀត​។

​សង្គ្រាម​ស៊ី​រី​ដែល​រលត់​បន្តិចៗ​ហើយនឹង​ឆេះ​ខ្លាំង​ជាថ្មី  ហើយ​ស៊ី​រីនឹង​កាន់តែ​បែកបាក់​ជា​ខ្ញែក​។ ហើយ​ការប្រយុទ្ធ​បង្ហូរឈាម​គ្នា​នឹង​បន្ត​ទៅមុខទៀត​រហូតដល់​ភាគី​ណាមួយ​អស់​ច្រក​។ តែ​វា​មិនដឹង​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ឡើយ​។ តែ​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ស៊ី​រី ហាក់បីដូចជា​រឹងមាំ​ទៅហើយ​ពេលបច្ចុប្បន្ន ហើយ​រឿង​ដែល​សំខាន់​រុស្ស៊ី និង​អ៊ីរ៉ង់​នៅ​បង្ហាញ​ជំហរ​គាំទ្រ​លោក អាសាដ មិន​ឲ្យ​លោកខាងលិច​ទម្លាក់​ស្រួលៗ​ដូច​នៅ​លី​ប៊ី​ឡើយ​។​